សមាជិកសភាគណបក្សប្រឆាំងម្នាក់បាននិយាយកាលពីម្សិលមិញថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើច្បាប់បោះឆ្នោតថ្មីចំនួនពីរកាលពីសប្ដាហ៍មុន ដែលមិនប្រកាសជាសាធារណៈ ដែលបានចូលជាធរមានដ៏ចម្រូងចម្រាស។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “ច្បាប់ទាំងពីរនេះត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី២៦ ខែមីនា ហើយច្បាប់ទាំងពីរនេះបានចូលជាធរមាននៅថ្ងៃដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើច្បាប់ទាំងពីរនេះ”។
លោក បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា លោកមិនច្បាស់ថា តើព្រះមហាក្សត្រ សីហមុនី ដែលបច្ចុប្បន្ននេះព្រះអង្គគង់នៅទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះសុខភាពបានឡាយព្រះហស្តលេខាលើច្បាប់នេះដោយរបៀបណានោះឡើយ ប៉ុន្តែបានលើកឡើងថា លោកបានឃើញព្រះហស្តលេខារបស់ព្រះមហាក្សត្រនៅលើច្បាប់ទាំងពីរនេះ។
អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះក៏បានលើកឡើងផងដែរថា ច្បាប់ទាំងពីរនេះដែលចាត់ទុកថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញដោយអង្គការសង្គមស៊ីវិលមួយចំនួន ដោយសារមាត្រាមួយចំនួនដាក់កម្រិតទៅលើការបញ្ចេញមតិអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ ត្រូវបានពិនិត្យដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយបានអនុម័តដោយគ្មានការកែប្រែអ្វីឡើយ។
លោក បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “ពិតមែនហើយ ច្បាប់ទាំងពីរនេះត្រូវបានពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយមិនមានការកែប្រែអ្វីឡើយ”។
លោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ច្បាប់ទាំងពីរនេះនឹងអនុញ្ញាតឲ្យបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលមានពីរគណបក្សនៅពេលសមាជិកប្រាំបួនរូបរបស់ស្ថាប័ននេះចូលកាន់តួនាទីរបស់ខ្លួន ដោយការជ្រើសរើសតួនាទីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងជ្រើសរើសសមាជិករបស់ខ្លួនបួនរូបម្ខាងសម្រាប់ស្ថាប័នថ្មីនេះ។
លោក អ៊ា ផារ៉ាឌី ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិករដ្ឋសភាបានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានការដាក់ពាក្យសុំសម្រាប់តួនាទីទាំងនេះទេមកដល់ថ្ងៃម្សិលមិញ ប៉ុន្តែថា មនុស្សជាច្រើនបានមកយកឯកសារដើម្បីដាក់ពាក្យ។
លោក ផារ៉ាឌី បានមានប្រសាសន៍ថា រហូតមកទល់ថ្ងៃនេះ យើងមិនទាន់ទទួលបានការដាក់ពាក្យសុំណាមួយនៅឡើយទេ ប៉ុន្តែយើងបានចែកទម្រង់ដាក់ពាក្យសុំជាច្រើនដល់មនុស្សជាង៣០នាក់ រួមទាំងឥស្សរជននយោបាយ សមាជិកអង្គការសង្គមស៊ីវិល និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្នមួយចំនួនទៀត”៕ សារុន