លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីម្សិលថា ក្នុងពេលឆាប់ៗនេះតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សលោកនឹងស្នើឲ្យមានការពិភាក្សាឡើងវិញលើច្បាប់កំណែទម្រង់តុលាការដ៏ចម្រូងចម្រាសទាំងបី ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីឆ្នាំមុនអំឡុងការធ្វើពហិការមិនចូលសភារបស់គណបក្សប្រឆាំង។
នៅក្នុងពិធីប្រារព្ធខួបនៃការបោកគ្រាប់បែកលើបាតុកម្មមួយរបស់គណបក្សប្រឆាំង ដែលបានសម្លាប់មនុស្ស១៦នាក់កាលពីខែមីនា ឆ្នាំ១៩៩៧ លោក កឹម សុខា បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ទាំងបីនេះគឺជាអាទិភាពរបស់គណបក្សសង្គ្រោះជាតិ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបង្កើតឡើងនៅពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
លោកបានមានលើកឡើងទៀតថា “នៅពេលយើងបញ្ចប់បញ្ហាបោះឆ្នោតដោយការធ្វើវិសោធនកម្មច្បាប់នេះ និង គ.ជ.ប. យើងនឹងធ្វើកំណែទម្រង់ស្ថាប័នជាតិនានាតាមរយៈការធ្វើឲ្យមានតុល្យភាពរវាងស្ថាប័នទាំងបី គឺអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ។ នៅពេលអនាគតវានឹងចាំបាច់សម្រាប់គណបក្សសង្គ្រោះជាតិទាមទារការធ្វើវិសោធនកម្មច្បាប់ទាំងបីពាក់ព័ន្ធនឹងតុលាការ មានន័យថា ច្បាប់ដែលទើបអនុម័តថ្មីៗទាំងនោះមិនអាចជំរុញឲ្យតុលាការឯករាជ្យបានទេ។ គណបក្សសង្គ្រោះជាតិនឹងរៀបចំស្នើឲ្យធ្វើវិសោធនកម្មតាមរយៈការពិគ្រោះជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន។ បើយើងចង់ផ្លាស់ប្ដូរប្រព័ន្ធតុលាការ យើងត្រូវតែចាប់ផ្ដើមដោយការធ្វើវិសោធនកម្មច្បាប់ទាំងបីនេះសិន”។
ច្បាប់ស្ដីពីការរៀបចំតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានអនុម័តដោយរដ្ឋសភាឯកបក្សដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកាលពីខែឧសភាឆ្នាំមុន។
នៅពេលនោះ តំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភាដែលមាន១២៣អាសនៈឡើយ ដើម្បីតវ៉ាចំពោះការលួចបន្លំនៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ហើយតំណាងរាស្ត្រសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច ក៏បានអនុម័តច្បាប់ទាំងនេះឡើង។
ច្បាប់ទាំងបីនេះបានរងការរិះគន់ដោយសារតែវាត្រូវបានព្រាងឡើងដោយមានការពិគ្រោះយោបល់ជាសាធារណៈតិចតួច និងការពង្រឹងបទប្បញ្ញត្តិមួយចំនួនដែលបណ្ដាអ្នករិះគន់និយាយថា គំរាមកំហែងដល់ភាពឯករាជរបស់តុលាការតាមរយៈការអនុញ្ញាតឲ្យអង្គនីតិប្បញ្ញត្តិលូកដៃចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការ។
ក្នុងចំណោមបទប្បញ្ញត្តិដែលមានភាពចម្រូងចម្រាសជាងគេ គឺបទប្បញ្ញត្តិមួយដែលដាក់ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌គ្រប់គ្រងលើឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នដែលទទួលខុសត្រូវចំពោះការតែងតាំង ត្រួតពិនិត្យ និងដាក់ពិន័យចៅក្រមក្នុងប្រទេសកម្ពុជា។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា សាធារណជនកុំគួររំពឹងថា ច្បាប់តុលាការទាំងបីនេះនឹងត្រូវធ្វើវិសោធនកម្មទាំងស្រុងអី ប៉ុន្តែថា គណបក្សប្រឆាំងនឹងព្យាយាមបញ្ចុះបញ្ចូលគណបក្សប្រជាជនកម្ពុជាឲ្យធ្វើវិសោធនកម្មចំណុចសំខាន់ៗ។
លោកបានមានប្រសាសន៍ទៀតថា “អ្វីដែលគាត់បានមានប្រសាសន៍មានន័យថា [គណបក្សសង្គ្រោះជាតិ] ចង់ធ្វើវិសោធនកម្មចំណុចខ្វះចន្លោះមួយចំនួននៅក្នុងច្បាប់ទាំងនោះដើម្បីឲ្យវាប្រសើរឡើង។ មានចំណុចខ្វះចន្លោះជាច្រើននៅក្នុងច្បាប់ទាំងនេះ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញខាងច្បាប់ និងអង្គការសង្គមស៊ីវិល”។
ប៉ុន្តែលោកបានទទួលស្គាល់ថា ការធ្វើវិសោធនកម្មណាមួយត្រូវពឹងផ្អែកលើការគាំទ្រពីតំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងបន្តថា “ក្រោមកាលៈទេសៈនេះ វាពិតជាមានការពិបាកណាស់ប្រសិនបើសំឡេងភាគច្រើនមិនចង់ធ្វើ”។
លោក សុខ ឦសាន និងលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សុទ្ធតែបដិសេធមិនឆ្លើយបំភ្លឺជុំវិញការលើកឡើងរបស់លោក កឹម សុខា។
លោក សួន បុនធឿន មន្ត្រីសម្របសម្រួលផ្នែកឃ្លាំមើលសវនាការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានរិះគន់ច្បាប់តុលាការទាំងនេះកាលពីឆ្នាំមុន បានមានប្រសាសន៍ថា លោករីករាយដែលគណបក្សប្រឆាំងពិនិត្យផ្ទៀងផ្ទាត់ច្បាប់ទាំងនេះឡើងវិញ។
លោកមានប្រសាសន៍ទៀតថា គណបក្សសង្គ្រោះជាតិគួរតែផ្ដោតលើការផ្ដល់ភាពឯករាជដល់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីឲ្យស្ថាប័ននេះរួចផុតពីកណ្ដាប់ដៃរបស់អង្គនីតិប្រតិបត្តិ និងដើម្បីផ្ដល់លទ្ធភាពឲ្យស្ថាប័ននេះអាចគ្រប់គ្រងតុលាការបានដោយគ្មានការភ័យខ្លាចចំពោះប្រតិកម្មពីសំណាក់មន្ត្រីមានអំណាច។
លោកបានលើកឡើងបន្តថា “ពួកគេចាំបាច់ត្រូវពិនិត្យមើលរបៀបញែកអំណាចចេញពីគ្នា។ រឿងដែលសំខាន់គឺថា ឧទាហរណ៍ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមគួរតែឯករាជ្យ ហើយមិនគួរជ្រើសតាំងដោយរដ្ឋាភិបាលឡើយ។ ប្រសិនបើពួកគេត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាល អង្គនីតិប្រតិបត្តិនៅតែមានអំណាចគ្រប់គ្រងលើប្រព័ន្ធតុលាការ”។
លោក សុខ សំអឿន ជាមេធាវីដ៏លេចធ្លោមួយរូប និងជាអតីតប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាលជំនួយផ្នែកច្បាប់ បានមានប្រសាសន៍ថា គណបក្សប្រឆាំងគួរតែព្យាយាមចែងឲ្យបានច្បាស់លាស់អំពីការទទួលខុសត្រូវរបស់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរនៅក្នុងប្រព័ន្ធតុលាការ។
លោកបានថ្លែងថា “វាជាការប្រសើរក្នុងការធ្វើឲ្យទំនាក់ទំនងរវាងព្រះរាជអាជ្ញា និងចៅក្រមកាន់តែមានភាពច្បាស់លាស់។ ពេលនេះតួនាទីរបស់ព្រះរាជអាជ្ញាមិនច្បាស់លាស់ទេ ហើយពួកគេគួរតែបែងចែកការងាររវាងចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញា”។
លោកបានបញ្ជាក់ថា ការតម្រូវឲ្យចៅក្រមស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌដែលពួកគេត្រូវបើកជំនុំជម្រះជាក្រោយ អាចនាំឲ្យចៅក្រមទាំងនោះធ្វើការសន្និដ្ឋានមុនពេលពួកគេទទួលបានអង្គហេតុទាំងអស់សម្រាប់ចេញសេចក្ដីសម្រេចទៅទៀត។ លោកបានបន្តថា “កត្តានេះបង្កឲ្យមានបញ្ហាជាច្រើន ខណៈព្រះរាជអាជ្ញាហាក់ដូចជាមិនសូវសកម្មនឹងការងារ”៕ សុខុម