ខណៈជនភៀសខ្លួនដែលត្រូវបានឃុំខ្លួនដោយប្រទេសអូស្ត្រាលីនៅលើប្រទេសដែនកោះណូរូស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិកបន្តច្រានចោលការតាំងទីលំនៅថ្មីនៅក្នុងប្រទេសកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់បានសំដែងការជំទាស់ស្រដៀងនេះថា ពួកគាត់មិនចង់ឃើញជនភៀសខ្លួនណាមួយត្រូវបានបញ្ជូនមកប្រទេសកម្ពុជាឡើយ។
កាលពីខែកញ្ញា រដ្ឋាភិបាលក្រុងកង់បេរ៉ា និងរដ្ឋាភិបាលក្រុងភ្នំពេញបានចុះហត្ថលេខាលើកច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឲ្យជនភៀសខ្លួនដែលត្រូវបានបញ្ជូនទៅឃុំឃាំងនៅលើប្រទេសដែនកោះណូរូ ដើម្បីរង់ចាំគេរៀបចំពាក្យសុំសិទ្ធិជ្រកកោនឲ្យនោះ តាំងទីលំនៅថ្មីក្នុងប្រទេសកម្ពុជាដោយផ្អែកលើការស្ម័គ្រចិត្ត។ ជាថ្នូរនឹងកិច្ចព្រមព្រៀងនេះ ប្រទេសអូស្ត្រាលីបានសន្យាផ្តល់ជំនួយបន្ថែមក្នុងទឹកប្រាក់៣៥លានដុល្លារសម្រាប់រយៈពេលបួនឆ្នាំ។
កិច្ចព្រមព្រៀងនេះត្រូវបានរិះគន់យ៉ាងខ្លាំងដោយអង្គការសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនៅក្នុងប្រទេសទាំងពីរ។ ដំណើរទៅកាន់ប្រទេសណូរូរបស់មន្ត្រីកម្ពុជាក្នុងពេលថ្មីៗនេះមិនអាចបញ្ចុះបញ្ចូលជនភៀសខ្លួនប្រហែល៤០០នាក់ ដែលរស់នៅក្នុងសហគមន៍មួយឲ្យយល់ព្រមមកតាំងទីលំនៅថ្មីនៅប្រទេសកម្ពុជាបានឡើយ។
ហើយពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៏ទំនងជាសំដែងការជំទាស់ស្រដៀងនេះដែរ។
នៅក្នុងកិច្ចសម្ភាសមួយចំនួនដែលត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ គ្មាននរណាម្នាក់សំដែងការគាំទ្រចំពោះផែនការនេះឡើយ រួមទាំងអ្នករត់រ៉ឺម៉ក់មូ៉តូកង់បី ឱសថការី និងម្ចាស់ហាងបោកអុ៊តជាដើមផងដែរ។
អ្នកស្រី ព្រំ ចន្ធី អាយុ៣០ឆ្នាំ ដែលគ្រប់គ្រងភោជនីយដ្ឋានរបស់ឪពុកខ្លួននៅតាមបណ្តោយផ្លូវលេខ១៧៨ ក្នុងខណ្ឌដូនពេញបានលើកឡើងថា កម្ពុជាក្រខ្លាំងណាស់មិនអាចទទួលយកជនភៀសខ្លួនរបស់អូស្ត្រាលីបានឡើយ។
អ្នកស្រី ចន្ធី បាននិយាយថា “យើងខ្លាចក្រែង ពួកគេ [ជនភៀសខ្លួន] នឹងបង្កបញ្ហា ដូចជាធ្វើឲ្យកើតមានអំពើភេរវកម្ម និងអសន្តិសុខនៅក្នុងប្រទេសរបស់យើងជាដើម ព្រោះយើងមិនស្គាល់ប្រវត្តិរបស់ពួកគេឡើយ”។
អ្នកស្រីបាននិយាយបន្ថែមថា “ខ្ញុំនឹងមិនជួលពួកគេមកធ្វើជាបុគ្គលិកឡើយ ព្រោះខ្ញុំចង់ជួយពលរដ្ឋខ្មែរ។ យើងនឹងឃើញថា និស្សិតខ្មែរមួយចំនួននឹងគ្មានការងារធ្វើនៅពេលពួកគេបញ្ចប់ការសិក្សា”។
ជាងចម្លាក់ម្នាក់ដែលមានរោងជាងនៅតាមបណ្តោយផ្លូវលេខ១៩ ហើយប្រាប់ឈ្មោះត្រឹមតែថា ពៅ នោះបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនអាចផ្តល់អ្វីៗគ្រប់គ្រាន់សម្រាប់ពលរដ្ឋខ្លួនផង។
ជាងចម្លាក់អាយុ៣៣ឆ្នាំរូបនេះបាននិយាយថា “ពលរដ្ឋយើងមិនមានផ្ទះសំបែងត្រឹមត្រូវឡើយ អ្នកខ្លះរស់នៅតាមចិញ្ចើមផ្លូវ។ ប្រទេសអូស្ត្រាលីគឺជាប្រទេសអ្នកមាន ហើយគេមានច្បាប់ល្អ ហើយគេអាចមើលថែទាំជនភៀសខ្លួនបានល្អជាងកម្ពុជា”។
នៅក្នុងភាពយន្តឯកសារខ្លីមួយចេញកាលពីសប្តាហ៍មុនដោយអង្គការ Welcome to Australia ជាអង្គការតស៊ូមតិ មួយមានមូលដ្ឋាននៅក្នុងទីក្រុង Adelaide ពលរដ្ឋខ្មែរដែលត្រូវបានសម្ភាសបានសំដែងអារម្មណ៍ស្រដៀងៗគ្នា។ ភាពយន្តឯកសារនេះរៀបរាប់ពីអ្នកចម្រៀងខ្មែរវ័យក្មេងម្នាក់ដែលជួបជាមួយពលរដ្ឋខ្មែរទាំងនៅក្នុងរាជធានី និងនៅតាមទីជនបទ។
ស្ត្រីម្នាក់នៅក្នុងខេត្តព្រៃវែងដែលមិនបញ្ចេញឈ្មោះនៅក្នុងខ្សែភាពយន្តឯកសារ បានរៀបរាប់ពីរបៀបដែលខ្លួន និងកូនវ័យជំទង់ពីរនាក់ដែលសុទ្ធតែជាពលករចំណាកស្រុកនោះតស៊ូដើម្បីរកប្រាក់ឲ្យបានត្រឹមតែគ្រប់សម្រាប់មួយថ្ងៃ។
ស្ត្រីរូបនេះបាននិយាយថា ”ខ្ញុំមិនយល់សោះហេតុអ្វីបានគេចង់បញ្ជូនជនភៀសខ្លួនមកប្រទេសយើង ខណៈយើងមានពលរដ្ឋច្រើនរួចទៅហើយនោះ”។
នៅពេលត្រូវបានសួរថា តើអ្នកស្រីនឹងទទួលយកជនភៀសខ្លួនឲ្យចូលមកសហគមន៍របស់ខ្លួនដែរ ឬទេ ស្ត្រីរូបនេះបាននិយាយថា គាត់មិនអាចជួយពួកគេបានទេ។
លោក Joel Polkinghorne ជាជនជាតិអូស្ត្រាលី និងជាអ្នកដឹកនាំថតភាពយន្តឯកសារនេះបានលើកឡើងថា លោកនឹងអ្នករួមការងារផ្សេងទៀតបាននិយាយជាមួយពលរដ្ឋខ្មែរមួយចំនួនអំពីបញ្ហានេះ មិនមែនត្រឹមតែអ្នកដែលចូលរួមថតនៅក្នុងភាពយន្តឯកសារនេះឡើយ ខណៈកំពុងថតភាពយន្តឯកសាររយៈពេលជាងពីរសប្តាហ៍កាលពីខែមករា ។
លោកបានមានប្រសាសន៍ថា “ពួកគាត់ភាគច្រើននិយាយថា ខ្លួនមិនដឹងអំពី [កិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួន]នេះឡើយ។ហើយពួកគាត់ភាគច្រើនសុទ្ធតែនិយាយថា ់យើងមិនខ្វល់អំពីអ្វីដែលរដ្ឋាភិបាលធ្វើឡើយ គឺយើងខ្វល់តែពីការរកស៊ីចិញ្ចឹមជីវិត ហើយខំប្រឹងរស់តែប៉ុណ្ណោះ’ ហើយបន្ទាប់មកទៀតមានពលរដ្ឋមួយចំនួនតូចដែលមិនចង់លើកឡើងអំពីបញ្ហានយោបាយ”។
នៅក្នុងករណីជាច្រើនលោក Polkinghorne បានលើកឡើងថា នៅពេលពលរដ្ឋឮអំពីការពន្យល់នៃកិច្ចព្រមព្រៀងនេះពួកគាត់បានប្រឆាំងជំទាស់មិនឲ្យកិច្ចព្រមព្រៀងនេះមានដំណើរការទៅមុខឡើយ។
លោកបានមានប្រសាសន៍ទាក់ទិននឹងការព្រួយបារម្ភរបស់អ្នកផ្តល់កិច្ចសម្ភាសម្នាក់ថា “វាមានរឿងត្រូវព្រួយបារម្ភ។ យើងបានជាក្រទៅហើយ អ៊ីចឹងអ្វីដែលយើងត្រូវធ្វើនោះគឺកុំឲ្យកាន់តែក្រទៅមុខទៀត”៕ ស៊ុយឈាង