មន្ត្រីមូលដ្ឋានម្នាក់បាននិយាយថា កាលពីម្សិលមិញនគរបាលខេត្តមណ្ឌលគិរីបានដុតជម្រកជាង១៣០ដែលជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ក្នុងស្រុកកែវសីមា ដែលអាជ្ញាធរចោទថា បានសាងសង់ខុសច្បាប់លើដីរបស់ក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម។
ទោះជាយ៉ាងណា អ្នកភូមិជនជាតិដើមភាគតិចព្នងជាង២០០គ្រួសារអះអាងថា ក្រុមហ៊ុន Binh Phuoc 1 ដែលទទួលបានដីសម្បទានទំហំ៥.១០០ហិកតានៅក្នុងតំបន់នេះបានរំលោភយកដីដែលពួកគាត់បានធ្វើស្រែចម្ការច្រើនជំនាន់មកហើយ។
លោក យិន សុខឡេង អភិបាលរងស្រុកបានមានប្រសាសន៍ថា លោកបានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថចុះទៅតំបន់ដែលមានវិវាទនោះក្នុងឃុំស្រែឈូកកាលពីព្រឹកម្សិលមិញ ដើម្បីដុតជម្រកបណ្ដោះអាសន្នចំនួន១៧២ ដែលសាងសង់លើផ្ទៃដីទំហំ១.៥០០ហិកតាស្ថិតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុនវៀតណាម ប៉ុន្តែមុនក្រុមមន្ត្រីទាំងនេះដុតជម្រកទាំងនោះ ពួកគេត្រូវបានបំភ័យដោយកសិករដែលមានកំហឹងប្រដាប់ដោយដំបងឈើ។
លោក សុខឡេង បានមានប្រសាសន៍ថា ” ខ្ញុំបានដឹកនាំកម្លាំងទៅដុតជម្រកនោះ ពីព្រោះពួកគាត់បានសាងសង់ខុសច្បាប់លើដីរបស់ក្រុមហ៊ុន។ លោកបានបន្ថែមថា ជម្រក១៣៦ត្រូវបានបំផ្លាញនៅក្នុងប្រតិបត្តិការនោះ។
លោក ប្រុប ជិប អាយុ៣៦ឆ្នាំ ដែលជម្រករបស់គាត់ស្ថិតក្នុងចំណោមជម្រកដែលត្រូវបានដុតបំផ្លាញបាននិយាយថា នគរបាល និងកងរាជអាវុធហត្ថភាគច្រើនបានការពារក្រុមកម្មកររបស់ក្រុមហ៊ុន Binh Phuoc 1 ដែលបានធ្វើការដុតបំផ្លាញ។
លោក ជិប បាននិយាយថា ” ក្រុមហ៊ុនបានប្រើកម្មករប្រាំមួយនាក់ និងចាប់ផ្ដើមដុតបំផ្លាញជម្រកពីម៉ោង១១ព្រឹកដល់ម៉ោង៥ល្ងាច ខណៈដែលនគរបាល និងកងរាជអាវុធហត្ថផ្ដល់ការការពារដល់កម្មករទាំងនោះ”។
លោកបាននិយាយថា ” នគរបាលបានព្យាយាមដុតជម្រកដែលនៅសេសសល់នៅល្ងាចថ្ងៃនោះ ប៉ុន្តែពួកគេបានឈប់បន្ទាប់ពីអ្នកភូមិប្រហែល៦០នាក់ប្រដាប់ដោយដំបងមកឃាត់ពួកគេ”។ លោកបានបន្ថែមថា មិនមានការប្រើអំពើហិង្សាទេ ហើយថាកសិករទាំងអស់នឹងព្យាយាមសាងសង់ជម្រកថ្មីនៅថ្ងៃនេះ។
លោក ជិប បាននិយាយថា កាលពីឆ្នាំ២០១២ អាជ្ញាធរឃុំបានផ្ដល់ដីមួយក្បាលដល់សហគមន៍ជនជាតិដើមភាគតិចព្នង ដើម្បីដាំដំឡូងមី ស្វាយ និងចេក។ ក្រោយមក តំណាងក្រុមហ៊ុន Binh Phuoc 1 បានសួរអ្នកភូមិថា តើពួកគេអាចសាងសង់ស្ពានដែកឆ្លងស្ទឹងដែលកាត់តាមដីនេះ ដើម្បីដឹកឈើតាមតំបន់នេះបានឬទេ។ សហគមន៍បានយល់ព្រម ប៉ុន្តែផ្ទុយទៅវិញក្រុមហ៊ុនបានប្រើស្ពាននេះដើម្បីយកគ្រឿងចក្រមករានដីរបស់ពួកគាត់ទៅវិញ។
លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបានមានប្រសាសន៍ថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានទំហំ៥.១០០ហិកតាដល់ក្រុមហ៊ុន Binh Phuoc 1 កាលពីដើមឆ្នាំ២០១២ ប៉ុន្តែថា ក្រុមហ៊ុនបានដំណើរការហួសពីព្រំប្រទល់របស់ខ្លួន។
លោក ម៉េងលី បានមានប្រសាសន៍ថា គ្រួសារអ្នកភូមិបានព្យាយាមសុំជំនួយពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ប៉ុន្តែពួកគេមិនដែលរកដំណោះស្រាយដល់អ្នកភូមិឡើយ ពីព្រោះពួកគេការពារផលប្រយោជន៍ក្រុមហ៊ុន។
គេមិនអាចទាក់ទងតំណាងក្រុមហ៊ុន Binh Phuoc 1 បានឡើយ៕ សារុន