រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងអប់រំនឹងចុះធ្វើអធិការកិច្ចចោះៗ និងដោយមិនប្រកាសឲ្យដឹងជាមុននៅតាមសាលារៀនទូទាំងប្រទេស ក្នុងគោលបំណងពង្រឹងការខិតខំរបស់ខ្លួនដើម្បីបោសសម្អាតប្រព័ន្ធអប់រំ។
ថ្លែងនៅសិក្ខាសាលាមួយស្ដីពីកំណែទម្រង់ប្រព័ន្ធអប់រំនៅរដ្ឋសភា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា ប្រព័ន្ធធ្វើអធិការកិច្ចថ្មីនឹងធ្វើឲ្យលោកដឹងកាន់តែច្បាស់ពីស្ថានភាពជាក់ស្ដែងកន្លែងដែលអះអាងថា មានការសូកប៉ាន់ អំពើពុករលួយ និងការបង្រៀនក្រោមស្តង់ដារជាដើម។
លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា ” យើងបានចាប់ផ្ដើមអនុវត្តកម្មវិធីមួយ…គឺអ្នកធ្វើអធិការកិច្ចនឹងចុះទៅដោយមិនប្រកាសឲ្យដឹងជាមុន ដើម្បីពិនិត្យនិងវាយតម្លៃគ្រូបង្រៀន ដើម្បីរកឲ្យឃើញថាតើពួកគេមានសមត្ថភាពបង្រៀនឬអត់ និងថាតើពួកគេមកបង្រៀនទៀងទាត់ឬអត់ និងរកឲ្យឃើញថាតើនាយកសាលាមកធ្វើការឬអត់”។
រដ្ឋមន្ត្រីក្រសួងអប់រំមិនបានបង្ហើបឲ្យដឹងថា តើនឹងចាប់ផ្ដើមចុះធ្វើអធិការកិច្ចនៅពេលណា ឬកន្លែងណានោះឡើយ ប៉ុន្តែពួកគេនឹងដោះស្រាយបញ្ហាជាច្រើនដែលអ្នកចូលរួមបានលើកឡើងនៅសិក្ខាសាលាកាលពីម្សិលមិញ។
លោកបានមានប្រសាសន៍ថា ” ការចុះធ្វើអធិការកិច្ចរបស់យើងក្នុងគោលបំណងពិនិត្យមើលឲ្យបានលម្អិតនៅតាមសាលារៀននីមួយៗ និងដើម្បីដោះស្រាយបញ្ហាពិតប្រាកដ”។
អំឡុងរលកនៃសកម្មភាពនយោបាយបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ សមាគមគ្រូបង្រៀនធំបំផុតក្នុងប្រទេសកម្ពុជាបានទាមទារដំឡើងប្រាក់ខែ ហើយបានគំរាមធ្វើការតវា៉នៅតាមផ្លូវ។ ទោះជាយ៉ាងណា កាលពីខែសីហាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដំឡើងប្រាក់ខែគោលដល់គ្រូបង្រៀនទូទាំងប្រទេស ពី១០៥ដុល្លារដល់១៣៨ដុល្លារក្នុងបីដំណាក់កាល ដែលដំណាក់កាលចុងក្រោយគ្រោងចូលជាធរមាននៅថ្ងៃនេះ។
នៅសិក្ខាសាលាកាលពីម្សិលមិញ លោក ហង់ ជួន ណារ៉ុន ដែលបានគាំទ្រការដំឡើងប្រាក់ខែគ្រូបង្រៀនបានមានប្រសាសន៍ថា វាដល់ពេលដែលគ្រូបង្រៀនបញ្ចប់ការតថ្លៃហើយ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ” ទី១យើងបានទាមទារប្រាក់ខែសមរម្យ ឥឡូវនេះពួកគេមានហើយ ជំហានទី២គឺយើងត្រូវជំរុញឲ្យមានអាកប្បកិរិយា ក្រមសីលធម៌ និងវិន័យសមរម្យក្នុងចំណោមគ្រូបង្រៀន”។
លោក ហង់ ជួន ណារ៉ុន ដែលកាលពីឆ្នាំមុនបានផ្ដួចផ្ដើមគំនិតឲ្យមានការផ្លាស់ប្ដូរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសដែលធ្លាប់ញាំញីដោយការសូកប៉ាន់នោះក៏បានប្រកាសពីការចាប់ផ្ដើមប្រើប្រព័ន្ធថ្មីមួយ ដែលនឹងផ្ដល់រង្វាន់លើកទឹកចិត្តដល់គ្រូបង្រៀនផ្អែកតាមការវាយតម្លៃពីសមត្ថភាព និងសុចរិតភាព។
លោកបានមានប្រសាសន៍ថា ” យើងនឹងពិនិត្យមើលគ្រូបង្រៀនទាំងនោះ ហើយគ្រូបង្រៀនណាដែលបង្រៀនបានល្អនឹងត្រូវទទួលបានរង្វាន់។ ជាមួយគ្នានេះដែរ យើងអាចដោះស្រាយបញ្ហាគ្រូបង្រៀនដែលយកលុយជាសំណូកពីសិស្ស”។
យោងតាមរដ្ឋមន្ត្រីរូបនេះបានឲ្យដឹងថា បញ្ហាមួយដែលនឹងត្រូវដោះស្រាយនៅក្នុងការចុះធ្វើអធិការកិច្ចចោះៗនោះ គឺអនុបាតគ្រូបង្រៀន-សិស្សនៅតាមសាលារៀន។លោកបានមានប្រសាសន៍ថា របាយកុមារកំពុងផ្លាស់ប្តូរជាមួយនឹងការអភិវឌ្ឍរាជធានីភ្នំពេញដ៏ឆាប់រហ័សធ្វើឲ្យគ្រឹះស្ថានមួយចំនួនមានសិស្សច្រើនហួស ហើយគ្រឹះស្ថានផ្សេងទៀតប្រឹងប្រែងបំពេញបំណងសិស្សរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីដឹងថា ដីរបស់ខ្លួនមានតម្លៃជាងពីមុន ដូច្នេះពួកគាត់លក់ដីហើយផ្លាស់ទៅរស់នៅជាយក្រុង” ដោយលោកពន្យល់ថា វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក មានសិស្សថយចុះពី១០.០០០នាក់មកប្រហែល៥.០០០នាក់។ នៅក្នុងរាជធានីភ្នំពេញឥឡូវនេះមានគ្រូបង្រៀនប្រហែល១.០០០នាក់។
លោក រ៉ុង ឈុន អ្នករិះគន់រដ្ឋាភិបាលឥតសំចៃ និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានដឹកនាំការទាមទារដំឡើងប្រាក់ខែដល់គ្រូបង្រៀនបានមានប្រសាសន៍ថា ការចុះធ្វើអធិការកិច្ចថ្មីនេះគឺជាការបិទបាំង។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា ” ក្រុមអធិការកិច្ចដែលនឹងចុះទៅពិនិត្យមើលនោះ នឹងមិនដោះស្រាយបញ្ហាអ្វីឡើយ។ លោក ហង់ ជួន ណារ៉ុន ចេះតែលើកឡើងពីបញ្ហាទាំងនេះឲ្យអ្នកស្ដាប់ឃើញថាល្អតែប៉ុណ្ណោះ។ គំនិតដែលគាត់លើកឡើងគឺល្អណាស់ ប៉ុន្តែវានឹងមិនជោគជ័យទេ ពីព្រោះក្រសួងមិនឯករាជ្យ”។
ទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការអប់រំនៃរដ្ឋសភា ដែលបានរៀបចំសិក្ខាសាលាកាលពីម្សិលមិញ បានមានប្រសាសន៍ថា ប្រព័ន្ធអធិការកិច្ចថ្មីដែលដឹកនាំដោយក្រសួងជាជាងមន្ត្រីខេត្តនោះ មិនបានធ្វើយូរមកហើយ។
លោកបានមានប្រសាសន៍ថា ” យើងបានចុះទៅពិនិត្យមន្ទីរអប់រំក្នុងខេត្តកំពត ហើយបានរកឃើញថា អ្នកធ្វើអធិការកិច្ចខេត្តម្នាក់បានចូលនិវត្ត មិនមាននរណាម្នាក់ជំនួសគាត់ទេរយៈពេលពីរឆ្នាំ”។
លោកបានមានប្រសាសន៍ថា ” នេះមានន័យថា រយៈពេល២ឆ្នាំមានតែការធ្វើអធិការកិច្ចផ្ទៃក្នុងដោយនាយកសាលាតែប៉ុណ្ណោះ ដែលមិនអាចជឿទុកចិត្តបាន ពីព្រោះនាយកសាលាទាំងនោះគ្មានបំណងវាយតម្លៃសាលារបស់ខ្លួនអន់នោះទេ។ ប្រព័ន្ធថ្មីនេះនឹងមិនបណ្ដោយឲ្យមានបញ្ហាបែបនោះឡើយ”៕ សារុន