យោងតាមឯកសារនៃកិច្ចសន្យារដ្ឋាភិបាលអាមេរិកចេញនៅសប្តាហ៍នេះបានឲ្យដឹងថា ការស្នាក់នៅរបស់លោកស្រី មីសែល អូបាម៉ា ស្ត្រីទី១សហរដ្ឋអាមេរិកនៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគិត្រា អំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកស្រីនៅខេត្តសៀមរាប ដើម្បីជំរុញគំនិតផ្តួចផ្តើម “ឲ្យក្មេងស្រីរៀន” កាលពីចុងសប្តាហ៍មុន បានចំណាយប្រាក់អ្នកបង់ពន្ធជិត២៥០.០០០ដុល្លារ។
យោងតាមឯកសារបង្ហោះលើវិបសាយឱកាសជំនួញសហព័ន្ធបានឲ្យដឹងថា គណៈប្រតិភូមន្ត្រីអាមេរិក សមាជិកសេវាសម្ងាត់ និងបុគ្គលិកភ័ស្តុភារ បានជួល៨៥បន្ទប់ និង៥បន្ទប់ដេកធំៗក្នុងសណ្ឋាគារផ្កាយ៥សម្រាប់រយៈពេលពីរសប្តាហ៍ ព្រមទាំងបន្ទប់ការិយាល័យ៥ និងបន្ទប់សន្និសីទមួយ។
យោងតាមកិច្ចសន្យានេះ តាមការអះអាងបញ្ជាក់នៅនាទីចុងក្រោយអំពីទស្សនកិច្ចរបស់លោកស្រី អូបាម៉ា របស់ក្រសួងការបរទេសអាមេរិក វិក្កយបត្រអស់ចំនួនទឹកប្រាក់សរុប២៤២.៥០០ដុល្លារ។
ស្ត្រីទី១សហរដ្ឋអាមេរិកបានធ្វើដំណើរមកដល់ក្រុងសៀមរាបកាលពីល្ងាចថ្ងៃទី២១ខែមីនា បន្ទាប់ពីការធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយគំនិតផ្តួចផ្តើមដូចគ្នានេះ ដែលលើកកម្ពស់ការផ្តល់អំណាចដល់ក្មេងស្រីតាមរយៈការអប់រំបន្ថែម។
ការធ្វើដំណើរជើងទី១របស់លោកស្រីក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ពេលដែលគេបានបញ្ចេញឲ្យដឹងថា ការធ្វើទស្សនកិច្ចរបស់លោកស្រីទៅកាន់វត្តមួយក្នុងក្រុងតូក្យូ បានចំណាយប្រាក់អ្នកបង់ពន្ធជិត៨០.០០០ដុល្លារលើថ្លៃឈ្នួលរថយន្តលីម៉ូហ្សីន។
ឌឹ វ៉ាស៊ីនតោន ហ្វ្រី ប៊ីខុន ជាកាសែតតាមអីុនធឺណិតដែលបានរាយការណ៍ដំបូងអំពីតួលេខនេះ ក៏បានកត់សម្គាល់ខ្លីៗនូវសកម្មភាពរបស់លោកស្រីមួយលើកៗក្នុងខេត្តសៀមរាប គឺសុន្ទរកថាពីរលើក រយៈពេលសរុបជាងកន្លះម៉ោង ការធ្វើទស្សនកិច្ច២១នាទីដើម្បីជួបសិស្សវិទ្យាល័យ និងការដើរលំហែនាពេលរសៀលនៅតាមឧទ្យានបុរាណប្រាសាទអង្គរវត្ត។
លោក ចេ រ៉ាម៉ាន អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចំណាយនេះទេ។ ក្រុមអ្នកគ្រប់គ្រងនៅសណ្ឋាគារសូហ្វីតែលអង្គរក៏មិនបានធ្វើអត្ថាធិប្បាយដែរ។
ក្នុងពេលប៉ុន្មានថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី អូបាម៉ា នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់អាមេរិក ព្រោះមិនបានគាំទ្រសាររបស់ខ្លួននៃការផ្តល់អំណាចឲ្យក្មេងស្រីតាមរយៈការអប់រំ ដោយការផ្តល់មូលនិធិសម្រាប់អាហារូបករណ៍ដែលនឹងអាចឲ្យពួកគេចូលរៀននៅសាកលវិទ្យាល័យ៕ និត