38.1 C
Phnom Penh

ការ​ប្រជុំ​រវាង​គ្រួសារ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​កោះកុង​មិន​ទទួល​បាន​លទ្ធផល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ប្រហែល​២០០​គ្រួសារ​ក្នុង​ជម្លោះ​ដី​ធ្លី​រយៈ​ពេល​មួយ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ UDG ក្នុង​ខេត្ត​កោះកុង បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​មន្ត្រី​ក្រុមហ៊ុន​និង​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​ទេ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ក្រុម​បាន​នាំ​ភាគី​ទាំង​បី​ឲ្យ​ជួប​គ្នា​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​សង្ឃឹម​ថា នាំ​ឲ្យ​ពួកគេ​ឈាន​ដល់​ដំណោះស្រាយ​លើ​ជម្លោះ​ទាក់ទិន​នឹង​ដី៤៥.០០០​ហិកតា កន្លែង​ទេសចរ​តម្លៃ៣,៨​ពាន់​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​នៅ​កណ្តាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ខេត្ត​កោះកុង។

អ្នក​ភូមិ​ពាក់ព័ន្ធ​ជម្លោះ​ប្រហែល​២០០​គ្រួសារ​ដែល​មាន​តំណាង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ មាន​ទាំង​មិន​សប្បាយ​ចិត្ត​នឹង​សំណង​ដែល​ពួកគេ​បាន​ទទួល​សម្រាប់​ផ្ទះ​សំបែង​និង​ដី​ស្រែ​ចម្ការ​របស់​ពួកគេ និង​ទាំង​ខឹង ពីព្រោះ​ពួកគេ​មិន​បាន​ទទួល​អ្វី​ទាល់​តែ​សោះ។ នៅ​កិច្ច​ប្រជុំ​នោះ មាន​លោក ប៉ន សារឿន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អភិបាល​រង​ខេត្ត ស៊ុន ដារ៉ា និង​លោក វ៉ាង ចាវ អ្នក​នាំពាក្យ​ក្រុមហ៊ុន UDG។

អ្នក​ស្រី ព្រាប រដ្ឋា តំណាង​ម្នាក់​របស់​គ្រួសារ​ទាំង​នោះ បាន​និយាយ​ថា ដី​ស្រែ​ចម្ការ​របស់​គាត់​មួយ​ផ្នែក​បាន​បាក់​ចូល​ក្នុង​ប្រឡាយ​ដែល​ធ្វើ​ដោយ​ក្រុមហ៊ុន UDG នៅ​ឆ្នាំ​២០១៤ ហើយ​គាត់​មិន​ដែល​ទទួល​បាន​សំណង​ឡើយ។ គាត់​បាន​និយាយ​ថា ១៩​គ្រួសារ​ផ្សេងទៀត​ក៏​រង​ផល​ប៉ះពាល់​ដែរ។

អ្នក​ស្រី រដ្ឋា បាន​និយាយ​ថា “យើង​មិន​អាច​ទទួល​បាន​ទេ ពីព្រោះ​ការ​ជីក​ប្រឡាយ​នេះ​បាន​ប៉ះពាល់​ភូមិ​របស់​យើង។ ខ្ញុំ​ជា​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ ដូច្នេះ​ហេតុអ្វី ខ្ញុំ​មិន​អាច​រស់​នៅ​លើ​ដី​ខ្មែរ​បាន?”។

គ្រួសារ​ទាំង​នេះ​ដែល​នៅ​កាន់​កាប់​ដី​មួយ​ចំនួន​នៅ​ឡើយ​ក្នុង​តំបន់​អភិវឌ្ឍន៍​នោះ ចង់​ឲ្យ​ក្រុមហ៊ុន UDG កាត់​តំបន់​ទាំង​នោះ​ចេញ​ពី​ទីតាំង​គម្រោង​របស់​ខ្លួន ហើយ​ឲ្យ​ពួកគេ​រស់​នៅ​ទីនោះ។ លោក សារឿន នៅ​ក្រសួង​បរិស្ថាន បាន​និយាយ​ថា លោក​គាំទ្រ​គំនិត​នេះ ហើយ​នឹង​លើក​បញ្ហា​នេះ​ឡើង​ជាមួយ​មេ​របស់​លោក។

លោក​បាន​ប្រាប់​អ្នក​ភូមិ​ថា “ខ្ញុំ​គាំទ្រ​គំនិត​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ផ្ទាល់​បាន​ទេ ពីព្រោះ​វា​ហួស​ពី​សិទ្ធិ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​នឹង​នាំយក​បញ្ហា​នេះ​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង ដើម្បី​អាច​បញ្ជូន​ទៅ​មេដឹកនាំ​រដ្ឋាភិបាល។ មានតែ សម្តេច [នាយក​រដ្ឋមន្ត្រី ហ៊ុន សែន] ទេ ទើប​មាន​សិទ្ធិ​សម្រេច”។

លោក សារឿន ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន UDG ពិចារណា​ដក​ពាក្យ​បណ្តឹង ដែល​ខ្លួន​បាន​ប្តឹង​ទៅ​តុលាការ​ខេត្ត​កាលពី​ខែ​កុម្ភៈ ដែល​បណ្តាល​ឲ្យ​តុលាការ​បញ្ជា​ប្រជាជន​៤៧​គ្រួសារ​ចាកចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន និង​បាន​និយាយ​ថា អ្នក​ដែល​ឈូស​ឆាយ​ដី​និង​បំផ្លាញ​ផ្ទះ​ឲ្យ​គម្រោង UDG គួរ​ត្រូវ​យក​មក​កាត់​ទោស។

លោក​និយាយ​ទៀត​ថា “នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​ខាង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ទង្វើនេះ​មិន​ស្របតាម​ច្បាប់​ឡើយ អ្នក​ដែល​ធ្វើ​រឿង​នេះ​គឺជា​ឧក្រិដ្ឋជន”។

ទោះជា​យ៉ាង​នេះ​ក្តី អនុរដ្ឋលេខាធិការ​រូបនេះ​មិន​បាន​និយាយ​ជាក់លាក់​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ណាមួយ​នោះ​ទេ។

លោក ចាវ អ្នក​នាំពាក្យ​ក្រុមហ៊ុន UDG បាន​និយាយ​ថា លោក​ក៏​ដូច្នោះ​ដែរ នឹង​យក​បណ្តឹង​ទាមទារ​និង​សំណើ​របស់​អ្នក​ភូមិ​ទៅ​មេ​របស់​លោក។ លោក​បាន​និយាយ​តាម​រយៈ​អ្នក​បកប្រែ​ថា “យើង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ​ថ្ងៃ​នេះ។ យើង​ត្រូវ​ដឹង​ ថាតើ​បញ្ហា​កើត​ឡើង​ពី​កន្លែងណាមក”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស