30 C
Phnom Penh

ក្រសួង​រ៉ែ​និង​ថាមពល​ព្រមាន​ក្រុមហ៊ុន​បូម​ខ្សាច់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​បាន​និយាយ​ថា ក្រសួង​រ៉ែ​និង​ថាមពល​កាលពី​ថ្ងៃ​ពុធ​បាន​ប្រជុំ​បិទ​ទ្វារ​ជាមួយ​ក្រុមហ៊ុន​បូម​ខ្សាច់​ប្រហែល​២០​ក្រុមហ៊ុន​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ព្រមាន​ពួកគេ​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ខុស​ច្បាប់​នេះ បើ​ពំុនោះ​ទេ​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ និង​ផាកពិន័យ។

កិច្ច​ប្រជុំ​នៅ​សណ្ឋាគារ សាន់វ៉េ បាន​ធ្វើ​ឡើង​បន្ទាប់ពី​បទបញ្ជា​ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន ដែល​បាន​ដាក់​ឲ្យ​ក្រសួង​នេះ​តែ​មួយ​គត់​ទទួល​ខុសត្រូវ​ក្នុង​ការ​ចេញ​អាជ្ញា​ប័ណ្ណ​បូម​ខ្សាច់ ដើម្បី​ព្យាយាម​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ ដែល​ត្រូវ​គេ​បន្ទោស​ចំពោះ​ការ​បាក់​ច្រាំង​ទន្លេ។

ថ្លែង​នៅ​សន្និសីទ​កាសែត​ក្រោយពី​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ពុធ លោក ឌិត ទីណា អ្នក​នាំ​ពាក្យ​​និង​ជា​រដ្ឋលេខាធិការ​ក្រសួងរ៉ែ​និង​ថាមពល​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បូម​ខ្សាច់​បាន​ព្រមព្រៀង​មិន​បូម​ខ្សាច់​ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ និង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ឧបករណ៍​របស់​ពួកគេ។

លោក ទីណា បាន​និយាយ​ថា “ចាប់តាំងពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​លែង​ធ្វើ​ការ​ណែនាំ​ទៀត​ហើយ ពីព្រោះ​យើង​បាន​ធ្វើ​រួច​ហើយ។ ដូច្នេះ​ពី​ឥឡូវ​នេះ​ទៅ យើង​នឹង​អនុវត្ត​វិធានការ​ច្បាប់”។

លោក ទីណា បាន​និយាយ​ថា បច្ចុប្បន្ន គ្មាន​ក្រុមហ៊ុនណា​ទទួល​បាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ក្នុង​ទន្លេ​នៅ​ក្រុង​ភ្នំពេញ​ទេ ហើយ​ថា មាន​តែ​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់​នៅ​ខេត្ត​កណ្តាល។ លោក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បូម​ខ្សាច់​គ្មាន​អាជ្ញា​ប័ណ្ណ​នឹង​ប្រឈម​ការ​ពិន័យ​២៥០​ដុល្លារ​រាល់​ថ្ងៃ ហើយ​អាច​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ។

កាលពី​ថ្ងៃ​អាទិត្យ ក្រុម​មន្ត្រី​ក្រសួង​នេះ​បាន​និយាយ​ថា ពួកគេ​បាន​បិទ​ការ​បូម​ខ្សាច់​ខុស​ច្បាប់​ពីរ​កន្លែង មួយ​កន្លែង​នៅ​ខេត្ត​កណ្តាល និង​មួយ​កន្លែង​នៅ​ក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់ ឬ​រឹបអូស​យក​ឧបករណ៍​ណាមួយ​ទេ។

លោក ឯក រង្សី អ្នក​គ្រប់គ្រង​ការិយាល័យ​នៅ​ក្រុមហ៊ុន ខេមបូសាយណា ខនក្រិត (Cambosaina Concrete) របស់​កូរ៉េ ដែល​ទិញ​ខ្សាច់​បូម​ពី​ទន្លេ បាន​និយាយ​បន្ទាប់ពី​ការ​ប្រជុំ​កាលពី​ថ្ងៃ​ពុធ​ថា វិធានការ​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​លោក។

លោក រង្សី បាន​និយាយ​ថា “ក្រុមហ៊ុន​របស់​យើងត្រូវ​ការ​ខ្សាច់​ផ្គត់ផ្គង់​សកម្ម​ភាព​សំណង់ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ផ្អាក​ការ​បូម​ខ្សាច់ សកម្ម​ភាព​របស់​យើង​អាច​នឹង​ត្រូវ​ជាប់​គាំង”។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “[យើង]​នឹង​សាកល្បង​ជម្រើស​ផ្សេង ដូចជា​ការ​ទិញ​ខ្សាច់​ដី ឬ​នាំចូល​ពី​ប្រទេស​វៀតណាម។ តែ​វា​ថ្លៃ​ណាស់”។

លោក រង្សី បាន​និយាយ​ថា តម្លៃ​ខ្សាច់​ដែល​មិន​បូម​ពី​ទន្លេ បាន​ឡើង​ជិត​៥០​ភាគ​រយ​ចាប់តាំងពី​ដើម​ខែ​មីនា​មក ពី​ចន្លោះ​១៣​ដុល្លារ​ទៅ​១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប។ លោក​មិន​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​ទិញ​ខ្សាច់​បូម​ថ្លៃ​ប៉ុន្មាន​នោះ​ទេ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស