កាលពីថ្ងៃពុធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីរំឭកដាស់តឿនជនបរទេសដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាថា ពួកគេត្រូវបានតម្រូវឲ្យមានប័ណ្ណការងារ ហើយពួកគេនឹងត្រូវប្រឈមការផាកពិន័យ ប្រសិនបើពួកគេគ្មានប័ណ្ណទេ។
នាយឧត្តមសេនីយ៍ សុខ ផល ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះបានមានប្រសាសន៍ថា ជនបរទេសដែលបម្រើការងារជាច្រើនបានដាក់ពាក្យសុំ និងទទួលបានប័ណ្ណការងាររួចហើយ ប៉ុន្តែទន្ទឹមនឹងនេះក៏មានជនបរទេសជាច្រើនផ្សេងទៀតមិនទាន់បានដាក់ពាក្យសុំប័ណ្ណការងារនៅឡើយទេ។
លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “មានក្រុមហ៊ុនសហគ្រាស និងនិយោជិតបរទេសមួយចំនួនដែលមិនយកចិត្តទុកដាក់ និងមិនបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់។ ក្រុមអធិការកិច្ច [របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍] បានណែនាំឲ្យពួកគាត់បំពេញទម្រង់បែបបទដើម្បីទទួលបានឯកសារផ្លូវច្បាប់នេះ ប៉ុន្តែ ពួកគាត់នៅតែមិនធ្វើ”។
លោកបានឲ្យដឹងថា ក្រុមអធិការកិច្ចមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងបន្តធ្វើអធិការកិច្ចនៅតាមក្រុមហ៊ុនសហគ្រាសនានាដែលទទួលយកជនបរទេសឲ្យចូលបម្រើ
ការងារ។លោកបានថ្លែងថា “នៅពេលរកឃើញនិយោជិតបរទេសដែលធ្វើការងារ
និងគ្មានលិខិតឆ្លងដែន ទិដ្ឋាការ ឬប័ណ្ណការងារដែលមានសុពលភាព ក្រុមអធិការកិច្ចនឹងពិន័យពួកគេតាមផ្លូវច្បាប់”។
លោក នៅ លក្ខិណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់កាលពីម្សិលមិញថា ជនបរទេសដែលក្រុមអធិការកិច្ចរកឃើញថាគ្មានប័ណ្ណការងារ នឹងត្រូវតម្រូវឲ្យបង់ប្រាក់ផាកពិន័យ៥០០.០០០រៀល [ប្រហែល១២៥ដុល្លារ] ។ លោកបានលើកឡើងទៀតថា ពួកគេមានពេលបីខែ ដើម្បីដាក់ពាក្យសុំប័ណ្ណការងារនៅក្រសួងការងារ ឬបើមិនដូច្នេះទេ ពួកគេនឹងត្រូវប្រឈមការផាកពិន័យបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក នៅ លក្ខិណា បានបញ្ជាក់ថា ប្រសិនបើគ្មានប័ណ្ណការងារ ជនបរទេសអាចពន្យារបានតែទិដ្ឋាការអេឡិចត្រូនិក (E-visa) ដែលពីមុនហៅថាទិដ្ឋាការជំនួញ បានរយៈពេលមួយឆ្នាំក្នុងមួយលើក។
លោកបន្តថា ប្រសិនបើជនបរទេសដែលបម្រើការងារ មិនទទួលបានប័ណ្ណការងារនៅពេលទិដ្ឋាការផុតសុពលភាពទេនោះ ជនបរទេសរូបនោះនឹងត្រូវតម្រូវឲ្យចាកចេញពីកម្ពុជា។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ពួកគេអាចទទួលបានទិដ្ឋាការអេឡិចត្រូនិកថ្មី នៅពេលពួកគេចូលមកប្រទេសកម្ពុជា ជាថ្មីម្តងទៀត។
លោកបានលើកឡើងថា “ប៉ុន្តែបើយើងពិនិត្យមើលទិដ្ឋាការរបស់អ្នក ហើយឃើញថាអ្នករស់នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយ ឬពីរឆ្នាំ ហើយយើងដឹងថា អ្នកធ្វើការងារនោះ អ្នកនឹងត្រូវទទួលការផាកពិន័យ”។
ក្រសួងការងារដែលជាអ្នកចេញប័ណ្ណការងារ មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ។ កាលពីខែមករា ក្រសួងេនះបានលើកឡើងថា ខ្លួននឹងផាកពិន័យជនប្រទេសចំនួន ៤០០.០០០រៀល (ប្រហែល១០០ដុលា្លរ) សម្រាប់ឆ្នាំនីមួយៗ ដែលពួកគេបានបម្រើការងារក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ៕ សុខុម (រាយការណ៍បន្ថែមដោយ ឆន ចាន់ស៊ី)