ប័ណ្ណសារ

អគ្គ​​​នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ដាស់​​​តឿន​​​ឲ្យជន​​​បរទេស​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​​​ការ​​​ងារ​​​

By

April 03, 2015

កាល​​​ពីថ្ងៃ​​​ពុធ អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​​​​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ដើម្បី​​​រំឭក​​​ដាស់​​​តឿន​​​ជន​​​បរទេស​​​ដែល​​​កំពុង​​​បម្រើ​​​ការ​​​ងារ​​​​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ ហើយ​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​ការ​​​ផាក​​​ពិន័យ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​គ្មាន​​​​​​ប័ណ្ណ​​​ទេ​​​។

នាយឧត្តម​​​សេនីយ៍​​​ សុខ ផល ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​នេះបាន​​​មានប្រសាសន៍​​​ថា ​​​​​​ជន​​​បរទេស​​​ដែល​​​​​​បម្រើ​​​ការងារ​​​​​​​​​ជា​​​ច្រើន​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​ និង​​​ទទួល​​​បាន​​​ប័ណ្ណ​​​ការ​​​ងារ​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​ទន្ទឹម​​​នឹង​​​នេះ​​​ក៏​​​មាន​​​ជន​​​បរទេស​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​មិន​​​ទាន់​​​បាន​​​​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​ការ​​​ងារ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា “មាន​​​ក្រុមហ៊ុន​​​សហគ្រាស​​​ និង​​​និយោជិត​​បរទេស​​​មួយ​​​ចំនួន​​​​​​​​​ដែល​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ និង​​​មិន​​​បំពេញ​​​​​​​​​​​​កាតព្វកិច្ច​​​តាម​​​ផ្លូវ​​​ច្បាប់​​​​​​។ ក្រុម​​​អធិការ​​​កិច្ច​​​ [​​​របស់​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេសន៍​​​] បាន​​​ណែនាំ​​​ឲ្យ​​​​​​ពួក​​គាត់​​​​​​បំពេញ​​​ទម្រង់​​​បែប​​​បទ​​​ដើម្បី​​​ទទួល​​​បាន​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​​​​នេះ ប៉ុន្តែ ពួក​​​​​​​​​គាត់​​​​​​នៅ​​​តែ​​​មិន​​​ធ្វើ​​​”​​​។

លោក​​​បាន​​​ឲ្យដឹង​​​ថា ក្រុម​​​​​​អធិការកិច្ច​​​មក​​​ពី​​​អគ្គនាយកដ្ឋាន​​​អន្តោប្រវេស​ន៍​​​កំពុង​​​បន្ត​​​ធ្វើ​​​អធិការកិច្ច​​​នៅ​​​​​​តាម​​​ក្រុមហ៊ុន​​​សហគ្រាស​​​នានា​​​ដែល​​​ទទួល​​​យក​​​ជន​​​បរទេស​​​ឲ្យ​​​ចូល​​​បម្រើ​​​ ការ​​​ងារ​​​។លោក​​​​​បាន​​​ថ្លែង​​​​​​ថា “នៅ​​​ពេល​​​រក​​​ឃើញ​​​​​​​​និយោជិត​​​បរទេសដែល​​​ធ្វើ​​​ការ​​​ងារ និង​​​គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​​​ ទិដ្ឋាការ​​​ ឬ​​​ប័ណ្ណ​​​កា​​​រ​​​ងារ​​​ដែល​​​មាន​​​សុពល​​​ភាព​​​ ក្រុម​​​អធិការ​​​កិច្ច​​​នឹង​​​ពិន័យ​​​ពួក​​​គេ​​​តាម​​​ផ្លូវ​​​ច្បាប់​​​”។

លោ​​​ក​​​ នៅ លក្ខិណា អគ្គនាយក​​​រង​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍ បាន​​​គូស​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញ​​​ថា ជន​​​បរទេស​​​ដែល​​​​​​​​​ក្រុម​​​អធិការកិច្ច​​​រក​​​ឃើញ​​​ថាគ្មាន​​​ប័ណ្ណ​​​ការងារ​​​ នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​ផាក​​​​​​ពិន័យ​​​៥០០.០០០​​​រៀល [ប្រហែល​​​១២៥​​​ដុល្លារ​​​]​​​​​​ ។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ពួក​​​គេ​​​មាន​​​ពេល​​​បី​​​ខែ​​​ ដើម្បី​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​កា​​រងារ​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​ ឬ​​​បើ​​​​​​មិន​​​ដូច្នេះ​​​ទេ ពួក​​​គេ​​​​​នឹង​​​ត្រូវ​​​ប្រឈម​​​​​​ការ​​​ផាក​​​ពិន័យ​​​បន្ថែម​​​ទៀត។

ឧត្តម​​​សេនីយ៍​​​ឯក នៅ លក្ខិណា បាន​​​បញ្ជាក់​​​ថា ប្រសិន​​​បើ​​​គ្មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ ជន​​​បរទេស​​​អាច​​​ពន្យារ​​​បាន​​​តែ​​​ទិដ្ឋាការ​​​​​​​​​អេឡិច​​​ត្រូនិក​​​ (E-visa) ដែល​​​ពី​​មុន​​​ហៅ​​​ថា​​​ទិដ្ឋាការ​​​ជំនួញ​​​​​ បាន​​​រយៈ​​​ពេល​​​​​​មួយ​​​ឆ្នាំ​​​ក្នុង​​​មួយ​​​លើក​​​។

លោក​​​បន្ត​​​ថា ប្រសិនបើជន​​​បរទេសដែល​​​បម្រើ​​​ការងារ ​​​មិន​​​ទទួល​​​បាន​​​ប័ណ្ណការ​​​ងារ​​​នៅ​​​ពេលទិដ្ឋាការ​​​ផុត​​​សុពល​​​ភាព​​​ទេ​​​នោះ​​​ ជន​​​បរទេស​​​រូបនោះ​​​នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​ចាក​​​​​​ចេញ​​​ពី​​​កម្ពុជា។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​​​​បន្ថែមថា ​​​ពួក​​​គេ​​​អាច​​​​​​ទទួល​​​បាន​​​ទិដ្ឋាការ​​​អេឡិចត្រូនិក​​​ថ្មី​​​ នៅ​​​ពេលពួក​​​គេ​​​​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា ជា​​​​​ថ្មី​​​ម្តង​​​ទៀត​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “​​​ប៉ុន្តែ​​​​​​​​​បើ​​​យើង​​​ពិនិត្យ​​​មើល​​​​​​ទិដ្ឋាការ​​​របស់​​​អ្នក​​​ ហើយ​​ឃើញ​​​ថា​​​អ្នក​​​​​​​​​រស់​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​ ​​​រយៈ​​​ពេល​​​មួយ ឬ​​​ពីរឆ្នាំ ហើយ​​​យើង​​​ដឹង​​​ថា អ្នក​​​​ធ្វើ​​​ការ​​​ងារនោះ​​​ អ្នក​​​នឹង​​​ត្រូវ​​​ទទួល​​​ការ​​​ផាក​​​ពិន័យ​​​”។

ក្រសួង​​​ការ​​​ងារ​​​ដែល​​​ជា​​​អ្នក​​​ចេញ​​​ប័ណ្ណ​​​ការ​​​ងារ​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​​​​ជុំ​​​វិញ​​​បញ្ហា​​​នេះ​​​។ កាល​​​ពីខែ​​​មករា ​​​ក្រសួង​​​េនះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​​​ផាក​​​​​​ពិន័យ​​​ជន​​​ប្រទេស​​​ចំនួន​​​ ​​​៤០០.០០០រៀល​​​ (ប្រហែល​​​១០០​​​ដុលា្លរ​​​) សម្រាប់​​​ឆ្នាំ​​​នីមួយ​​​ៗ ដែល​​​ពួកគេ​​​​​​បាន​​​បម្រើ​​​ការ​​​ងារ​​ក្នុង​​​ប្រទេសកម្ពុជា​​​ ដោយ​​​គ្មាន​​​ប័ណ្ណការ​​​ងារ​​​៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឆន ចាន់ស៊ី)