យោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា ក្រុមហ៊ុនយ៉ាងហោចណាស់២៧២ជាម្ចាស់ចម្ការគ្របដណ្តប់លើផ្ទៃដីប្រហែល២,១៤លានហិកតានៅទូទាំងប្រទេស គឺច្រើនជាងពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ឈប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី (ELCs) កាលពីបីឆ្នាំមុន និងទោះបីជាមានការលុបចោលដីសម្បទានជាបន្តបន្ទាប់នាពេលថ្មីៗក៏ដោយ។
អង្គការលីកាដូ បានចេញតួលេខនេះកាលពីថ្ងៃច័ន្ទ រួមជាមួយនឹងចំនួនប្រទេស ដែលក្រុមហ៊ុនមក និងដំណាំដែលគេកំពុងដាំដុះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលប្រាប់សាធារណជនឲ្យដឹងចំនួនពេញលេញនៃអ្វីដែលជាមុខជំនួញមិនច្បាស់នោះ។
រដ្ឋាភិបាលសរសើរការផ្តល់សម្បទានដីសេដ្ឋកិច្ច ថាជាសសរគ្រឹះមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ដែលនាំមកនូវការងារជាច្រើនដល់សហគមន៍ជនបទ និងដាំកៅស៊ូនិងអំពៅ ដែលពិភពលោកចង់ទិញ។
ក៏ប៉ុន្តែ អង្គការក្រៅរដ្ឋាភិបាលបន្ទោសការផ្តល់សម្បទានដីសេដ្ឋកិច្ចទាំងនោះចំពោះការធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សមួយចំនួនក្នុងចំណោមការរំលោភសិទ្ធិមនុស្សអាក្រក់បំផុតនិងទូទៅបំផុតនៅប្រទេសកម្ពុជា។ ពួកគេដាក់កំហុសលើសម្បទានដីសេដ្ឋកិច្ច ដែលមានទំហំជាងពាក់កណ្តាលនៃផ្ទៃដីដែលអាចដាំដំណាំបាន ចំពោះការបណ្តេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញពីស្រែចម្ការ និងធ្លាក់ក្នុងភាពក្រីក្រ បង្កឲ្យមានការតវ៉ាដែលប៉ូលិសនិងទាហានបានបង្ក្រាបដោយប្រើកម្លាំងបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស បំផ្លាញព្រៃឈើរបស់ប្រទេស និងបំពានច្បាប់ជាបន្តបន្ទាប់។
ពួកគេក៏ចោទរដ្ឋាភិបាលថាបានលាក់ទំហំពេញលេញនៃចំនួនសម្បទានដីសេដ្ឋកិច្ចដែរ។
លោកស្រី ណាលី ពីឡូក នាយកអង្គការលីកាដូ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា “សម្បទានទំហំធំមានកំណត់ត្រាកន្លងមកថាបំផ្លាញការរស់នៅនិងធនធានធម្មជាតិ ព្រមទាំងមានផលប៉ះពាល់អវិជ្ជមានលើគម្រោងអភិវឌ្ឍន៍ទៀតផង។ ប្រសិនបើរដ្ឋាភិបាលប្រាកដជាចង់ធ្វើឲ្យគោលនយោបាយរបស់ខ្លួនអំពីដីធ្លីប្រសើរឡើងមែន រដ្ឋាភិបាលត្រូវតែប្តេជ្ញាខ្លួនឯងឲ្យមានតម្លាភាពពេញលេញក្នុងការដោះស្រាយ។ ពលរដ្ឋកម្ពុជាមានសិទ្ធិ និងត្រូវដឹងនរណាដែលកាន់កាប់ផ្ទៃដីនៅជាប់ផ្ទះរបស់ពួកគេ”។
អង្គការលីកាដូនិយាយថា ក្រសួងកសិកម្ម ដែលផ្តល់សម្បទានដីសេដ្ឋកិច្ចច្រើនបំផុត អះអាងថា បញ្ជីដីនោះមិនពេញលេញ និងមិនមានបច្ចុប្បន្នភាពទេ។ អង្គការនេះនិយាយថា ក្រសួងបរិស្ថាន ដែលផ្តល់សម្បទានដីផ្សេងទៀត កាន់តែមិនសូវបញ្ចេញឲ្យដឹងចំនួនសម្បទានសរុប និងចំនួនដីជួល និងគ្មានសេចក្តីលម្អិតផ្សេងទៀតឡើយ។ ក្នុងចំណោមក្រុមហ៊ុន១១៣ដែលក្រសួងបរិស្ថានបាននិយាយថា មានសម្បទានដីសកម្មក្រោមដែនសមត្ថកិច្ចរបស់ខ្លួនគិតត្រឹមខែធ្នូនោះ លីកាដូនិយាយថា ខ្លួនអាចបញ្ជាក់បានត្រឹមតែ៧៣ក្រុមហ៊ុនប៉ុណ្ណោះ។
អង្គការនេះនិយាយថា ខ្លួនបានបង្ហាញតួលេខចុងក្រោយដែលប្រើវិបសាយរបស់ក្រសួងកសិកម្ម ការជូនដំណឹងជាផ្លូវការបោះផ្សាយក្នុងសៀវភៅព្រះរាជកិច្ច និងការចុះពិនិត្យផ្ទាល់ដល់ទីកន្លែង។ អង្គការនេះទទួលស្គាល់ថា ទិន្នន័យរបស់ខ្លួនមិនពេញលេញ ហើយជួនកាលអាចខុស។
លោកស្រី ពីឡូក បានឲ្យដឹងតាមរយៈសារអេឡិកត្រូនិកថា “ភាពមិនច្បាស់លាស់ជាទូទៅនៃការដោះស្រាយសម្បទានដី ព្រមទាំងកង្វះការបញ្ចេញឲ្យដឹងដែលអាចរកបាននិងជាលក្ខណៈប្រព័ន្ធដោយរដ្ឋាភិបាល ប្រាកដជានាំឲ្យមានភាពមិនត្រឹមត្រូវដោយអង្គការដែលប៉ុនប៉ងបង្ហាញវិស័យនេះឲ្យច្បាស់លាស់”។
“ដូច្នេះហើយ យើងជឿថា ការផ្សព្វផ្សាយនៅថ្ងៃនេះមិនអាចនិងមិនគួរជាការជំនួសទិន្នន័យផ្ទាល់របស់រដ្ឋាភិបាលទេ ហើយយើងអំពាវនាវដល់ក្រសួងពាក់ព័ន្ធឲ្យមានតម្លាភាពពេញលេញអំពីដីសម្បទាន”។
អ្នកនាំពាក្យក្រសួងបរិស្ថានមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
នៅក្រសួងកសិកម្ម លោក អៀង សុផល្លែត អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា បញ្ជីនៅលើអីុនធឺណិតរបស់ក្រសួងជាកិច្ចការកំពុងដំណើរការ ហើយមិនទាន់ធ្វើបច្ចុប្បន្នភាពទេ ពីព្រោះការពិនិត្យសម្បទានដីឡើងវិញដែលបញ្ជាដោយលោក ហ៊ុន សែន កាលពីឆ្នាំ២០១២ កំពុងតែធ្វើនៅឡើយ។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើបច្ចុប្បន្នភាពព័ត៌មានចំពោះក្រុមហ៊ុនជាច្រើន ដែលមិនបានអនុវត្តកិច្ចសន្យារបស់ខ្លួន ឬមិនធ្វើតាមច្បាប់ ហើយយើងនឹងដកសម្បទានទាំងនោះប្រគល់ឲ្យរដ្ឋវិញ។
លោក សុផល្លែត មានប្រសាសន៍ថា សម្បទានដីសេដ្ឋកិច្ច បានរកប្រាក់ឲ្យក្រសួងជាងមួយលានដុល្លារនៅឆ្នាំកន្លងមក ប៉ុន្តែលោកបាននិយាយថា លោកមិនអាចជាក់លាក់ជាងនេះទេ ពីព្រោះការពិនិត្យសើរើឡើងវិញនេះមិនទាន់ចប់សព្វគ្រប់នៅឡើយ។
ទាំងក្រសួងកសិកម្ម ទាំងក្រសួងបរិស្ថាន នាពេលថ្មីៗនេះបានរៀបចំសន្និសីទព័ត៌មានដើម្បីប្រកាសឲ្យដឹងថា សម្បទានមួយចំនួនត្រូវបានដកហូតមកវិញពីព្រោះមិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចសន្យារបស់ខ្លួនជាមួយរដ្ឋាភិបាល ដែលជាផ្នែកមួយនៃការសើរើដីសម្បទាន ដែលលោកនាយករដ្ឋមន្ត្រីបានបញ្ជា ពេលដែលលោកបញ្ចប់សម្បទានដីសេដ្ឋកិច្ចថ្មីនៅខែឧសភាឆ្នាំ២០១២។ ប៉ុន្តែ ក្រសួងទាំងពីរនឹងមិនបញ្ចេញឲ្យដឹងនូវការប្រព្រឹត្តបទល្មើសជាក់លាក់នៃសម្បទាននីមួយដែលត្រូវលុបចោលនោះទេ ហើយក៏គ្មានសម្បទានណាមួយត្រូវពិន័យ ឬ ជាប់់ការចោទប្រកាន់ឡើយ។ ពួកគេបាននិយាយថា សម្បទានខ្លះត្រូវលុបចោល ឬបន្ថយទំហំផ្ទៃដី ពីព្រោះពួកគេបានទទួលសម្បទានលើដីដែលអ្នកស្រុកកំពុងធ្វើស្រែចម្ការស្រាប់ តែមិនបានផ្តល់សេចក្តីពិស្តារទេ។
យោងតាមលីកាដូបានឲ្យដឹងថា បើទោះជាមានការលុបចោលក៏ដោយ ក៏ប្រទេសកម្ពុជានៅមានសម្បទានដីសេដ្ឋកិច្ចច្រើនទៀតគ្របដណ្តប់លើផ្ទៃដីច្រើនជាងមុនមានការបញ្ឈប់ផ្តល់សម្បទានកាលពីពាក់កណ្តាលឆ្នាំ២០១២ទៅទៀត។ នៅខែមីនាឆ្នាំ២០១២ អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ខ្លួនមានភ័ស្តុតាងនៃចម្ការ២២៧កន្លែងលើផ្ទៃដី២.០៤លានហិកតា។
លោកស្រី ពីឡូក បានមានប្រសាសន៍ថា “ទិន្នន័យ[ថ្មី]នេះបង្ហាញថា សូម្បីតែក្រោយការដកហូតសម្បទានដីដែលផ្សព្វផ្សាយជាទូទៅដោយក្រសួងបរិស្ថាន និងក្រសួងកសិកម្មក៏ដោយ ក៏សម្បទានដីនៅតែមានទំហំ២.១៤លានហិកតាដែរ”។ លោកស្រីបានបន្ថែមថា តួលេខពិតប្រហែលខ្ពស់ជាងនេះទៅទៀត។
រយៈពេលជាច្រើនខែក្រោយពីលោក ហ៊ុន សែន បានប្រកាសការបញ្ឈប់ រដ្ឋាភិបាលបានបន្តផ្តល់សម្បទានដីសេដ្ឋកិច្ច ដល់ក្រុមហ៊ុននានាដែលខ្លួនបានអះអាងថា ការដាក់ពាក្យសុំរបស់ក្រុមហ៊ុនទាំងនោះបានធ្វើរួចទៅហើយ។
ក្នុងផែនទីថ្មីរបស់ខ្លួន អង្គការលីកាដូបំបែកសម្បទានតាមប្រទេសដែលម្ចាស់សម្បទានមក និងអ្វីដែលពួកគេកំពុងដាំដុះ។ យោងតាមតួលេខរបស់អង្គការនេះ ក្រុមហ៊ុនកម្ពុជាមានតិចជាងពាក់កណ្តាលបន្តិចនៃដីសម្បទានសេដ្ឋកិច្ច២.១៤លានហិកតា ដែលខ្លួនដឹង។ ក្រុមហ៊ុនចិននិងវៀតណាម នីមួយៗមានប្រហែល៣៥០.០០០ហិកតា។ ក្រុមហ៊ុនម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងថៃ នីមួយៗមានចន្លោះពី៧៩.០០០ ទៅ១១២.០០០ហិកតា។
ដំណាំនិយមដាំច្រើនបំផុតនៅពេលនេះគឺកៅស៊ូ មានលើផ្ទៃដីយ៉ាងហោចណាស់៨៣៤.០០០ហិកតា ប្រហែល៣៩ភាគរយនៃដីសម្បទានសេដ្ឋកិច្ច។ ដំណាំបន្ទាប់គឺអំពៅ ដើមឈើធ្វើក្រដាស ដំឡូងមី និងដូងប្រេង។
ចម្ការកៅស៊ូនិងអំពៅបានធ្វើឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងខេត្តកោះកុង សព្វថ្ងៃកំពុងប្តឹងក្រុមហ៊ុនថេត និង លីល (Tate & Lyle) របស់អង់គ្លេស ពីព្រោះបានទិញស្ករសពីចម្ការថៃពីរកន្លែង ដែលរងការចោទប្រកាន់ថាបានប្លន់ដីធ្លីរបស់ខ្លួន។ ហើយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិកំពុងសម្របសម្រួលការចរចារវាងចម្ការកៅស៊ូវៀតណាមក្នុងខេត្តរតនគិរីដែលខ្លួនបានវិនិយោគ និងប្រជាជនជាច្រើនគ្រួសារដែលចោទថា ក្រុមហ៊ុនបានដណ្តើមយកស្រែចម្ការពីពួកគេ៕ និត (រាយការណ៍បន្ថែមដោយ អូន ភាព)