ផែនការតវ៉ាប្រឆាំងនឹងការទទួលទានសាច់ឆ្កែត្រូវបានហាមឃាត់ មុនពេលការតវ៉ានេះចាប់ផ្ដើមនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធររាជធានីបានលើកឡើងថា ក្រុមអ្នកតវ៉ាគ្មានការអនុញ្ញាតឲ្យជួបជុំគ្នា។

មនុស្សជាង៣០នាក់ និងសត្វសុនខក្នុងចំនួនប្រហែល៣០ក្បាលដែរបានមកជួបជុំគ្នាក្បែរវិមានឯករាជ្យនៅក្នុងសួននាគបាញ់ទឹក ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ទូទាំងពិភពលោក។
អ្នកតវ៉ាម្នាក់ឈ្មោះ Mary Velasco អាយុ២៩ឆ្នាំ ជាគ្រូបង្រៀនមកពីប្រទេសហ្វីលីពីន និងជាអ្នករៀបចំម្នាក់ក្នុងចំណោមអ្នករៀបចំការតវ៉ាផ្សេងៗទៀតបាននិយាយថា ”គោលដៅនៃព្រឹត្តិការណ៍នេះ ដំបូងគឺដើម្បីលើកកម្ពស់ការយល់ដឹងប្រឆាំងនឹងការជួញដូរសាច់សត្វចិញ្ចឹម”។
ប៉ុន្តែមុនពេលផែនការតវ៉ាដែលត្រូវដឹកសុនខដើរជុំវិញសួនចាប់ផ្ដើម សន្តិសុខប្រហែល១០នាក់ កងរាជអាវុធហត្ថមួយចំនួន និងអាជ្ញាធរខណ្ឌបានប្រាប់ក្រុមអ្នកតវ៉ាថា សាលារាជធានីបានចេញបទបញ្ជាឲ្យបញ្ឈប់តវ៉ានេះ។
អ្នកស្រី Velasco បានប្រាប់អ្នកមកជួបជុំគ្នាដែលភាគច្រើនជាជនបរទេសថា “នគរបាលបានប្រាប់កុំឲ្យធ្វើការតវ៉ា។ យើងត្រូវតែបំបែកគ្នា”។
បន្ទាប់មក នគរបាល និងសន្តិសុខបានប្រាប់អ្នកចូលរួមថា ពួកគេអាចប្ដូរទៅកាន់សួនមួយផ្សេងទៀតដែលនៅតាមបណ្ដោយមហាវិថីសុធារសក្នុងខណ្ឌចំការមន ប៉ុន្តែពួកគេត្រូវបានប្រាប់ឲ្យបំបែកគ្នាម្ដងទៀតភ្លាមៗបន្ទាប់ពីជួបជុំគ្នាសារជាថ្មី។
លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមនបានលើកឡើងថា លោកគាំទ្រការតវ៉ារបស់ក្រុមនេះ ប៉ុន្តែថា អ្នករៀបចំការតវ៉ាមិនទទួលបានការអនុញ្ញាតពីសាលារាជធានីឡើយ។
ពេលទាក់ទងតាមក្រោយនៅថ្ងៃដដែល លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា សាលារាជធានីបានច្រានចោលសំណើរបស់ក្រុមនេះ ព្រោះផែនការដឹកសុនខក្នុងទ្រង់ទ្រាយធំរបស់ពួកគេ គឺ”ចម្លែក”។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “យើងមិនបណ្ដោយឲ្យពួកគេធ្វើរឿងប្លែកៗបែបនេះឡើយ។ ពួកគេគឺជាជនបរទេសដែលចង់ហែក្បួនឆ្កែ។ វាមិនត្រឹមត្រូវទេ”។
កាលពីឆ្នាំ២០០៣ សាលារាជធានីបានលើកទឹកចិត្តឲ្យអ្នករស់នៅក្នុងរាជធានីភ្នំពេញទទួលទានសាច់ឆ្កែឲ្យបានច្រើន ដើម្បីកាត់បន្ថយចំនួនសុនខនៅក្នុងរាជធានី និងដើម្បីចិញ្ចឹមអ្នកក្រីក្រ។
លោក កែម ជុតិម៉ា អតីតអភិបាលរាជធានីបានមានប្រសាសន៍កាលពីពេលនោះថា ” សូមអញ្ជើញ សាច់ឆ្កែមានរស់ជាតិឆ្ងាញ់ណាស់”។
លោក ជា សុខា សមាជិកនៃក្រុមតវ៉ានេះដែលទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាលារាជធានីអំពីការតវ៉ាកាលពីម្សិលមិញនេះ បានលើកឡើងតាមរយៈទូរស័ព្ទថា ទោះបីជាសាលារាជធានីមិនបានអនុញ្ញាតឲ្យមានការតវ៉ាក៏ដោយ តែលោកមិនបានជូនដំណឹងដល់អ្នករៀបចំការតវ៉ាផ្សេងៗទៀតទេ ព្រោះលោកគិតថា ពួកគេនៅតែមានសិទ្ធិជួបជុំគ្នា។
លោក សុខា បាននិយាយថា “ពលរដ្ឋអាចជួបជុំគ្នាពិភាក្សា និងបង្ហាញពីមតិយោបល់របស់ខ្លួន ប្រសិនបើការតវ៉ាធ្វើឡើងដោយសន្តិវិធី។ អ៊ីចឹងតើពួកគេច្រានចោលការតវ៉ានេះដោយផ្អែកលើហេតុផលអ្វីទៅ? ពួកគេនិយាយថា ខ្លួនគ្មានហេតុផលណាមួយឡើយ”។
យោងតាមច្បាប់ស្ដីពីការជួបជុំគ្នាដោយអហិង្សា ក្រុមអ្នកតវ៉ាអាចធ្វើការតវ៉ាបានលុះត្រាតែពួកគេជូនដំណឹងដល់សាលារាជធានី ឬអាជ្ញាធរខេត្តមុនយ៉ាងតិច៥ថ្ងៃ ហើយការតវ៉ាមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសាធារណៈឡើយ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)