ប័ណ្ណសារ

ប្រតិបត្តិ​ការ​ជម្លៀស​និស្សិត​ខ្មែរ​អុីស្លាម​ពី​ប្រទេស​យេម៉ែន​កំពុង​បន្ត​

By

April 06, 2015

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខណៈ​​ប្រទេស​យេម៉ែន នៅ​តែ​បន្ត​ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​ និង​ភាព​ច្របូក​ច្របល់ មន្ត្រី​កម្ពុជា​កំពុង​ព្យាយាម​ដើម្បី​​ជម្លៀស​និស្សិត​ខ្មែរ​​ចំនួន​ប្រាំបី​នាក់​ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​​ និង​ដើម្បី​បញ្ជូន​ពួកគេ​​ត្រឡប់​មក​វិញ​។

លោក កុយ គួង បាន​លើក​ឡើង​ថា ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​គុយវ៉ែត កំពុង​សហការ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​យេម៉ែន ដើម្បី​ជម្លៀស​និស្សិត​ទាំង​នេះ​​ចេញពី​ប្រទេស​ដែល​​កំពុង​មាន​ភាព​ច្របូក​ច្របល់​ផ្នែក​សាសនា​​មួយ​នេះ​។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ” ថ្មី​ៗ​នេះ យើង​បាន​សហការ​ជាមួយ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​យេម៉ែន ហើយ​ជំហាន​ដំបូង​យើង​បាន​​រក​ឃើញ​​និស្សិត​ចំនួន​ប្រាំបី​នាក់​រស់​នៅ​ក្នុង​តំបន់​មួយ​ដែល​យើង​គិត​ថា​គ្មាន​សុវត្ថិភាព​។ យើង​នឹង​បន្ត​ស្វែង​រក​អ្នក​ផ្សេងៗ​ទៀត”។

លោក កុយ គួង បាន​លើក​ឡើង​បន្ត​ថា និស្សិត​ទាំង​នេះ​​ដែល​ជា​​ខ្មែរ​អុីស្លាម​ត្រូវ​បាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​យេម៉ែន​ហើយ ប៉ុន្តែ​ថា លោក​មិន​បាន​ដឹង​អំពី​ទីតាំង​​នោះ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” គេ​នឹង​ជូន​ដំណឹង​មក​ខ្ញុំ​​នៅ​ពេល​ពួកគេ​មក​ដល់​កម្ពុជា​”។

លោក អូស្មាន់ ហាសាន់ រដ្ឋលេខាធិការ​​ក្រសួង​ការ​ងារ និង​ជា​សមាជិក​ដ៏​លេចធ្លោ​​​មួយ​រូប​នៅ​ក្នុង​​សហគមន៍​ខ្មែរ​អុីស្លាម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា អាច​នៅ​មាន​និស្សិត​ខ្មែរ​អុីស្លាម​​​ជាច្រើន​នាក់​ទៀត​នៅ​ក្នុង​ប្រទេស​យេម៉ែន ប៉ុន្តែ​ថា លោក​គ្មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​​ឲ្យ​បាន​កាន់​តែ​ច្បាស់​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ឥឡូវ​នេះ យើង​កំពុង​តែ​ធ្វើ​​ការ​លើ​រឿង​នេះ និង​​កំពុង​ព្យាយាម​​​ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត​”។

លោក វ៉ាន់ ម៉ាត់ ប្រធាន​សមាគម​ខ្មែរ​អុីស្លាម​បាន​លើក​ឡើង​ថា អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​មូស្លីម​ពិភព​លោក ដែល​បាន​មក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃព្រហស្បតិ៍ សម្រាប់​សន្និសីទមួយ​ស្ដីពី​សាសនា​បាន​ប្រាប់​លោក​អំពី​​និស្សិត​ទាំង​នេះ​​​អំឡុង​សន្និសីទ​។

លោក វ៉ាន់ ម៉ាត់ ​បាន​លើក​ឡើង​ថា លោក Abdullah bin Abdulmohsen Al-Turki អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​មូស្លីម​ពិភព​លោក​នេះ​បាន​ប្រាប់​លោក​ថា និស្សិត​ទាំង​ប្រាំបី​នាក់​នេះ​​កំពុង​សិក្សា​នៅ​ក្នុង​រដ្ឋធានី​សាណា​ ប្រទេស​យេម៉ែន ប៉ុន្តែ​​ត្រូវ​បាន​ជម្លៀស​ខ្លួន​បន្ទាប់ពី​សម្ព័ន្ធមិត្ត​ដឹក​នាំ​ដោយ​​ប្រទេស​អារ៉ាប៊ី សាអូឌីត ចាប់​ផ្ដើម​ទម្លាក់​គ្រាប់​លើ​រដ្ឋធានី​មួយ​នេះ។

លោក វ៉ាន់ ម៉ាត់ បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​គ្មាន​ព័ត៌មាន​ច្រើន​អំពី​ពួកគេ​ឡើយ​។ ពួកគេ​ទាំង​អស់​បាន​ចាក​ចេញ​​ពី​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីនោះ ហើយ​ការ​សិក្សា​របស់​ពួកគេ​គឺ​ផ្ដោត​លើ​សាសនា​”។

លោក​ វ៉ាន់ ម៉ាត់ បាន​លើក​ឡើង​ទៀត​ថា គេ​បាន​ប្រាប់​លោក​ថា ស្ថានទូត​ម៉ាឡេស៊ី​​​បាន​យក​ពួកគេ​ទៅ​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​ហើយ ហើយ​កំពុង​រៀបចំ​បញ្ជូន​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ។

លោក​បាន​មាន​​ប្រសាសន៍​បន្ថែម​ថា ” យើង​មិន​ដឹង​ថា ពួកគេ​នៅ​កន្លែង​ណា​ឡើយ​ឥឡូវ​នេះ ហើយ​យើង​កំពុង​តែ​រង់ចាំ​ព័ត៌មាន​​ពី​ម៉ាឡេស៊ី”។

លោក វ៉ាន់ ម៉ាត់ ក៏​បាន​លើក​ឡើង​បន្ថែម​ទៀត​ផង​ដែរ​ថា លោក​​មិន​ដឹង​ថា តើ​មាន​ខ្មែរ​អុីស្លាម​ប៉ុន្មាន​នាក់​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​យេម៉ែន​ឡើយ ហើយ​ថា គ្មាន​សមាជិក​គ្រួសារ​ណា​មួយ​នៃ​និស្សិត​ទាំង​នោះ​បាន​ទាក់​ទង​មក​អង្គការ​របស់​លោក​ទេ។

លោក រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​លើក​ឡើង​ថា លោក​ដឹង​អំពី​ប្រតិបត្តិការ​​ជួយ​សង្គ្រោះ​និស្សិត​ទាំង​ប្រាំបី​នាក់​នេះ ហើយ​ថា ក្រុម​ការ​ងារ​​មកពី​ក្រសួង​របស់​លោក​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​ក្រសួង​ការ​បរទេស​ ដើម្បី​ស្វែង​រក​​ព័ត៌មាន​បន្ថែម​អំពី​ពួកគេ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” មក​ទល់​ពេល​នេះ យើង​នៅ​មិន​ទាន់​​ទទួល​បាន​​ព័ត៌មាន​ច្រើន​នៅ​ឡើយ​ទេ ហើយក្រុម​ការ​ងារ​របស់​យើង​កំពុងតែ​ធ្វើ​ការ​លើ​រឿង​នេះ”។

កាលពី​ឆ្នាំមុន ក្រុម​សកម្មប្រយុទ្ធ Houthis ជា​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​អុីស្លាម​និកាយ​ស៊ីអុីត​ក្នុង​ប្រទេស​យេម៉ែន ​បាន​វាយ​ដណ្ដើម​យក​តំបន់​មួយភាគ​ធំ​នៅ​ភាគខាង​ជើង​ប្រទេស​នេះ រួម​ទាំង​រដ្ឋធានី​សាណា​ផង​ដែរ។ ចាប់តាំង​ពីពេល​នោះ​មក ក្រុម​អុីស្លាម​ជ្រុល​និយម​មួយ​នេះ​ និង​ក្រុម​អាល់កៃដា​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​យេម៉ែន​នេះ​ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស៊ីវិល​រាប់​រយ​នាក់​បាត់បង់ជីវិត​។

កាលពី​ខែ​មុន សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ចាប់​ផ្ដើម​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​ ដោយ​​ផ្ដោត​គោល​ដៅ​លើ​ទីតាំង​របស់​ក្រុម​​សកម្មប្រយុទ្ធ Houthis ដែលភាគ​ច្រើន​​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​សាណា៕ ស៊ុយឈាង​​​