26.3 C
Phnom Penh

នៅឯការ​សម្ពោធ​ស្ពាន​អ្នក​លឿង​ លោក​ ហ៊ុន សែន​ សរសើរ​​ជប៉ុន​និង​ខ្លួន​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​លើក​ដែក, ខេត្ត​កណ្ដាល-រថយន្ត​ទំនើបៗ​ជាង​៨០​គ្រឿង​ដែល​ដឹក​សុទ្ធតែ​​ថ្នាក់​ដឹក​នាំ ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​​ និងកង​​ការពារ​សន្តិសុខ​​បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ឆ្លង​កាត់​​ស្ពាន​ដ៏វែង​ជាង​គេ និង​ថ្មី​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ មុន​ពេល​វា​​ត្រូវ​បាន​បើក​​​សម្រាប់​ពល​រដ្ឋ​ឆ្លងកាត់​​ដោយ​​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ជា​លើក​ដំបូង​ភ្លាមៗ។

ស្ពាន​ត្សឹ​បាសា​​​​ ប្រវែង​២,២គីឡូម៉ែត្រ​ ដែល​ត្រូវ​បាន​សាង​សង់​​អស់​​​ទឹក​ប្រាក់​ចំនួន​១២៧​លាន​ដុល្លារ​​ក្រោម​ជំនួយ​​ឥត​សំណង​របស់​ជប៉ុន​ត្រូវ​បាន​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ព្រឹក​ម្សិលមិញ។ ដោយ​កាត់​ទន្លេ​​មេគង្គ​ ស្ពាន​នេះ​នឹង​ភ្ជាប់​​ រាជធានី​ភ្នំពេញ​ទៅ​នឹង​ខេត្ត​ស្វាយរៀង និង​​ខេត្ត​ព្រៃវែង ​ព្រមទាំង​​ប្រទេស​វៀតណាម​ផង​ដែរ។

ពេល​ថ្លែង​ទៅ​កាន់​មនុស្ស​ជាង​៨.០០០​នាក់​​ដែល​ប្រមូល​ផ្ដុំគ្នា​ក្បែរ​ស្ពាន​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី​​នីមួយៗ​របស់​ប្រទេស​ជប៉ុន​ ដែល​បាន​ប្ដូរ​មេដឹកនាំ​អស់​ចំនួន​១៨​​​រូប​រួច​មក​ហើយ​​ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៨៥​មក ហើយ​បន្ទាប់​មក​ទៀត ​លោក​​បាន​ថ្លែង​អំណរ​គុណ​​ដល់​ប្រទេស​​ជប៉ុន ​ដែល​នៅ​តែ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ” រឿង​សំខាន់​គឺ​ថា ជប៉ុន​មាន​កុង​សង់ស៊ីស​នយោបាយ​។ មិន​ថា​គណបក្ស​ណា​កាន់​អំណាច​ឬក៏​នាយករដ្ឋមន្ត្រី​ណា​នោះ​ទេ អា​ជំនួយ​មក​កម្ពុជា​នៅ​តែ​បន្ត​ឥតឈប់។ មិត្តភាព​កម្ពុជា​ជប៉ុន​យូរ​អង្វែង”។

ពេល​លើក​សរសើរ​ដល់​លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ៊ុន សែន ក៏​បាន​ពន្យល់​អំពី​សារៈសំខាន់​សេដ្ឋកិច្ច​នៃ​ស្ពាន​ត្សឹ​បាសា ដែល​ជា​ផ្នែក​​នៃ​​គម្រោង​​ជាយូរ​មក​ហើយ ដើម្បី​ស្ថាបនា​ផ្លូវ​ភ្ជាប់​រវាង​ទីក្រុង​ហូជីមិញ និង​ក្រុងបាង​កក​ ដោយ​ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ក្រុង​ប៉ោយ​ប៉ែត។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ” ស្ពាន​ហ្នឹង​មាន​តម្លៃ​ធំធេង​ក្រៅពី​ភ្ជាប់​តំបន់​នីមួយ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​ក៏​ភ្ជាប់​ទៅ​នឹង​ថ្នាក់​តំបន់​ផងដែរ​”។ លោក​បាន​បន្ត​ដោយ​ពន្យល់​​ថា​ ​គេ​នឹង​ចង​ចាំ​លោក​ជា​រៀង​រហូត​ថា ជា​បុរស​ដែល​ធ្វើ​ឲ្យ​ការ​សាង​សង់​នេះ​កើត​មាន​ឡើង​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ” មិន​ថា​យ៉ាង​ណា​ទេ ប្រវត្តិសាស្ត្រ​​នឹង​កត់​ត្រា​អ្នក​មក​បើក អ្នក​ដែល​តភ្ជាប់ និង​អ្នក​ដែល​មក​សម្ពោធ។ ទោះបីជា​១.០០០ឆ្នាំ​​បន្ទាប់ពី​ខ្ញុំ​ស្លាប់​ទៅ​ ឈ្មោះ​របស់​ខ្ញុំ​នឹង​នៅ​តែ​នៅទីនេះ”។

យោង​តាម​ទីភ្នាក់​ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​កំពុង​ផ្ដល់​មូលនិធិ​សម្រាប់​ស្ថាបនា​ផ្លូវ​ហាយវ៉េ​នេះឲ្យ​ដឹង​ថា​​ ផ្លូវ​ភ្ជាប់​រវាង​ទីក្រុង​ហូជីមិញនិង​ក្រុង​​បាងកក​ នឹង​ក្លាយ​ជា​ផ្នែក​នៃ​ផ្លូវ​ហាយវ៉េ​អាស៊ាន​ទី១ ដែលគេ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០​​ ​។

អំឡុង​ពិធី​សម្ពោធ​ស្ពាន​កាលពី​ម្សិលមិញ លោក Akhiko Tanaka ប្រធាន​ JICA បាន​អង្គុយ​នៅ​ពីក្រោយ​លោក ហ៊ុន សែន ក្នុង​ចំណោម​អ្នក​នយោបាយ​ យោធា និង​អ្នក​ជំនួញធំៗ​ជាច្រើន​នាក់​ទៀត​។

លោក Tanaka បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សង្ឃឹម​ និង​ជឿជាក់​ថា ស្ពាន​ត្សឹ​បាសា​មិន​គ្រាន់​តែ​ពង្រឹង​ទំនាក់​ទំនង​រវាង​​កម្ពុជា​និង​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​និមិត្តរូប​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​ផង​ដែរ​”។

បន្ទាប់ពី​ពិធី​ផ្លូវ​ការ​ត្រូវ​បាន​បញ្ចប់​ លោក ហ៊ុន សែន បាន​នាំ​អ្នក​ចូល​រួម​សំខាន់​ៗ​​ទាំង​អស់​ដើរ​ចម្ងាយ​១គីឡូម៉ែត្រ​​ទៅ​កាន់​កន្លែង​កាត់​ខ្សែបូ​ ហើយបង្ហោះ​​ប៉ោងប៉ោង​ពណ៌​ក្រហម ស និង​ខៀវ​រាប់​រយ​​ទៅ​លើ​អាកាស​។

បន្ទាប់​មក រថយន្ត​ទំនើបៗ​រាប់​សិប​គ្រឿង​​ ដែល​ដឹក​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី មេបញ្ជាការ​យោធា សមាជិក​សភា និង​អង្គរក្ស​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​នេះ ហើយឈប់​នៅ​ពាក់​កណ្ដាល​ស្ពាន​ដើម្បី​ថតរូប​​។

បន្ទាប់​មក​ទៀត នៅ​ម៉ោង​ប្រហែល​១០​និង​៤០​នាទីព្រឹក ​ថ្នាក់​ដឹកនាំ និងមន្ត្រី​អ្នក​មុខ​អ្នក​ការ​បាន​បើក​ឱកាស​ឲ្យ​ពល​រដ្ឋ​រាប់​ពាន់​នាក់​​ដែល​តម្រង់ជួរ​គ្នា និង​ភាគច្រើន​ជិះម៉ូតូ​បាន​​​ក្លាយ​ជា​អ្នក​ដំបូង​គេ​ដែល​បាន​ឆ្លង​កាត់​ស្ពាន​នេះ​​ម្ដង​។

ដោយ​ពលរដ្ឋ​ម្នាក់ៗ​​មាន​ចិត្ត​ចង់​ក្លាយ​ជា​អ្នក​ដំបូង​គេ​ដែល​បាន​ឆ្លង​កាត់​ស្ពាន វា​ធ្វើ​ឲ្យ​​ស្ពាន​នេះ​​​កក​ស្ទះ​ភ្លាមៗ​ជាង​មួយ​ម៉ោង។ ​

ចម្ងាយ​ប្រហែល​១គីឡូម៉ែត្រ​ពីស្ពាន កំពង់​ចម្លង​អ្នក​លឿង​ដែល​​បញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន​កាលពី​ម្សិលមិញ បាន​មាន​ដំណើរ​ការ​​រហូត​ដល់​ស្ពាន​​​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​ ប៉ុន្តែ​នៅ​ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ម្សិលមិញ ស្រឡាង​ចម្លង​​បាន​ឈប់​ប្រតិបត្តិការ​របស់​ខ្លួន​ទាំង​ស្រុង។

គ្រួសារ​អ្នក​លក់​ដូរ​មួយ​បាន​រុះរើ​តូប​លក់​អាហារ​របស់​ខ្លួន​ ហើយ​ដាក់​លើ​រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​នៅ​ក្បែរ​កំពង់​ចម្លង។ ខណៈ​ពួកគេ​បើក​ចេញ​ទៅ​​ ដោយ​ប្រហែល​ជា​លើក​ចុង​ក្រោយ​ហើយ​សម្រាប់​ពួកគេ​នោះ ក្មេង​ស្រី​ម្នាក់​ដែល​ជិះ​នៅ​ពី​ក្រោយ​​ដៃ​កាន់​សង្ក័សីបាន​ស្រែក​ទាំង​សប្បាយ​រីករាយ​ថា ” យើង​ទៅ​ឆ្លង​ស្ពាន​ថ្មី​!”៕ ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស