ក្រុមមន្ត្រីបានឲ្យដឹងថា និស្សិតខ្មែរអីុស្លាមចំនួនប្រាំបីនាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសយេម៉ែន នៅជាប់ក្នុងរដ្ឋធានីសាណានៅឡើយកាលពីម្សិលមិញ ខណៈអំពើហិង្សាសាសនានៅតែបន្តមានកំដៅកើនឡើងនៅក្នុងប្រទេសនេះ។
លោក ស្មាន មា៉ណាន ដែលឆាប់ៗនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែតជាទីស្ថានទូតកម្ពុជាកំពុងព្យាយាមជម្លៀសនិស្សិតខ្មែរអីុស្លាមពីប្រទេសយេម៉ែននោះបានលើកឡើងថា ស្ថានទូតបានទាក់ទងជាមួយនិស្សិតទាំងប្រាំបីនាក់នេះតាមរយៈទូរស័ព្ទ។
លោក មា៉ណាន បានលើកឡើងថា និស្សិតទាំងប្រាំបីនាក់នេះបានទៅដល់ប្រទេសយេម៉ែនតាមរយៈការធ្វើដំណើរដាច់ដោយឡែកពីគ្នា បន្ទាប់ពីសិក្សាក្នុងប្រទេសម៉ាឡេស៊ី ហើយឥឡូវនេះកំពុងស្នាក់នៅជាមួយគ្នាក្នុងប្រទេសយេម៉ែន។
លោកបានមានប្រសាសន៍ថា “ពួកគេមិនអាចចាកចេញពីរដ្ឋធានីនេះបានឡើយដោយសារតែការប្រយុទ្ធគ្នា។ ពួកគេខ្លាច។ ពួកគេក៏សង្ឃឹម ហើយបួងសួងឲ្យស្ថានភាពនៅយេម៉ែនបានប្រសើរឡើងវិញផងដែរ”។
ក្នុងរយៈពេលជាងប្រាំមួយខែកន្លងមកនេះ ក្រុមសកម្មប្រយុទ្ធ Houthis ដែលជាជនជាតិភាគតិចកាន់សាសនាអីុស្លាមនិកាយស៊ីអីុតនៅក្នុងប្រទេសយេម៉ែនបានវាយដណ្តើមយកតំបន់មួយភាគធំនៅភាគខាងជើងប្រទេសមកគ្រប់គ្រងក្នុងនោះរួមទាំងរដ្ឋធានីសាណាផងដែរ ហើយឥឡូវពួកគេកំពុងពង្រីកយុទ្ធនាការទៅកាន់ភាគខាងត្បូងបន្តទៀត។
អង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា មនុស្សជាង៥០០នាក់បានស្លាប់ និងប្រមាណ១.៧០០នាក់បានរងរបួសនៅក្នុងប្រទេសយេម៉ែននេះក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ កាលពីចុងខែមុន សម្ព័ន្ធមិត្តដែលសុទ្ធតែកាន់សាសនាអីុស្លាមនិកាយស៊ុននី និងដែលដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសលើទីតាំងរបស់ក្រុម Houthis ទាំងនៅក្នុងរដ្ឋធានាណាសា និងកន្លែងផ្សេងៗទៀតនៅទូទាំងប្រទេស។
លោក មា៉ណាន បានលើកឡើងបន្តទៀតថា ស្ថានទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត កំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ដើម្បីស្វែងរកមធ្យោបាយជួយជម្លៀសនិស្សិតទាំងេនះទៅកាន់ព្រំដែន រួចនាំទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ជាទីដែលពួកគេអាចធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម ហើយបន្ទាប់មកទៀតធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ។
លោកបានមានប្រសាសន៍ថា “យើងកំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីនាំពួកគេត្រឡប់មកវិញ។ ជំហានដំបូង យើងត្រូវតែស្វែងរកមធ្យោបាយដើម្បីនាំពួកគេទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីតជាមុនសិន”។
បើយោងតាមការឲ្យដឹងពីលោក ម៉ាណាន នៅមាននិស្សិតខ្មែរអីុស្លាមជាច្រើនទៀតបានសិក្សានៅប្រទេសយេម៉ែន ប៉ុន្តែ ភាគច្រើនរស់នៅក្រៅក្រុង ហើយនៅឆ្ងាយពីកន្លែងមានការប្រយុទ្ធគ្នាខ្លាំង។
លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំកំពុងព្យាយាមដើម្បីស្វែងរកព័ត៌មានថា តើមាននិស្សិតខ្មែរអីុស្លាមចំនួនប៉ុន្មាននាក់រស់នៅទីនោះនៅឡើយ។ ពួកគេរស់នៅក្នុងខេត្តផ្សេងៗគ្នា”។
លោក សុះ មុះសិន អនុប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា(CMDF) បានលើកឡើងថា អង្គការរបស់លោកក៏កំពុងតែព្យាយាមសហការដើម្បីឲ្យមានការនាំនិស្សិតខ្មែរអីុស្លាមចេញពីប្រទេសយេម៉ែនដោយសុវត្ថិភាពផងដែរ។
លោកបានលើកឡើងទៀតថា អង្គការរបស់លោកបានទាក់ទងទៅកាន់និស្សិតទាំងប្រាំបីនាក់នេះតាមរយៈអីុម៉េល។ ហើយពួកគេបាននិយាយថា ជាអ្នកកាន់សាសនាអីុស្លាមនិកាយស៊ុននី ខ្លួនព្រួយបារម្ភខ្លាចក្រែងអ្នកគាំទ្រក្រុម Houthis ផ្តោតគោលដៅមកលើពួកគេ ។
លោក មុះសិន បានមានប្រសាសន៍ថា “បញ្ហានៅត្រង់ថា ពួកគេជាជនបរទេស។ ប្រសិនបើគេដឹងថា ពួកគេជានិស្សិត ហើយកាន់សាសនាអីុស្លាមនិកាយស៊ុននីនោះ [ក្រុមHouthis] ប្រហែលជានឹងបាញ់សម្លាប់ពួកគេចោល”។
លោក មុះសិន ដែលក៏ជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាដែរនោះបានលើកឡើងថា មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បា៉ន់ប្រមាណថា មាននិស្សិតខ្មែរអីុស្លាមប្រហែល២០នាក់កំពុងសិក្សានៅយេម៉ែន ប៉ុន្តែ ថា មានតែនិស្សិតប្រាំបីនាក់តែប៉ុណ្ណោះដែលកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ខ្លាំង។
លោកបានមានប្រសាសន៍ទៀតថា “យើងបានប្រាប់ពួកគេថា ត្រូវតែរត់គេចចេញពីតំបន់មានជម្លោះ ហើយបន្ទាប់មកត្រូវរកមិត្តភក្តិឲ្យជួយនាំចេញពីប្រទេសនេះ”។ លោកបានបន្តថា និស្សិតទាំងេនះកំពុងសិក្សាភាសាអារ៉ាប់ និងសាសនាអីុស្លាម។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្រសួងរបស់លោកកំពុងធ្វើការជាមួយក្រសួងការបរទេសដើម្បីបញ្ជាក់ពីអត្តសញ្ញាណនិស្សិតទាំងនេះ។
គេមិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសដើម្បីសុំការធ្វើអត្ថាធិប្បាយបានឡើយ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម)