អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សមួយបានលើកឡើងកាលពីម្សិលមិញថា បន្ទាប់ពីគ្មានសេចក្តីរាយការណ៍ថ្មីៗរយៈពេលជាងមួយខែអំពីជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ា ដែលភៀសខ្លួនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជានោះ ជនជាតិម៉ុងតាញ៉ាចំនួន១១នាក់បានចូលមកដល់ខេត្តរតនគិរីកាលពីយប់ថ្ងៃអាទិត្យ។
លោក ឆាយ ធី មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់លោកថា ជនជាតិម៉ុងតាញ៉ាទាំងនេះបានមកដល់ស្រុកអណ្តូងមាស ជិតពេលពាក់កណ្តាលយប់។លោកបានលើកឡើងទៀតថា “ខ្ញុំបានរាយការណ៍ទៅអង្គការសហប្រជាជាតិរួចហើយអំពីការមកដល់របស់អ្នកទាំង១១នាក់នេះ”។
នៅក្នុងអីុម៉េលមួយ លោកស្រី វ៉ាន ហៀលី (Wan-Hea Lee) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកស្រីដឹងពីការមកដល់របស់ពួកគេ។ លោកស្រីបានមានប្រសាសន៍ទៀតថា “យើងក៏បានឮសេចក្តីរាយការណ៍ដូចគ្នានេះដែរ។ តាមដែលយើងដឹង គឺព័ត៌មាននេះអាចទុកចិត្តបាន”។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារភ័យខ្លាចការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរបាននិយាយថា ជនជាតិម៉ុងតាញ៉ាទាំងនេះដែលមានបុរស១០នាក់ និងស្ត្រីម្នាក់ បានមកដល់ផ្ទះរបស់គាត់នៅក្នុងស្រុកអណ្តូងមាស កាលពីយប់ថ្ងៃអាទិត្យ។
គាត់បាននិយាយបន្ថែមទៀតថា “ពួកគេបានប្រាប់ខ្ញុំថា ពួកគេរត់ភៀសខ្លួនពីប្រទេសវៀតណាម ពីព្រោះអាជ្ញាធរគំរាមសម្លាប់ពួកគេដោយសារតែពួកគេកាន់សាសនាយេស៊ូ។
ពួកគេម្នាក់ៗបានអង្វរឲ្យខ្ញុំជួយ ហើយប្រាប់ខ្ញុំថា ពួកគេនឹងត្រូវគេសម្លាប់ចោលបើខ្ញុំបដិសេធ”។
អ្នកភូមិរូបនេះបាននិយាយបន្តថា ពេលនេះជនជាតិម៉ុងតាញ៉ាទាំងនេះកំពុងលាក់ខ្លួនក្នុងព្រៃនៅក្នុងស្រុកនេះ។ គាត់និយាយថា “ខ្ញុំនឹងទៅមើលពួកគេនៅយប់នេះជាមួយនឹងអង្ករ៣០កំប៉ុងឲ្យពួកគេដាំបាយ ពីព្រោះពួកគេធ្វើដំណើរពីវៀតណាម រយៈពេលប្រាំថ្ងៃហើយ ហើយពួកគេគ្មានអ្វីហូបទេ”។
បុរសជនជាតិភាគតិចចារ៉ាយម្នាក់ទៀតដែលបានជួយជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតាញ៉ាទាំងអស់ជាង៩០នាក់ដែលបានមកដល់ខេត្តរតនគិរីចាប់តាំងពីខែតុលាមកនោះ បាននិយាយថា អ្នកស្រុកមួយចំនួននៅក្នុងតំបន់ដែលជនជាតិម៉ុងតាញ៉ាទាំង១១នាក់កំពុងលាក់ខ្លួននោះ មិនចង់ឲ្យពួកគេនៅទីនោះទេ។ គាត់និយាយថា “ពួកគេមិនចង់ឲ្យប៉ូលិសរំខានពួកគេទេ”។
លោក អ៊ុយ បុល អធិការរងនគបាលស្រុកអណ្តូងមាស បានមានប្រសាសន៍ថា លោកមិនបានទទួលដំណឹងអំពីការមកដល់របស់ក្រុមនេះទេ ហើយជឿថា ពួកគេមិនអាចចូលមកក្នុងស្រុកេនះដោយនគរបាលដឹងនោះទេ។លោកមានប្រសាសន៍ទៀតថា “ខ្ញុំគិតថាអ្នកទាំងនោះមិនអាចឆ្លងចូលមកក្នុងតំបន់នេះបានទេ ពីព្រោះយើងបានដាក់ពង្រាយកម្លាំង
នគរបាលជាច្រើន”។
ជាការចាប់ផ្តើមនៅចុងខែតុលា ជនជាតិម៉ុងតាញ៉ា ដែលជាក្រុមជនជាតិភាគតិចមកពីតំបន់ខ្ពង់រាបភាគកណ្តាលរបស់វៀតណាម បានចាប់ផ្តើមឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសតាមខេត្តរតនគិរី។ ពួកគេភាគច្រើនបានអះអាងថា ខ្លួនរត់គេចពីការធ្វើទុក្ខបុកម្នេញខាងសាសនា និងនយោបាយពីសំណាក់អាជ្ញាធរវៀតណាម។
ក្នុងចំណោមជនជាតិភាគតិចម៉ុងតាញ៉ាជាង៩០នាក់ដែលបានឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាចាប់តាំងពីខែតុលាមកនោះ មានតែ២៤នាក់ប៉ុណ្ណោះដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ។ ១៣នាក់ក្នុងចំណោមនោះត្រូវបានក្រសួងមហាផ្ទៃទទួលស្គាស់ជាជនភៀសខ្លួនផ្លូវការកាលពីខែមុន ចំណែកឯអ្នកដែលនភៅសេសសល់ផ្សេងកំពុងរង់ចាំដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន។
សូមបញ្ជាក់ថា ជនជាតិភាគតិចម៉ុងតាញ៉ា រាប់សិបនាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ៕ សុខុម (រាយការណ៍បន្ថែមដោយ Chris Mueller)