32 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទចាក់​​សម្លាប់​ក្មេង​ស្រី​ជំទង់ម្នាក់​ក្នុងគ្រោះថ្នាក់ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលាការ​​​បាន​និយាយ​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​ខេត្ត​កំពង់ចាម​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​​ពីបទ​មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់ទោស​ចំពោះ​ការ​​ចាក់​សម្លាប់​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​ជុំវិញ​​ជម្លោះ​នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍។

បុរស​រូប​នោះ​ឈ្មោះ ស្មាន់ វី អាយុ​២៦​ឆ្នាំ ដែល​ជា​មនុស្សគ​ថ្លង់នោះ ​មាន​​កំហឹង​នឹង​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ទិន ឡានី និង​មិត្ត​ភក្តិ​របស់​នាង​ឈ្មោះ ​រ៉ាន់ ផល្លី អាយុ​១៣​ឆ្នាំ បន្ទាប់ពី​ក្មេង​ស្រី​ទាំង​ពីរ​បាន​​​បុក​ម៉ូតូ​របស់​ជន​នេះ​​នៅ​ផ្លូវ​លំ​តូច​មួយ​ស្ថិត​ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។

នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា បុរស​រូប​នេះ​បាន​ប្រើដែកឆាប​ចាក់​ក្មេងស្រីទាំងពីរ​ ដោយ​ចាក់​ក្មេងស្រី ​រងគ្រោះ​ឈ្មោះ ទិន ឡានី ត្រង់ស្មា ខ្នង និង​ក្លៀក​ខាង​ឆ្វេង​ ហើយ​​ចាក់​ក្មេង​ស្រី​ ផល្លី ១៣​ដែក​ឆាបទៀត។

បុរស​ឈ្មោះ វី នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​នៅ​សាលា​ដំបូង​ខេត្ត​កំពង់​ចាម ពីព្រោះ​ខេត្ត​​ត្បូងឃ្មុំ​ ដែលជា​ខេត្ត​ថ្មី​បំផុត​​មិន​ទាន់​មាន​​តុលាការ​ឡើយ​។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ” យោង​តាម​សាក្សី​ ជន​រងគ្រោះ​និង​ភ័ស្តុ​តាង​នៅ​កន្លែង​កើត​ហេតុ បុរស​រូប​នេះ​​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​ និង​ការ​បង្ក​របួស​ស្នាម​លើ​​ក្មេងស្រី​អនីតិជន​ ហើយ​យើង​បាន​ចោទ​ប្រកាន់​ជន​នេះ​​ពីបទ​មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់ទោស​ ហើយ​បាន​បញ្ជូន​ករណី​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ”។

នគរ​បាល​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ វី មាន​កំហឹង​បន្ទាប់ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ពេល​ក្មេងស្រី​​ទាំង​ពីរ​នាក់​មិន​បាន​ផ្ដល់​សំណង​ដល់​ខ្លួន​។

លោក ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វា​អាច​ថា​ក្មេងស្រី​​ទាំង​ពីរ​បាន​ប្រើ​កាយ​វិការ​មិន​គប្បី​នៅ​ពេល​ព្យាយាម​និយាយ​ជាមួយ​ឈ្មោះ វី នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” វា​លំបាក​សម្រាប់​ក្មេងស្រី​​ទាំង​ពីរ​​ក្នុង​ការ​និយាយ​ជាមួយ​ជន​សង្ស័យ​រូប​នេះ​ណាស់ ពីព្រោះ​ពួកគេ​នៅ​ក្មេង​​ ហើយ​មិន​ដឹង​ថា ​កាយវិការ​អ្វីដែល​គេ​ប្រើ​​ដើម្បី​​​ទារ​ប្រាក់ឡើយ និង​កាយវិការ​អ្វី​ដែល​គេ​​ប្រើ​ដើម្បី​​និយាយ​ថា ពួកគេ​មិន​មាន​លុយ​នោះឡើយ​​”។

លោក​ ម៉ៅ ពៅ បាន​មាន​ប្រសាសន៍​ថា ភាព​គថ្លង់​របស់​​បុរស​ឈ្មោះ វី នេះ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​នគរ​បាល​​ក្នុង​ការ​សួរ​ជន​សង្ស័យ​​រូប​នេះ​ដែរ​។

លោក​បានមាន​ប្រសាសន៍​ថា ” យើង​មិន​ដឹង​ថា គាត់​ព្យាយាម​ពន្យល់​ពី​អ្វីឡើយ​។ បើ​តាម​អ្នកភូមិ​ម្នាក់​ដែល​បាន​បក​ប្រែ​ភាសា​កាយ​វិការ​នេះ​ បុរស​រូប​នេះ​បាន​សារភាព​ថា ជននេះ​​ពិត​ជា​បាន​ចាក់​​ក្មេងស្រីទាំង​ពីរ​មែន ពីព្រោះ​គាត់ខឹង​ដោយ​សារពួកគេ​មិន​បាន​ឲ្យ​លុយ​​គាត់​”។

យោង​តាម​លោក ចក់ សុខកៅ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ បុរស​ឈ្មោះ​ វី នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅពន្ធនាគារ​ខេត្ត​កំពង់ចាម៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស