32 C
Phnom Penh

គ្រាប់មីននិង​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់និង​របួស​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាមទិន្នន័យ​ថ្មី​បំផុត​របស់រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ចំនួន​​​​​​គ្រោះ​​​ថ្នាក់​​​ និង​​​ចំនួន​​​អ្នក​ស្លាប់​​​​​​និង​របួស​ដោយ​​​សារ​​​គ្រាប់​​​មីន​​​ចាស់​​​ៗ និង​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​ដទៃទៀត​​​​បាន​​​កើន​​​ឡើង​​​ជិត​​​៤០​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន បើ​​​ទោះ​​​ណា​​​ជា​​​តួ​​​លេខ​​​ទាំង​​​ពីរ​​​នេះ​​​នៅ​​​​​ទាប​​បំផុត​ទី២​ស្តីពី​របាយ​ការណ៍​វឌ្ឍនភាព​ឆ្នាំបន្តបន្ទាប់​​​ក្នុង​​​ការ​​​ដោះ​​​មីន​​​​​​ក៏​​​ដោយ​​​។

យោង​​​តាម​​​របាយ​ការណ៍​​​ដំណាច់​​​ឆ្នាំ​​​របស់​​​អាជ្ញា​​​ធរ​​​សកម្មភាពកម្ចាត់​​​មីន​​​កម្ពុជា​​​របស់​​​រដ្ឋា​ភិបាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា ការ​​​ផ្ទុះ​​​គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​៩៨​​​លើក​​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​ និង​​​មនុស្ស​​​របួស​​​១៥៧​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១៤។ តួលេខ​​​េនះ​​​រួម​​​មាន​​​មនុស្ស​​​២១​​​នាក់​​​បាន​​​ស្លាប់ និង​​​៣៨​​​នាក់​​​ពិការ​​​ដៃ​​​ជើង​​​។

សង្គ្រាម​​​ស៊ីវិល​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​ ការ​​​ទម្លាក់​​​គ្រាប់​​​បែក​​​របស់​​​​​​អាមេរិក និង​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​ជា​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ដែល​​​ញាំ​​​ញី​​​ដោយ​​​គ្រាប់​​​មីន​​​ច្រើន​​​បំផុ​​​តក្នុង​​​ពិភព​​​លោក​​​។

យោង​តាម​អាជ្ញាធរ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ជន​​​កម្ពុជា​​​ស្លាប់​​​ និង​​​របួស​​​ចំនួន​​​៦៤.០០០នាក់​​​ចាប់​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​បាន​​​ដួល​​​រលំ​​​ក្នុង​​​ឆ្នាំ​​​១៩៧៩មក​​​។

បើ​​​ទោ​​​ះ​​​ជា​​​គ្រាប់​​​មីន និង​​​យុទ្ធភណ្ឌ​​​មិនទាន់​​​ផ្ទុះ​​​ទាំង​​​នេះ​​​បន្ត​​​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​​​និង​របួស​​​​សព្វ​​​ថ្ងៃ​​​េនះ​​​ក៏​​​ដោយ​​​ ក៏​​​ចំនួន​​​អ្នក​​​ស្លាប់​​​ និង​​​របួស​​​ដោយសារ​​​គ្រាប់​​​មីន​​​បាន​​​ថយ​​​ចុះ​​​ជា​​​បន្ត​​​បន្ទាប់​​​ហើយ​តួលេខ​ទាបបំផុត​​​​គឺ​​​​១១១​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​។

លោក ហេង រតនា អគ្គនាយក​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​​​មីន​​​កម្ពុជា​​​របស់​​​អាជ្ញាធរ​​​សកម្មភាព​​​កម្ចាត់​​​មីន​​​កម្ពុជា​​​ ដែល​​​ជា​​​ក្រុម​​​ដោះ​​​មីន​​​របស់​​​រដ្ឋាភិបាល​​​បាន​​​មានប្រសាសន៍​​​ថា វា​​​មិន​​​មែ​​​ន​​​ជា​​​ការ​​​ងាយ​​​ស្រួល​​​​​​ក្នុង​​​ការ​​​បញ្ជាក់​​​ពី​​​ហេតុ​​​ផល​​​ជាក់​​​លាក់​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​ទាក់ទង​ការ​​​ផ្ទុះ​​​ និង​​​ចំនួន​​​មនុស្ស​​​ស្លាប់​​​ និង​​​របួស​​​ឡើយ​។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “វា​​​លំបាក​​​​​​ស្វែង​រក​បញ្ហា​​​ជាក់​​​លាក់​​​ណាស់​…​​​ប៉ុន្តែ យើង​​​​​សង្កេត​​​ឃើញ​​​ពី​​​ការ​​​កើន​​​ឡើង​​​នៃ​​​គ្រាប់​​​មីន​​​ទាក់​​​ទងទៅ​​​​នឹង​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​”។

លោក​​​ រតនា បាន​​​មាន​​​​​​ប្រសាសន៍​​​ថា មាន​​​ការ​​​កើន​​​ឡើង​​​ក្នុង​​​ចំនួន​​​កសិករ​​​ ដែលពួកគាត់​​​បាន​​​​​​ផ្លាស់​​​ប្តូ​​​រ​​​ពីការ​​​ប្រើ​​​ឧបករណ៍​​​ដោយ​​​ដៃ​​​ទៅ​​​ជា​​​ឧបករណ៍​​​ទំនើបដែលបាន​​​​​​​ធ្វើ​​​ឲ្យ​​​គ្រាប់​​​មីន​​​ចាស់​​​ៗ និង​​​គ្រាប់​​​មីនកប់ក្នុង​​​​​ដី​លេច​ឡើង​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់ ទំនង​​​ជា​​​ធ្វើ​​​ឲ្យ​​​គ្រាប់​​​មីន​​​ទាំង​​​នោះ​​​ផ្ទុះ​​​ច្រើន​​​ជាង​​​ការ​​​ប្រើ​​​រនាស់​​​ ​​​ចប​​​កាប់​​​ ឬ​​​សត្វ​​​ពាហនៈ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​និន្នាការ​​​នេះ​​​ មជ្ឈមណ្ឌល​​​សកម្ម​​​ភាព​​​ចម្ចាត់​​​មីន បាន​​​ជំរុញ​​​ឲ្យ​​​កសិករ​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​ប្រឈម​​​​​​ហានិភ័យ​​​ខ្ពស់​​​ចៀស​​​វាង​​​កំុ​​​ប្រើ​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់ ហើ​​​​​​យ​​​បាន​បញ្ជូន​​​ក្រុម​​​ដោះ​​​មីន​​​កាន់តែច្រើនដើម្បី​ផ្តោ​តគោលដៅ​ជាក់លាក់​លើការ​ជីក​​​រក​​​មីន​​​ប្រឆាំង​​​រថយន្ត​​​ក្រោះ​​​ ដែល​​​ជា​​​គ្រាប់​​​មីន​​​មាន​​​កម្លាំង​ខ្លាំង​​​​ជាងគ្រាប់​​​​មីន​​​ប្រឆាំង​​​មនុស្ស​​​ ហើយ​​​ធម្មតា​​​ គ្រាប់​​​មីន​​​ទាំង​​​នេះកប​់​​​ជ្រៅ​​​ក្នុង​​​ដី ធ្វើ​​​ឲ្យ​​​ពិបាក​​​ជីករក​​​​ណាស់។

លោក រតនា បាន​​​មាន​​​ប្រសាសន៍​​​ថា មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​​​មីន​​​ ក៏​​​បាន​​​ប្រកាស​​​ពី​​​ផ្ទៃ​​​ដី ដែល​​​គ្មាន​​​មីន​​​ទំហំ​​​១២៤គីឡូម៉ែត្រ​​​ក្រឡា​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ គឺ​​​កើន​​​ឡើង​​​ពី​​​ផ្ទៃ​​​ដី​​​ទំហំ​​​៨០​​​គីឡូមែ៉ត្រ​​​ក្រឡា​​​កាល​​​ពីឆ្នាំ​​​២០១៣។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ភាគច្រើន​​​នៃតំបន់​​​​ព្រំ​​​ដែន​​​កម្ពុជា​​​-ថៃ​​​ កន្លែង​​​ដែល​​​មាន​​​គ្រាប់​​​មីន​​​ច្រើន​​​​​​នោះ​​​នៅ​​​តែ​​​​​​លំបាកសម្រាប់ក្រុម​ដោះមីន​ដដែល​ដោយសារ​​​​​ហេតុផល​​​នយោបាយ​​​។

កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​មុន តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប៉ុណ្ណោះ​​​  លោក ងិត ឃុច​​​ អាយុ​​​៤៨​​​ឆ្នា​​​ំ​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​ការដ្ឋាន​​​សាងសង់​សណ្ឋាគារ​​​​មួយ​​​នៅ​​​ជាយ​​​ក្រុង​​​សំរោង​​​ ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​ មិន​​​ឆ្ងាយ​​​ប៉ុន្មាន​​​ពី​​​ព្រំ​​​ដែន​​​ថៃ ​​​នៅ​​​ពេលនោះ​​​​លោក​​​បាន​​​​​​ដើរចេញ​​​ពី​​​កន្លែង​​​​​​លោក​​​ធ្វើ​​​ការ​​​ទៅ​​​បត់​​​ជើង។

កម្មករ​​​ដឹង​​​ថា កន្លែង​​​នោះ​​​សម្បូរ​​​មីន​​​ដោយសារ​​​តែ​​​មាន​​​ការ​​ដាស់តឿន​​​​ម្តងហើយ​ម្តងទៀត​​​​ពី​​​ទាហាន​​​​​​មូល​​​ដ្ឋាន។​​​ ប៉ុន្តែ មិន​​​មាន​​​ការ​​​ដាក់​​​សញ្ញា​​​សម្គាល់​​​ទេ ហើយ​​​លោក ឃុច ជឿ​​​ថា ​​​ទម្ងន់​​​ជើង​​​របស់​​​លោក​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​គ្រាប់​​​មីន​​​ផ្ទុះ​​​ឡើយ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​តាម​​​ផ្លូវ​​​លោក ឃុច​ ដែល​​​ជា​​​ប្តី​​​ និង​​​ជា​​​ឪពុក​​​ដែល​​​មាន​​​កូន​​​ពី​​​រ​​​នាក់​​​បាន​​​ជាន់​​​មីន​​​ ហើយ​​​បាន​បាត់បង់​​​​ជើង​​​ទាំង​​​ពីរនៅក្នុង​ការ​ផ្ទុះនោះ​​​។ លោក​មិន​​​អាច​​​ធ្វើ​​​ការ​​​​​បាន​ទៀត​ឡើយ ហើយ​​​​​​ដេក​​​លើ​​​គ្រែ​​​ស្ទើរគ្រប់​​​ពេល​​​វេលា​​​។

លោក​​​​​​បាន​​​និយាយ​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​គិត​​​ថា វា​​​កើត​​​ឡើង​​​ឡើយ​​​​​​។ ឥឡូវ​​​នេះ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​អស់​​​សង្ឃឹម​​​យ៉ាង​​​ខ្លាំង​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​អាច​​​រក​​​ស៊ី​​​ចិញ្ចឹម​​​គ្រួសារ​​​ខ្ញុំ​​​បាន​​​​ឡើយ​​​។ រដ្ឋាភិបាល​​​មិន​​​អាច​​​​​​​​ដោះ​​​មីន​​​តំបន់​​​នោះ​បាន​​​​ឡើយ​​​ ពីព្រោះ​​​វា​​​ជា​​​តំបន់​​​ស​​​ [តំបន់​​​ទ្រនាប់]
​​​​​ប៉ុន្តែ គេ​​​គួរ​​​ដាក់​​​​សញ្ញា​​​សម្គាល់​មួយ​​​ចំនួនឲ្យ​ដឹង​​​​ផង”៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ​​​ សេក ឧត្តម)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស