38 C
Phnom Penh

បុរស​ដែលគេ​ចោទ​ថាជា​គ្រូអាបធ្មប់​ រត់​គេច​ខ្លួនចេញពី​ផ្ទះ​ដោយ​សារ​រង​ការ​គំរាម​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ជនជាតិ​ដើម​ភាគ​តិច​​ចារ៉ាយ​ម្នាក់​ដែល​​ត្រូវ​អ្នក​ជិត​ខាង​​របស់​គាត់​នៅ​ក្នុង​ស្រុក​បរកែវ ខេត្ត​រតនគិរី​ ចោទ​ប្រកាន់​​ថា​បាន​ធ្វើ​អំពើ​អាបធ្មប់​នោះ បាន​រត់គេច​ខ្លួន​ចេញពី​ផ្ទះ​​កាលពី​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​​បង​​ប្រុស​របស់​គាត់​ព្យាយាម​សម្លាប់​គាត់។

កាលពី​ថ្ងៃសុក្រ នគរ​បាល​ស្រុក​​បាន​ព្រមាន​ប្រជាពល​រដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ក្រុម​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ឈ្មោះ រចំ គីន អាយុ​៤៨​ឆ្នាំ​ខាង​លើ​នេះ បន្ទាប់ពី​ពួកគេ​គំរាម​សម្លាប់​គាត់​​ដោយ​សារ​តែ​មាន​មនុស្ស​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ភូមិជ្រុង ឃុំកក់។

នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ លោក រចំ គីន បាន​អះអាង​ថា បង​ថ្លៃ​ប្រុស​របស់​គាត់​បាន​ប្រាប់​គាត់​ថាគាត់​នឹង​ត្រូវ​គេ​សម្លាប់​ ប្រសិន​បើ​គាត់​មិន​ចាក​ចេញពី​ផ្ទះ​របស់​ខ្លួន​​នៅ​ក្នុង​ភូមិ​ខាង​លើ​នេះ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ទេ​នោះ ហើយ​បង​ប្រុស​របស់​គាត់​ឈ្មោះ រចំ ទីន ​បាន​យក​កាំបិត​ភ្ជង់​បំពង់​ក​របស់​គាត់​។ គាត់​បាន​និយាយ​នៅ​ពេល​នោះ​ថា “គាត់​ចោទ​ខ្ញុំ​ថា ខ្ញុំ​ធ្វើ​អំពើ​ឲ្យ​កូនៗ​របស់គាត់​​ធ្លាក់​ខ្លួន​ឈឺ​”។

លោក រចំ គីន បាន​និយាយ​កាលពី​ម្សិលមិញ​ថា បង​ប្រុស​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ រចំ ទុន ​បាន​ព្យាយាម​ច្របាច់​ក​គាត់​កាលពី​ថ្ងៃសៅរ៍។ គាត់​បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ​​ចេញពី​ចម្ការ​របស់​បង​ប្អូន​ជីដូន​មួយ​គាត់​ក្នុង​​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ភូមិ​របស់​គាត់​ថា ” ខ្ញុំ​មុត​ក​ដោយ​មាន​ស្នាម​ក្រចក និង​មាន​ស្នាម​ជាំ​​លើ​ករបស់​ខ្ញុំ​​ត្រង់​កន្លែង​ដែល​គាត់​ច្របាច់​។ គាត់​​បាន​ព្យាយាម​សម្លាប់​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​គេច​ផុត​ពីគាត់​។ នោះ​ជាមូលហេតុ​ដែល​ខ្ញុំ​រត់គេច​ខ្លួន​កាលពី​ថ្ងៃអាទិត្យ”។

លោក សាំង សុខ អធិការ​រង​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​មន្ត្រី​របស់​លោក​បាន​ព្រមាន​អ្នក​ជិត​ខាង​​​របស់​លោក រចំ គីន កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សាទៅ​លើ​គាត់​។ លោក​បាន​លើក​ឡើង​ថា ” បន្ទាប់ពី​ទទួល​ការ​អប់រំ​ណែនាំ​ អ្នកភូមិ​​ដែល​បាន​បាត់​បង់​ជីវិត​កូន​ និង​បងប្អូន​ប្រុស​ស្រី បាន​ស្ងប់​​រម្ងាប់​អារម្មណ៍​ ហើយ​បាន​សន្យា​មិន​ធ្វើ​អី​ចំពោះ​គ្រូអាប​ធ្មប់​នេះ​ឡើយ​។ ប៉ុន្តែ​ពួកគាត់​នៅ​តែ​ចង់​ឲ្យ​បណ្ដេញ​បុរស​រូប​នេះ​ចេញពី​ភូមិ​”។

លោក​បាន​​បញ្ជាក់​ថា បុរស​ប្រាំពីរ​នាក់​នៅ​ក្នុង​​ភូមិជ្រុង​ បាន​​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​​នេះ​មក។ បុរស​ទាំង​នេះ​ធ្លាប់​​បាន​បដិសេធ​មិន​ឲ្យ​លោក រចំ គីន ចូល​រួម​ពិធី​ផឹកស៊ី​ជាមួយ​ពួកគេ។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” ភាគ​ច្រើន​ក្នុង​ចំណោម​បុរស​ដែល​ធ្លាក់​ខ្លួន​ឈឺ​ទាំង​នោះ​មាន​អាការ​ហើម​លិង្គ​ធ្ងន់ធ្ងរ ហើយ​ក្រោយ​មក​ក៏​​បាន​ស្លាប់​​ទៅ​ទោះបី​ជា​បាន​ស្វែង​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​ក៏ដោយ​”។

ដូច​បង​ប្រុស​​​ម្នាក់​ទៀត​របស់​គាត់​ដែរ លោក​ រចំ ទុន បាន​ចោទ​ប្រកាន់​លោក រចំ គីន ​ថា​​ជា​អ្នក​ធ្វើ​ឲ្យ​កូនៗ​របស់​គាត់​ធ្លាក់​ខ្លួនឈឺ​​ដោយ​សារ​ប្រទាល​ម្យ៉ាង​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ជឿ​ថា អាច​ផ្ដាច់​ជីវិត​មនុស្ស​ដែល​ទទួល​ទាន​វា។

ទោះ​ជាយ៉ាង​ណា លោក រចំ គីន ​បាន​និយាយ​ថា ” ខ្ញុំ​ធ្លាប់​រក្សា​ទុក​ប្រទាល​ ប៉ុន្តែ​ខ្ញុំ​បាន​គ្រវែង​វា​ចោល​ហើយ​​បន្ទាប់ពី​គេ​ចោទ​ខ្ញុំ​ថា ខ្ញុំ​ប្រើ​ប្រាស់​វា​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស