26 C
Phnom Penh

ស្រមោល​ស្ពាន​​​​​គ្រប​​ដណ្តប់​​​លើ​សហគមន៍​​​​​កំពង់​​ចម្លង​​​​​អ្នក​​លឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលដែល​​​ស្រឡាងអ្នកលឿង​​​​​​ត្រូវ​​​បញ្ចប់​​​នៅថ្ងៃនេះ អ្នកសុំទាន​​​និង​​​អ្នកលក់ដូរ​​​រាប់រយនាក់​​​នឹង​​​ចែក​​​ផ្លូវគ្នាស្វែងរក​​​ប្រភព​​​ចំណូល​​​ផ្សេង​​​ទៀត

ស្រុកលើកដែក ខេត្ត​​​កណ្តាល-​​​ មុននឹង​​​ព្រះ​​​អាទិត្យ​​​បញ្ចេញ​​​ពន្លឺ​​​ទៅ​​​លើកំពង់​​​ចម្លង​​​អ្នក​​​លឿងរៀង​​​រាល់​​​ព្រឹក​​​នោះ អ្នកដំណើរចាប់​​​ផ្តើមធ្វើ​​​ដំណើរ​​​មក​​​ដល់តាម​​​រថយន្ត​​​ក្រុង​​​ រថយន្ត​​​ធុន​​​តូចៗ ម៉ូតូ​​​និង​​​តាម​​​រទេះសេះ។​​​​​​នៅ​​​​​​លើ​​​ច្រកចូលនៃ​​​​​​ច្រាំង​​​ទន្លេ ច្រវាក់ដែលលើក​​​ចងពី​​​បង្គោល​​​ស៊ីម៉ងត៍​​​មួួយទៅ​​​បង្គោល​​​ស៊ីម៉ងត៍​​​​​​មួយ​​​រាំង​​​​​​​​​យានយន្ត​​​ទាំង​​​អស់​​​ឲ្យ​​​ចត។ ហើយ​​​នៅ​​​ទី​​​នោះ មុននឹង​​​ម៉ាស៊ីន​​​​​​រថយន្ត​​​ត្រូវ​​​ពន្លត់ អ្នកដើ​​​រ​​​លក់​​​អីវ៉ាន់​​​រត់​​​ស្រ​​​មក។​​​

ក្មេងជំទង់ៗ​​​ចោម​​​រោម​​​រថយន្ត ដោយ​​​លក់​​​ភេសជ្ជ ស្ករ​​​គ្រាប់​​​និង​​​បារី។​​​ ស្ត្រី​​​វ័យ​​​ចាស់ៗ​​​ដើរ​​​ប្រជ្រៀត​​​តាម​​​ចន្លោះ​​​រថយន្តស្អេក​​​ស្កះ ដោយ​​​ទូល​​​ថាស​​​​​​ចង្រិត​​​ កន្តេះ​​​ឡង់ ឬម្លូ។ មាន​​​វ៉ែន​​​តា​​​សម្រាប់​​​លក់។​​​មាន​​​ពងមាន់ពងទា ឌីវីឌី នំ​​​និង​​​ឆ្កែតុកតា​​​ងក់ក្បាល​​​មុជងើបៗ។​​​

ហើយ​​​បន្ទាប់​​​មកមាន​​​អ្នកសុំ​​​ទាន គឺ​​​ក្មេងតូចៗដែល​​​ហៀរ​​​សំបោរ​​​ មាន​​​ក្អែល បុរស​​​ងងឹតភ្នែក​​​ដែល​​​បញ្ចេញស្នាម​​​ញញិមពព្រាយ​​​ និង​​​ស្ត្រីវ័យ​​​ចំណាស់​​​មាន​​​កម្លាំង​​​ខ្សោយ​​​ដែល​​​បាន​​​រស់រាន​​​មាន​​​ជីវិត​​​ពី​​​សង្គ្រាម​​​ស៊ី​​​វិល​​​ និង​​​អំពើ​​​ប្រល័​​​យ​​​ពូជ​​​សាសន៍​​​ ត្រឹម​​​តែ​​​មក​​​សុំ​​​ទាន​​​​​​​​ពី​​​មនុស្សចម្លែកប៉ុណ្ណោះ។

មាន​​​ចម្ងាយ​​​ប្រហែល​​​៦០​​​គីឡូម៉ែត្រ​​​​​​ភាគ​​​អគ្នេយ៍​​​នៃ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ ដែល​​​ទន្លេ​​​មេគង្គ​​​បំបែក​​​ខេត្ត​​​កណ្តាល​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង​​​នោះ កំពង់​​​ចម្លង​​​អ្នក​​​លឿង​​​​​​ ធ្វើ​​​ឲ្យ​​​អ្នក​​​ដំណើរ​​​រាប់​​​ពាន់​​​នាក់​​​ក្លាយ​​​ជា​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​ទំនិញ​​​ប្រចាំថ្ងៃ ក្នុង​​​ពេល​​​​​​ដែល​​​ពួក​​​គេ​​​តម្រង់​​​ជួ​​​រចាំ​​​ឆ្លង​​​ស្រឡាង​​​។

តំបន់​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​ផ្ទះ​​​ទី​​​២​​​សម្រាប់​​​អ្នក​​​ដែល​​​លក់​​​ដូរ​​​និង​​​សុំ​​​ទាន​​​ពីអ្នក​​​ដំណើរ។​​​ ពួក​​​គេ​​​ភាគ​​​ច្រើន​​​​​​ឈរ​​​ហាល​​​ថ្ងៃ​​​នៅ​​​ទីនោះ​​​រាល់​​​ថ្ងៃ ​​​​​​ដោយ​​​ធ្វើ​​​តាម​​​ឪពុក​​​ម្តាយ​​​របស់​​​គេ។​​​​​​ ក្រុម​​​គ្រួសារ​​​ខ្លះ​​​​​​បាន​​​មក​​​ដល់​​​ទីនេះ ​​​ក្នុង​​​ពេល​​​ដែល​​​សេវា​​​ស្រឡាង​​​ចាប់​​​បន្ត​​​​​​ឡើង​​​វិញ​​​​​​​​ក្នុង​​​ឆ្នាំ​​​១៩៧៩​​​។ ឥឡូវ​​​នេះ​​​​​​ ពួក​​​គេ​​​ត្រូវ​​​ទៅ​​​កន្លែង​​​ផ្សេង​​​វិញ​​​។

ក្មេង​ៗងូត​ទឹក​ទន្លេ​នៅ​ត្រើយ​ខាង​លិច​ទន្លេ​មេគង្គ​ ក្នុង​ពេល​ដែល​ស្រឡាង​បើក​ជា​ធម្មតា​កាលពី​ថ្ងៃ​ពុធ​ សប្តាហ៍​មុន​។ John Vink
ក្មេង​ៗងូត​ទឹក​ទន្លេ​នៅ​ត្រើយ​ខាង​លិច​ទន្លេ​មេគង្គ​ ក្នុង​ពេល​ដែល​ស្រឡាង​បើក​ជា​ធម្មតា​កាលពី​ថ្ងៃ​ពុធ​ សប្តាហ៍​មុន​។ John Vink

ចម្ងាយ​​​ពីរ​​​បី​​​គីឡូម៉ែត្រ​​​ពី​​​​​​ទន្លេ​​​ខាងលើគឺ​​​ភាព​​​រញ៉េ​​​រញ៉ៃ​​​នៃ​​​ការ​​​ចត​​​ស្រឡាង​​​នោះ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន នឹង​​​បើក​​​សម្ពោធ​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​ ត្សឹបាសាថ្ងៃ​​​នេះ​​​ ជា​​​ស្ពាន​​​ខ្សែ​​​កាបយោងដែល​​​ចំណាយ​​​ទឹក​​​ប្រាក់​​​សាង​​​សង់​​​ចំនួន​​​១២៧​​​លាន​​​ដុល្លារ​​​ ដែល​​​នឹង​​​កាត់​​​បន្ថយ​​​រយៈ​​​ពេល​​​ធ្វើ​​​ដំណើរ​​​យ៉ាង​​​សំខាន់​​​ពី​​​ក្រុង​​​ភ្នំ​​​ពេញ​​​ទៅ​​​កាន់​​​​​​ក្រុង​​​ហូជីមិញ ហើយ​​​នឹង​​​បំពេញ​​​ចន្លោះសំខាន់​​​​​​ក្នុង​​​គម្រោង​​​យន្តបថ ដែល​​​នឹងត​​​ភ្ជាប់​​​ក្រុង​​​ហូជីមិញ​​​ទៅ​​​កាន់​​​ក្រុង​​​បាងកក​​​ តាម​​​ច្រក​​​ប៉ោយ​​​ប៉ែត​​​។

ចំពោះ​​អ្នក​​​ដែល​​​រក​​​ស៊ី​​​ចិញ្ចឹម​​​ជីវីត​​​តាម​​​កំពង់​​​ចម្លង​​​នេះ​​​ ស្ពានថ្មីនេះ តំណាង​​​ឲ្យ​​​ការ​​​បញ្ចប់​​​នៃ​​​សករាជ​​​នេះ​​​។

ជូ ណាង អាយុ​​​៦៧​​​ឆ្នាំ​​​ ដែល​​​លក់​​​ដូរ​​​នៅ​​​កំពង់​​​ចម្លង​​​នេះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៧៩​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​ធ្វើ​​​អ្វី​​​ទេ​​​ នៅ​​​ពេល​​​ដែល​​​ស្រឡាង​​​ឈប់​​​ឆ្លង​​​កាត់​​​នោះ​​​ រថយន្ត​​​នឹង​​​ឈប់​​​មក​​​ទីនេះ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​មិន​​​អាច​​​លក់​​​អីវ៉ាន់​​​ឲ្យ​​​នរណា​​​ទៀត​​​​​​បាន​​​ទេ​​​”។

ជាអ្នក​​​លក់​​​ជាប់​​​លាប់​​​នៅ​​​ឯ​​​​​​អ្នក​​​លឿង​​​​​​ ចាប់​​​តាំង​​​ពី​​​កំពង់​​​ចម្លង​​​នេះ បាន​​​បើក​​​ឡើង​​​វិញ​​​ក្រោយ​​​​​ពី​​​ការ​​​ដួល​​​រលំ​​​របប​​​ខ្មែរ​​​ក្រហមនោះ អ្នក​​​ស្រី​​​ ណាង បាន​​​អង្គុយ​​​នៅ​​​​​​លើ​​​​​​​​​កន្លែង​​​​​​ខ្ពស់​​​មួយនៅ​​​ទីនេះ​​​។ អ្នក​​​ស្រី​​​អង្គុយ​​​តាម​​​ច្រក​​​ចន្លោះ​​​រថយន្ត​​​ ដែល​​​បើក​​​ចូល​​​មក​​​ដោយ​​​ញញិម​​​ញញែម​​​នៅ​​​ពី​​​​​​ក្រោយ​​​​​​ស្លឹក​ម្លូមូរ​​​យ៉ាង​​​ស្អាត​​​ ដែល​​​អ្នកស្រី​​​​​​ត្រូវ​​​លក់​​​ដុំ​​​ទៅ​​​ឲ្យ​​​ស្ត្រី​​​ផ្សេង​​​ទៀត​​​ ហើយ​​​បន្ទាប់​​​មក​​​ស្ត្រី​​​ទាំង​​​នោះ​​​ដើរ​​​លក់​​​តាម​​​ចន្លោះ​​រថយន្ត​​​ទាំង​​​ឡាយ។

កើត​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ស្រុក​​​លើក​​​ដែក​​​ ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៤០​​​នោះ អ្នក​​​ស្រី​​​ ណាង ឆ្លង​​​​​​កាត់​​​រយៈ​​​ពេល​​​បី​​​ខុស​​​ៗ​​​គ្នា​​​ គឺ​​​យុវវ័យ​​​ សង្គ្រាម​​​ និង​​​លក់​​​ដូរ​​​នៅ​​​កំពង់​​​ចម្លង​​​។ ​​​អ្នក​​​ស្រី​​​បាន​​​ចំណាយ​​​​​​ពេល​​​​​​​​​​​​ច្រើន​​​នៅឯ​​​​​​កំពង់​​​ចម្លង​​​អ្នក​​​លឿង។​​​ អ្នក​​​ស្រី​​​រំឭក​​​ឡើង​​​វិញ​​​នូវ​​​ការ​​​ទម្លាក់​​​គ្រាប់​​​បែក​​​កាលពី​​​ខែ​​​​​​សីហា​​​ ឆ្នាំ​​​១៩៧៣​​​ លើ​​​កំពង់​​​ចម្លង​​​អ្នក​​​លឿង​​​ដោយ​​​សហរដ្ឋអាមេរិក​​​ ប្តី​​​របស់​​​អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​ខ្មែរ​​​ក្រហម​​​ចាប់​​​យក​​​ទៅ​​​នៅ​​​ឆ្នាំ​​​១៩៧៨​​​ មិន​​​ដែល​​​ឃើញ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​ទេ​​​ ហើយ​​​កង​​​ទ័ព​​​វៀត​​​ណាម​​​ ដែល​​​ឆ្លង​​​កាត់​​​តាម​​​ទន្លេ​​​មេគង្គ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​មុន​​​នឹង​​​ការដួល​​​​​​រលំនៃ​​​របប​​​ខ្មែរក្រហម​​​។​​​

យុវជន​ធ្វើ​ដំណើរ​តាម​ស្រឡាង​តាព្រហ្ម​ឆ្លង​កាត់​ទន្លេ​មេគង្គ។​ John Vink
យុវជន​ធ្វើ​ដំណើរ​តាម​ស្រឡាង​តាព្រហ្ម​ឆ្លង​កាត់​ទន្លេ​មេគង្គ។​ John Vink

អ្នក​​​ស្រី​​​ បាន​​​និយាយ​​​ដល់​​​ថ្ងៃ​​​មួយ​​​នៃ​​​ចុង​​​ឆ្នាំ​​​១៩៧៨​​​ថា “ដំបូង​​​ខ្ញុំ​​​ភ័យ​​​ ប៉ុន្តែ អ្នក​​​ដែល​​​ចេះ​​​និយាយ​​​ភាសា​​​វៀត​​​ណាម​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា មិន​​​ចាំ​​​បាច់​​​ភ័យ​​​ព្រួយ​​​អីទេ​​​ ពីព្រោះ​​​ពួកគេ​​​មក​​​ជួយ​​​រំដោះ​​​យើង​​​”។

ក្នុង​​​ខណៈ​​​ដែល​​​អនុស្សាវរីយ៍​​​ដ៏រស់​​​រវើក​​​ ឥឡូវ​​​នេះ​​​ស្ថិត​​​នៅ​​​ឆ្ងាយដាច់​​​សង្វែង​​​ក៏ដោយ​​​ ក៏​​​​​​ជា​​​ពេល​​​ដែល​​​អ្នក​​​ស្រី​​​ ណាង ​​​នឹង​​​ចាក​​​ចេញ​​​​​​ទៅ​​​ដោយ​​​សេចក្តី​​​សប្បាយ​​​រីក​​​រាយ​​​​​​ក្នុង​​​ដំណាក់​​​កាលជីវិត​​​ទី​​​៤ដែរ។​​​ អ្នក​​​ស្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​ឲ្យ​​​កូន​​​ចៅ​​​មើល​​​ថែទាំ​​​ខ្ញុំ​​​ម្តង​​​វិញ​​​”។

ទោះបី​​​ជា​​​អ្នក​​​ស្រី​​​មិន​​​មាន​​​ការ​​​​​​ក្នក់​​​ចិត្ត​​​នឹង​​​ស្ពាន​​​ ដែល​​​នឹង​​​បង្ខំ​​​ឲ្យ​​​អ្នក​​​ស្រី​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​ទី​​​កន្លែង​​​ក៏ដោយ​​​ ក៏​​​ពេល​​​វេលា​​​នៃ​​​ការ​​​បើក​​​សម្ពោធ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​ រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​មុន​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ គឺ​​​គួរ​​​ឲ្យ​​​ខក​​​ចិត្ត​​​។ ពេល​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​និង​​​ភ្ជុំ​​​បិណ្ឌ​​​ ចរាចរណ៍​​​ណែន​​​ណាន់​​​តាន់​​​តាប់​​​កើត​​​ឡើង​​​នៅ​​​ឯ​​​កំពង់​​​ចម្លង​​​អ្នក​​​លឿង​​​ ក្នុង​​​ពេល​​​​​​ដែល​​​ក្រុម​​​គ្រួសារ​​​រាប់​​​ពាន់​​​​​​នាក់​​​ ត្រូវ​​​ចាក​​​ចេញពី​​​ក្រុង​​​ភ្នំ​​​ពេញ​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ខេត្ត​​​ព្រៃ​​​វែង​​​និង​​​ខេត្ត​​​ស្វាយរៀង​​​។​​​ យាន​​​យន្ត​​​តម្រង់​​​ជួ​​​រគ្នា​​​រាប់​​​សិប​​​គីឡូម៉ែត្រ​​​។ ក្រុម​​​​​​គ្រួសារ​​​ដេក​​​មួយ​​​យប់​​​។ ផ្លូវ​​​ក្លាយ​​​ជា​​​ទី​​​ក្រុង​​​ខ្ទម រីឯ​​​អ្នក​​​ស្រុក​​​ប្រមូល​​​ផល​​​ចំណេញ។

អ្នក​​​ស្រី​​​ បាន​​​និយាយ​​​ថា “នៅ​​​ថ្ងៃ​​​ធម្មតា​​​ខ្ញុំ​​​អាច​​​រក​​​បាន​​​១ម៉ឹន​​​រៀល​​​ (២.៥០​​​ដុល្លារ​​​) ប៉ុន្តែ ពេល​​​បុណ្យ​​​ទាន​​​ម្តងៗ​​​ ពី​​​បីទៅ​​​បួន​​​ថ្ងៃ​​​ខ្ញុំ​​​អាច​​​រក​​​បាន​​​៥០​​​ទៅ​​​៦០​​​ម៉ឺន​​​រៀល​​​ (ពី​​​១២៥ទៅ​​​១៥០ដុល្លារ​​​)”។ អ្នក​​​ស្រី​​​យក​​​កន្ទេល​​​និង​​​មុង​​​មកចង​​​ក្រាល​​​ដេក​​​ ដូច្នេះ​​​ អ្នក​​​ស្រី​​​អាច​​​លក់​​​ដូរ​​​២៤​​​ម៉ោង​​​ឲ្យ​​​អ្នក​​​ដំណើរ​​​ទាំង​​​នោះ​​​។​​​

លោក​​​ ប៉ូច​​​ សារ៉ាត់​​​ អ្នក​​​បើក​​​ស្រឡាង​​​អាយុ​​​៥២​​​ឆ្នាំ មក​​​ពី​​​ស្រុក​​​ពាមរក៍​​​ ខេត្ត​​​ព្រៃ​​​វែង បាន​​​បញ្ចប់​​​ការ​​​ប្តូរ​​​វេន​​​​​​​​​បើក​​​បរ​​​ចុង​​​ក្រោយ​​​​​​របស់​​​គាត់លើ​​​ស្រឡាង​​​​​​របស់​​​រដ្ឋ​​​ចំនួន​​​បួន​​​គ្រឿង​​​ កាលពី​​​ថ្ងៃ​​​ពុធ។

ក្នុង​​​ខណៈ​​​ដែល​​​គាត់​​​បើក​​​ស្រឡាង​​​តាព្រហ្ម​​​ ទម្ងន់​​​១៤០​​​តោន​​​ ក្នុង​​​ចម្ងាយ​​​រយៈ​​​ពេល​​​៥នាទីឆ្លង​​​កាត់​​​​​​ទន្លេ​​​ គាត់​​​បាន​​​និយាយ​​​ថា គាត់​​​មិន​​​ដឹង​​​​​ច្បាស់​​​ពិត​​​ប្រាកដ​​​ថា តើ​​​ស្ពាន​​​ថ្មី​​​នេះ នឹង​​​មាន​​​ន័យ​​​អ្វីខ្លះ​​​សម្រាប់​​​អនាគត​​​របស់​​​គាត់​​​ឡើយ​​​។

យោងតាមលោក ម៉ៅ ភិរុណ​​​ ​​​អភិបាល​​​ខេត្ត​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជាមួយ​​​ស្រឡាង​​​សន្តិភាព២​​ ស្រឡាង​​​វិស្ណុ​​​ និង​​​ស្រឡាង​​​សាមគ្គីនោះ ស្រឡាង​​​តាព្រហ្ម​​​នឹង​​​ត្រូវ​​​បញ្ជូន​​​មក​​​ក្រុង​​​ភ្នំពេញ​​​ ដែល​​​នឹង​​​បម្រើ​​​សេ​​​វា​​​​​​​​​ពី​​​​​​ក្រុង​​​ភ្នំពេញ​​​ទៅ​​​​​​កាន់​​​អរិយក្សត្រ​​​ ក្នុង​​​ខេត្ត​​​កណ្តាល​​​។

លោក​​​ សារ៉ាត់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជា​​​មន្ត្រី​​​រាជការភក្តី​​​ម្នាក់​​​ លោក”នឹងមិន​​​ជំទាស់​​​ទេ ប្រសិន​​​បើរដ្ឋ​​​ឲ្យ​​​ខ្ញុំ​​​ផ្លាស់​​​ទៅ​​​កន្លែង​​​ផ្សេង ខ្ញុំ​​​អាក់អន់ចិត្ត​​​បន្តិច​​​ដែរ ពី​​​ព្រោះខ្ញុំពឹង​​​លើ​​​ប្រាក់​​​ខែនេះ ប៉ុន្តែ​​​យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​កើត​​​ទេ។​​​ ប្រទេស​​​ត្រូវ​​​ការ​​​ការ​​​អភិវឌ្ឍ”។​​​

អ្នក​លក់​ដាក់​បំពេញ​របស់​របរក្នុង​ធុង​​ មុន​នឹង​ដើរ​ទៅ​រក​អតិថិជន​។ John Vink
អ្នក​លក់​ដាក់​បំពេញ​របស់​របរក្នុង​ធុង​​ មុន​នឹង​ដើរ​ទៅ​រក​អតិថិជន​។ John Vink

ដំណក់​​​ទឹក គឺ​​​ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ដោយ​​​មាន​​​គម្រោងផ្តោត​​​លើ​​​កុមារ​​​នៅ​​​ឯ​​​អ្នក​​​លឿង។​​​ ក្នុង​​​របាយ​​​ការណ៍ឆ្នាំ​​​២០១៣​​​របស់​​​ខ្លួន​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “​​​អ្នកលឿង កម្ពុជា: ការ​​​ស្ទង់​​​កុមារ​​​ចិញ្ចើម​​​ផ្លូវ” អង្គការ​​​នេះ​​​និយាយ​​​ថា ក្នុង​​​មួយ​​​ថ្ងៃ មាន​​​កុមារ​​​២៤៧​​​នាក់ រស់​​​នៅ​​​ជំុវិញ​​​កំពង់​​​ចម្លងដែល​​​ហុយ​​​ដី​​​ទ្រលោម​​​នេះ ដែល​​​តភ្ជាប់ពី​​​​​​ក្រុង​​​ភ្នំពេញ​​​ទៅកាន់ខេត្ត​​​ពីរ​​​ដ៏​​​ក្រី​​​ក្រ​​​បំផុត។​​​

ដំណក់ទឹក​​​ផ្តល់​​​នូវ​​​មជ្ឈមណ្ឌលសំចត ការអប់​​​រំ ការបណ្តុះ​​​បណ្តាលវិជ្ជាជីវៈ​​​និង​​​ការ​​​ថែទាំ​​​ការ​​​ព្យាបាល​​​​​​​​​សម្រាប់​​​កុមារ​​​និង​​​ក្រុម​​​គ្រួសារ​​​របស់​​​គេ​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ការ​​​សម្ពោធ​​​​​​​ដាក់​​​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន វា​​​មិន​​​ច្បាស់​​​ថា​​​តើ​​​កម្មវិធី នឹង​​​វិវត្តន៍​​​ទៅ​​​យ៉ាង​​​ណា​​​ទេ នៅ​​​ពេល​​​ដែល​​​អ្នក​​​ដំណើរ​​​លែង​​​ឈប់​​​រង់​​​ចាំ​​​ឆ្លង​​​ស្រឡាង​​​នោះ។

លោក​​​ ស៊ី​​​បាស្ទៀន ម៉ារ៉ុត នាយក​​​ប្រតិបត្តិនៃ​​​អង្គការ​​​មិត្ត​​​សំឡាញ់ ដែល​​​ធ្វើ​​​ជា​​​ដៃ​​​គូជាមួយ​​​អង្គ​​​ការ​​​ដំណក់ទឹក​​​ក្នុង​​​គម្រោង​​​អ្នក​​​លឿង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​​​​”​​​តំបន់​​​នេះ​​​នឹង​​​ឃើញ​​​ការ​​​ផ្លាស់​​​ប្តូរ គឺ​​​ការ​​​ផ្លាស់​​​ប្តូរប្រកប​​​ដោយ​​​ថាមពល។​​​ យើង​​​កំពុង​​​ងឿង​​​ឆ្ងល់​​​ថា​​​តើវា​​​ផ្លាស់​​​ប្តូរយ៉ាង​​​ដូច​​​ម៉្តេច​​​ ហើយយើង​​​កំពុង​​​ធ្វើការ​​​ ដូច្នេះ​​​យើង​​​ត្រៀម​​​សម្រាប់​​​ការ​​​ផ្លាស់​​​​​​ប្តូរ”។​​​

យោងតាម​​​អង្គការ​​​តំណក់ទឹក​​​ឲ្យ​​​ដឹងថ​ា​​​ មាន៣៤​​​ភាគរយ​​​នៃ​​​កុមារ​​​ចិញ្ចើម​​​ផ្លូវ​​​ចំនួន​​​១៦០​​​នាក់​​​​​​ ដែល​​​ស្ទង់នៅ​​​ឯ​​​អ្នកលឿង​​​នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​ភ្នំ​​​ពេញ នៅ​​​ពេល​​​ដែល​​​ស្ពាន​​​បើក​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​។ ត្រឹមតែ​​​៩​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​បាន​​​និយាយ​​​ថា ពួកគេ​​​បន្ត​​​នៅ​​​អ្នក​​​លឿង។​​​ ៣០​​​ភាគរយ​​​ទៀត​​​ បាន​​​និយាយ​​​ថា អនាគត​​​របស់​​​ពួក​​​គេ ​​​​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​លាស់​​​នៅ​​​ឡើយ​​​ទេ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​ពុធ ថា ចាន់​​​ធិប អាយុ​​​២០​​​ឆ្នាំ​​​ បាន​​​សម្រាក​​​ពី​​​ការ​​​លក់​​​ភេសជ្ជ​​​នៅ​​​កណ្តាល​​​ថ្ងៃ​​​ក្តៅ​​​ហែង​​​។​​​​​​ ពាក់​​​មួក​​​​​​ហាម​​​ធំ និង​​​អាវ​​​ដៃ​​​វែងនោះ នាង​​​​​​ចាន់ធិប​​​ បាន​​​និយាយ​​​ថា នាង​​​បាន​​​ចាប់​​​ផ្តើម​​​លក់ដូរនៅ​​​កំពង់​​​ចម្លង​​​អ្នក​​​លឿង​​​ ចាប់​​​តាំង​​​ពី​​​អាយុ​​​បាន១០​​​ឆ្នាំ​​​​​​ដោយ​​​លក់​​​បារី​​​ និង​​​ស្ករ​​​គ្រាប់ ហើយ​​​ថាអ្នក​​​លក់​​​និង​​​អ្នក​​​សុំ​​​ទាន​​​រាប់​​​រយ​​​នាក់​​​ ដែល​​​ពឹង​​​ផ្អែក​​​លើ​​​អ្នក​​​ដំណើរ​​​នៅ​​​ទី​​​នេះ​​​ គឺ​​​ដូច​​​ជា​​​គ្រួសារ​​​តែ​​​មួយ។​​​

នាង​​​បាន​​​និយាយ​​​ថា “​​​ទី​​​នេះ​​​នឹង​​​ស្ងាត់​​​ជ្រងំ។ ខ្ញុំ​​​នឹង​​​នឹក​​​មិត្តភក្តិ​​​ទាំង​​​អស់​​​របស់​​​ខ្ញុំ​​​ គឺ​​​មនុស្ស​​​ដែល​​​លក់​​​ដូរ​​​នៅ​​​ទី​​​នេះ ហើយ​​​ខ្ញុំនឹក​​​ធុង​​​ដែល​​​ខ្ញុំធ្លាប់យួរ។​​​

ដោយ​​​គ្មាន​​​ការ​​​​​​សិក្សា​​​ត្រឹម​​​ត្រូវ​​​នោះ កន្លែង​​​​​​​​​នៅ​​​ក្នុងរោង​​​ចក្រ​​​កាត់​​​ដេរ​​​ ទំនង​​​ជា​​​កន្លែង​​​សម្រាប់​​​​​​នាង​​​ ចាន់ធិប។​​​ នាង​​​បាន​​​និយាយថា “​​​ខ្ញុំ​​​ជឿថា​​​វា​​​មិន​​​ល្អ​​​ជាង​​​​​​ការ​​​លក់ដូរ​​​ដូច​​​សព្វថ្ងៃ​​​នេះ​​​ទេ។​​​ ប៉ុន្តែ​​​ខ្ញុំ​​​អត់​​​មាន​​​អ្វី​​​ធ្វើ​​​ក្រៅ​​​ពី​​​នេះ​​​ទេ”។​​​

កុមារី ហូ សុភា​​​មាន​​​អាយុ​​​១៣​​​ឆ្នាំ បាន​​​ឈប់​​​រៀន​​​ប្រហែល​​​៦​​​ខែមុន ដើម្បី​​​លក់​​​ទឹក​​​សុទ្ធនៅ​​​ឯ​​​អ្នក​​​លឿង​​​។ នាង​​​គឺ​​​ជាអ្នក​​​លក់​​​ចំណាន​​​ម្នាក់ ដែល​​​រត់​​​ច្រវាត់​​​ចុះ​​​ឡើង​​​តាម​​​ចន្លោះ​​​រថ​​​យន្ត​​​ ហើយ​​​រត់​​​ទៅ​​​ជ្រក​​​ម្លប់​​​ដើម្បី​​​​​​យក​​​ទឹក​​​សុទ្ធ​​​ដាក់​​​បំពេញ​​​ធុង​​​ក្លាសេត្រជាក់​​​ជា​​​រឿយៗ​​​ជាង​​​អ្នក​​​ផ្សេង​​​ទៀត​​​។

មន្ត្រី​រាជការ​អង្គុយ​ខាង​មុខ​ច្រក​ចូល​ស្រឡាង​។ John Vink
មន្ត្រី​រាជការ​អង្គុយ​ខាង​មុខ​ច្រក​ចូល​ស្រឡាង​។ John Vink

ក្នុង​​​ពេល​​​​​​ដែល​​​នាង​​​និយាយ​​​កំប្លែង​​​លេង​​​​​​ជាមួយ​​​មិត្ត​​​ភក្តិ​​​របស់​​​នាង​​​អំពី​​​ការ​​​ដណ្តើម​​​ម៉ូយ​​​គ្នានោះ នាង​​​បាន​​​និយាយ​​​ថា​​​ នាង​​​នឹង​​​ខាន​​​ដណ្តើម​​​ម៉ូយ​​​គ្នាទៀត​​​ហើយ​​​ នៅ​​​ពេល​​​ដែល​​​ស្ពាន​​​បើក។​​​ នាង​​​បាន​​​​​​និយាយ​​​ថា ចម្ការ​​​ពោត​​​មាន​​​ចម្ងាយ​​​ប្រហែល​​​មួយ​​​គីឡូម៉ែត្រ​​​ពី​​​កំពង់​​​ចម្លង ទំនង​​​ជា​​​គោល​​​ដៅ​​​ការងារ​​​បន្ទាប់​​​របស់​​​នាង។ នាង​​​និយាយ​​​ថា “​​​ខ្ញុំមិនមាន​​​វិធី​​​រក​​​លុយ​​​ក្រៅ​​​ពី​​​នេះ​​​ទេ”។

យោង​​​តាម​​​លោក ជុំ វុទ្ធី​​​ មន្ត្រី​​​រដ្ឋាភិបាល​​​ដែល​​​លក់​​​សំបុត្រ​​​ស្រឡាង​​​ឲ្យ​​​ដឹង​​​ថា មាន​​​មនុស្ស​​​ប្រហែល​​​៥០០​​​នាក់ ដែល​​​លក់​​​ដូរ​​​របស់​​​របរ​​​ឲ្យ​​​អ្នក​​​ដំណើរ​​​រាប់​​​ពាន់​​​​​​នាក់ ដែល​​​ត្រូវ​​​​​​ឆ្លង​​​​​​កំពង់​​​​​​ចម្លង​​​អ្នក​​​លឿងរាល់​​​ថ្ងៃ​​​ គឺ​​​មានសារៈសំខាន់​​​សម្រាប់​​​ការ​​​រស់នៅ​​​។ លោក វុទ្ធី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​មាន​​​មនុស្ស​​​រាប់រយ​​​នាក់​​​ថែម​​​ទៀត បាន​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​នេះទៅ​​​ធ្វើ​​​ការ​​​តាម​​​រោង​​​ចក្រ ដោយ​​​គិត​​​ថា​​​ការ​​​លក់​​​ដូរ​​​លែង​​​ដាច់​​​ហើយ។​​​ ប៉ុន្តែ​​​ការ​​​ដេរ​​​​​សម្លៀក​​​បំពាក់​​​ ឬ​​​បិទ​​​ជ័រ​​​ស្បែក​​​ជើង​​​ គឺ​​​មិនមែន​​​ជា​​​ជម្រើស​​​សម្រាប់​​​​​​លោក ហៀប វៃឡើយ។

លោក វៃ​​​ អាយុ​​​៣៤​​​ឆ្នាំ ស្ទើរ​​​តែ​​​ងងឹត​​​ភ្នែក​​​ទាំង​​​ស្រុង ហើយ​​​ទទួល​​​​​​ការ​​​ថែទាំ​​​​​​ពី​​​​​​មីង​​​ពូរបស់​​​គាត់​​​នៅ​​​ត្រើយ​​​ខាង​​​កើត​​​ទន្លេ​​​មេគង្គ។​​​ រាល់​​​ព្រឹក​​​ គាត់​​​​​​ឆ្លង​​​ស្រឡាង​​​​​​មុន​​​គេទៅ​​​ត្រើយ​​​ខាង​​​លិច​​​ទន្លេ​​​មេគង្គ ដែល​​​នៅ​​​ទី​​​នោះ​​​ គាត់​​​ជួប​​​ជាមួយស្រី​​​ ពៅ ជាក្មេង​​​ស្រី​​​អាយុ​​​១៦​​​ឆ្នាំ​​​ ដែល​​​ដឹក​​​ដៃ​​​គាត់​​​កាត់​​​តាម​​​ចរាចរណ៍ ដើម្បីសុំលុយ​​​ពី​​​អ្នកដំណើរ​​​ដែល​​​អាណិត​​​អាសូរ ហើយ​​​បន្ទាប់​​​មក​​​ គេ​​​បាន​​​ចែក​​​ប្រាក់​​​គ្នាពាក់​​​កណ្តាល​​​ម្នាក់។

លោក វៃ​​​ បាន​​​និយាយទាំង​​​សើច​​​​​​ថា “​​​ខ្ញុំ​​​​​​គ្រាន់​​​តែ​​​អាច​​​មើល​​​ឃើញថា នាង​​​ឲ្យលុយ​​​​​​ខ្ញុំ​​​ពាក់​​​កណ្តាល​​​ប៉ុណ្ណោះ”។

ការ​​​រក​​​ស៊ី​​​ចិញ្ចឹម​​​ជីវិត​​​នៅ​​​ឯ​​​កំពង់​​​ចម្លង​​​អ្នក​​​លឿង កាក់​​​កប​​​ដែរ​​​សម្រាប់​​​លោក​​​ វៃ​​​ និង​​​អ្នក​​​ដឹក​​​ដៃ​​​វ័យ​​​ជំ​​​ទង់របស់​​​លោក។​​​ ​​​អ្នកលក់​​​ភាគច្រើននិយាយ​​​ថា​​​ គេ​​​រក​​​ចំណូល​​​បាន​​​ប្រហែល​​​២.៥០ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​  ចំណែកឯ​​​លោក​​​ វៃ​​​បាន​​​និយាយ​​​ថា លោករក​​​ប្រាក់​​​កាស់​​​បាន​​​ពី​​​៥​​​​​​ទៅ​​​៧.៥០​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ថ្ងៃៗ ដោយ​​​ស្រី​​​ ពៅ​​​ទទួល​​​បាន​​​ប្រាក់​​​ប្រហែល​​​គ្នាដែរ។

ក្នុង​​​ពេល​​​​​​​​​ដែល​​​លោកអង្គុយ​​​​​​លើ​​​គ្រែ​​​ឈើជាមួយបុរស​​​ពិការ​​​ភ្នែកពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​នោះ លោក​​​បាន​​​និយាយ​​​ថា​​​​​​ នៅ​​​ពេល​​​ដែល​​​ស្ពាន​​​ថ្មី​​​ធ្វើ​​​ឲ្យ​​​គាត់​​​រក​​​ចំណូល​​​មិន​​​បាន​​​នោះ លោក​​​​​នឹង​​​ស្វែង​​​រក​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាលដែល​​​អាច​​​ជួយ​​​គាត់​​​បានខ្លះ។​​​ នៅ​​​តែ​​​ញញិម​​​ញ​​​ញែម​​​ លោក វៃ​​​បាន​​​និយាយ​​​ថា​​​ លោក​​​មិន​​​ខឹង​​​សម្បា​​​នឹង​​​ការ​​​ផ្លាស់​​​ប្តូរនេះ​​​​​​ទេ។​​​​​​

លោក​​​ និយាយ​​​ថា “​​​ខ្ញុំ​​​ព្រួយ​​​បារម្ភអំពី​​​ការ​​​គ្មាន​​​អ្វី​​​ហូប​​​នៅ​​​ពេល​​​ខាង​​​មុខ។ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​ខឹង​​​ទេ ពី​​​ព្រោះយើង​​​ត្រូវ​​​តែ​​​អភិវឌ្ឍ​​​ប្រទេស​​​ជាតិ”៕ រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស