ប័ណ្ណសារ

រដ្ឋាភិបាល​បញ្ចាំង​ឯកសារ​ចោទ​លោក កឹម សុខា រួម​គំនិត​ធ្វើ​រដ្ឋប្រហារ

By

April 07, 2015

មុន​ពេល​ការ​សាកសួរ​ដោយ​តុលាការ​តាម​គ្រោងទុក​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ពុធ ស្ថានីយ​ទូរទស្សន៍​ដែល​គ្រប់គ្រង​ដោយ​កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចាំង​កាលពី​យប់​ថ្ងៃ​អាទិត្យ​នូវ​ភាពយន្ត​ឯកសារ​មួយ​ផលិត​ដោយ​រដ្ឋាភិបាល ដែល​កសាង​សំណុំ​រឿង​មួយ​ថា លោក សុខា មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ។

មន្ត្រី​ម្នាក់​ដែល​ទទួល​ខុសត្រូវ​ខ្សែ​ភាពយន្ត​នេះ​បាន​និយាយ​ថា ភាពយន្ត​រយៈ​ពេល​៣០​នាទី ដែល​បញ្ចាំង​តាម​ស្ថានីយ BTV របស់​លោក​ស្រី ហ៊ុន ម៉ាណា បី​សប្តាហ៍​បន្ទាប់ពី​ឱពុក​របស់​លោក​ស្រី​បាន​ចោទ​លោក សុខា ជា​សាធារណៈ​ថា​ធ្វើ​រដ្ឋ​ប្រហារ គឺ​មាន​បំណងជំរុញ​តុលាការ​ឲ្យ “បើក​ការ​ស៊ើប​អង្កេត” លើ​អនុ​ប្រធាន​រូប​នេះ។

ផលិត​ដោយ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័សនៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ភាពយន្ត​ប្រភេទ​ឯកសារ​នេះ​ចាប់​ផ្តើម​ជាមួយ​ចង្វាក់​ច្រៀង​ពី​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “Imagine” ដ៏​ល្បី​បំផុត​របស់ ចន ឡេណិន មុន​ពេល​សួរ​អ្នក​មើល​ឲ្យ​ពិចារណា​អំពី​វាសនា​របស់​លោក សុខា។

ភាពយន្ត​និយាយ​ថា “តើ​តុលាការ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​យ៉ាងណា​ប្រឆាំង​ទៅ​នឹង​​សម្តី​របស់​ឯកឧត្តម កឹម សុខា ដែល​បាន​និយាយ​ថា លោក​បាន​បរាជ័យ​ក្នុង​ការ​ប្តូរ​រាជ​រដ្ឋាភិបាល ហើយ​ម្យ៉ាង​ទៀត តើ​រាជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ការ​ពង្រឹង​នីតិរដ្ឋ?”។

រូបភាព​នៃ​សុន្ទរកថា​ដែល​លោក សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១៣​ខែ​មីនា បន្ទាប់​មក​ត្រូវ​បាន​បញ្ចាំង ដោយ​លោក សុខា សុំ​អភ័យ​ទោស​ដោយសារ​ការ​បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ប្តូរ​រដ្ឋាភិបាល ក្រោយពី​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣​ដ៏​ចម្រូង​ចម្រាស។

លោក សុខា និយាយ​ក្នុង​វីដេអូ​ខ្លីប​នោះ​ថា “ខ្ញុំ​សូម​អភ័យ​ទោស​បង​ប្អូន ដែល​ខ្ញូំ​មិន​អាច​ដឹកនាំ​ការ​ប្តូរ​បាន​១០០​ភាគរយ”។

រូបភាព​បន្ត​ទៀត​នៃ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កាលពី​ចុង​ឆ្នាំ​២០១៣ ក៏​មាន​បញ្ចាំង​ដែរ អម​ជាមួយ​នឹង​វីដេអូ​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​កូដកម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​កាត់ដេរ​នៅ​ខែ​មករា​ឆ្នាំ​២០១៤។

ពិធីករ​ឯកសារ​នេះ​និយាយ​ថា “ការ​ចាត់តាំង​នយោបាយ​របស់​លោក កឹម សុខា បម្រុង​ប្តូរ​រដ្ឋាភិបាល។ ឯកឧត្តម កឹម សុខា បាន​ប្រើ​ភាសា​ញុះញង់ បាន​ល្បួង​លើក​ទឹក​ចិត្ត​ចលនា​មហាជន និង​បាន​ចូលរួម​ជាមួយ​ចលនា​កម្មករ​របស់​ក្រុម វ៉ន ពៅ”។

លោក ពៅ មេដឹកនាំ​សហជីព​លេចធ្លោ​ម្នាក់​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង បាន​ជាប់​ពន្ធនាគារ​ប្រាំ​ខែ​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​ត្រូវ​រង​ការ​វាយ​ដំ​និង​ចាប់​ខ្លួន​កាលពី​ខែ​មករា ដោយសារ​មាន​ការ​ជាប់​ទាក់ទិន​របស់​គាត់​ក្នុង​ការ​ដឹកនាំ​ការ​ធ្វើ​កូដកម្ម​កម្មករ​និង​ការ​តវ៉ា អំឡុង​ពេល​ដូច​គ្នា ដែល​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត។

ភាពយន្ត​និយាយ​ថា “បាតុកម្ម​ហិង្សា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា ​គឺ​បង្ហាញ​នូវ​ទំនាក់​ទំនង​ស្អិត​រមួត [ជាមួយ​គាត់​និង​សកម្មភាព​លោក ពៅ] ជា​ក្រុម​តែ​មួយ​តាម​រយៈ​ដឹកនាំ​អំណាច​ប្រជាជន។ ទង្វើ​ទាំង​អស់​នេះ​ចាត់​ទុក​ថា​ជា​អំពើ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ និង​ស្ថាប័ន​រដ្ឋ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​និង​របៀប​រៀបរយ​សង្គម”។

“ទង្វើ​បែប​នេះ​គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​ដឹកនាំ​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​ដូច​ទៅ​នឹង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា”។

ភាពយន្ត​នេះ​មិន​និយាយ​សំដៅ​ដល់​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ដែល​រួម​ជាមួយ​លោក សុខា បាន​ដឹកនាំ​ការ​តវ៉ា​នៅ​ឆ្នាំ​២០១៣ ដែល​អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង​នោះ​ទេ។

លោក ទិត សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជំរុញ​តុលាការ​ចោទ​ប្រកាន់​លោក សុខា ជាផ្លូវការ។

លោក សុធា បាន​និយាយ​ថា ឯក​ឧត្តម កឹម សុខា បាន​សារភាព​…​និង​ស្រែក​ថា ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅនិង​ហេតុការណ៍​ហិង្សា​ផ្សេងទៀត​បញ្ជាក់​ឲ្យ​ឃើញ​ថា គាត់​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់

លោក​បាន​បន្ថែម​ថា សេចក្តី​រាយការណ៍​នេះ​គឺ​ដើម្បី​ជំរុញ​ស្ថាប័ន​តុលាការ​ឲ្យ​ពិចារណា​វិធានការ​ច្បាប់ និង​ចាត់​វិធានការ ពីព្រោះ​យើង​ត្រូវ​ពង្រឹង​នីតិរដ្ឋ។ ដូច្នេះ​តុលាការ​គួរ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ

ការ​អត្ថាធិប្បាយ​របស់​លោក សុធា បាន​លើក​សម្តី​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៨​ខែ​មីនា ដែល​ពេល​នោះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​វាយ​ប្រហារ​លោក សុខា ចំពោះ​ការ​អត្ថាធិប្បាុយ​ដែល​លោក​បាន​ធ្វើ​នៅ​អាមេរិក។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​ថា មាន​មនុស្ស​ម្នាក់​ចេញ​មក​សារភាព​ថា គេ​បាន​ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បាន​បរាជ័យ ហើយ​ឥឡូវ​នេះ​កំពុង​សុំទោស​ប្រជាជន​នៅ​អាមេរិក

លោក​បាន​សួរ គួរ​ចាត់​វិធានការ​ច្បាប់​អ្វី?”

ទាំង​លោក សុខា ដែល​មាន​អភ័យ​ឯកសិទ្ធិ​រួច​ពី​ការចាប់​យក​មក​ផ្តន្ទា​ទោស​ក្នុង​នាម​ជា​អនុប្រធាន​រដ្ឋសភា ទាំង​លោក មុត ចាន់ថា ប្រធាន​ខុទ្ទកាល័យ​របស់​លោក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទិន​នឹង​ឯកសារ​កាលពី​ថ្ងៃ​ច័ន្ទ​នោះ​ទេ។

លោក ចាន់ ចេន មេធាវី​របស់​លោក សុខា បាន​លើក​ឡើង​ថា កូន​ក្តី​របស់​លោក​ត្រូវ​បាន​តុលាការ​ក្រុង​សាកសួរ​រួចរាល់​ហើយ​កាលពី​ខែ​មករា​ឆ្នាំ​មុន ទាក់ទិន​នឹងបទ​ចោទ​​ញុះញង់ ពាក់ព័ន្ធ​នឹងការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត ដែល​បាន​បញ្ចប់​ដោយ​ហិង្សា។

លោក​បាន​បន្ថែម​ថា ខ្ញុំ​មិន​ឃើញ​ការ​ចាំ​បាច់​ត្រូវ​សួរ​កូន​ក្តី​របស់​ខ្ញុំ​បន្ថែម​ទៀត​ទេ ពីព្រោះ​គាត់​ត្រូវ​បាន​សាកសួរ​រួច​ហើយ​យ៉ាង​លម្អិត ពេល​ដែល​គាត់​បាន​ទៅ​តុលាការ​កាលពី​ឆ្នាំ​មុន

លោក យ៉ឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា ការ​ផ្តោត​របស់​រដ្ឋាភិបាល​លើ​លោក សុខា ជា​ការ​ប៉ុនប៉ង​មួយ​ដើម្បី​បំបែក​បំបាក់​មេដឹកនាំ​ទាំងពីរ​របស់​បក្ស​ប្រឆាំង ដែល​ជាញឹកញាប់​បាន​វាយ​ប្រហារ​ជា​សាធារណៈ មុន​ការ​រួម​បញ្ចូល​គណបក្ស​រៀង​ខ្លួន​កាលពី​ឆ្នាំ​២០១២។

លោក សុវណ្ណ បាន​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ពេល​នេះស្ថិត​ក្នុង​ ចំណុច​របត់​ ហើ យ​ពួកគេ​គ្មាន​ជម្រើស។ ពួកគេ​ដឹង​ថា ប្រជាជន​កាន់តែ​តិចទៅៗ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រហែល​គេ​គិត​ថា នេះ​ជា​គំនិត​ល្អ​មួយ​ដើម្បី​ធ្វើ​ឲ្យ​អំណាច​គណបក្ស​ប្រជាជន​កាន់តែ​រឹង​មាំ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា រដ្ឋាភិបាល​សំដៅ​លើ​លោក សុខា ហើយ​មិន​មែន​លោក រង្ស៊ី ទេ ដោយសារ​ភាព​ដាច់​អហង្ការ​នា​ពេល​ថ្មីៗ​របស់​អនុ​ប្រធាន​រូប​នេះ។

លោក ស៊ីផាន បាន​និយាយ​ថា ពួកគេ​បាន​ចូល​សភា​ជា​ដៃគួ​សន្ទនា ប៉ុន្តែ​តាំងពី​ពេល​នោះ​មក កឹម សុខា មិន​ដែល​គោរព​វប្បធម៌​សន្ទនា​ទេ។ គាត់​បន្ត​ប្រើ​ភាសា​ដដែលៗ​ដូច​កាល​មុន​បោះឆ្នោត ហើយ​និយាយ​ថា គាត់​មិន​ចូល​ចិត្ត​ការ​សម្រប​សម្រួល

ទុក​ឲ្យ​តុលាការ​សម្រេច​លើ​រូប​គាត់ ប្រសិនបើ​គាត់​មិន​ចូល​ចិត្ត​ធ្វើការ​រួមគ្នា និង​សម្រួល​ឲ្យ​មាន​ស្ថិរភាព​ក៏ដូចជា​សន្តិភាព​ទេ​នោះនិត