27 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​មនុស្ស​១២​នាក់​ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ឆ្នោត​វៀតណាម​​ខុស​ច្បាប់​នៅ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​មនុស្ស​១២​នាក់​កាលពី​ថ្ងៃ​ច័ន្ទ អំឡុង​ប្រតិបត្តិការ​ឆ្មក់​ចូល​ផ្ទះ​មួយ​ក្នុង​ខណ្ឌ​សែន​សុខ ដែល​បើក​ល្បែង​ឆ្នោត​​ខុស​ច្បាប់​។

យោង​តាម​លោក សុខ សុផល នាយ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​​ទឹក​ថ្លាបាន​ឲ្យ​ដឹង​ថា ដឹកនាំ​ដោយ​​ព្រះរាជអាជ្ញា​រង​ ខំា សុផារី អម​សាលា​ដំបូង​រាជធានី​ នគរ​បាល​​មកពី​ការិយាល័យ​​បទ​ល្មើស​​កម្រិត​ស្រាល​រាជធានី និង​នគរ​បាល​សង្កាត់​ទឹក​ថ្លា​ចំនួន​១០​នាក់ បាន​ធ្វើ​ការ​ឃាត់​​ខ្លួន​នៅ​ម៉ោង​ប្រហែល​៥ល្ងាច​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” នគរ​បាល​បទ​ល្មើស​​​កម្រិត​ស្រាល​រាជធានី​​​ចាប់​ខ្លួន​មនុស្ស​បាន​១២​នាក់​រហូត​មក​ទល់​ពេល​នេះ​”។ លោក​បាន​បន្ត​ថា ឆ្នោត​នេះ​ដែល​ជា​របរ​ដ៏កាក់​កប​ និង​ដែល​ទាក់​ទាញ​អ្នក​ចាក់​ទូទាំង​រាជធានី​​ ត្រូវ​បាន​បិទ​តាម​សំណើ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

នគរ​បាល​​​បាន​បដិសេធ​​មិន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យទាំង​នេះ​​ទេ ប៉ុន្តែ​លោក ប៊ុន សត្យា នាយ​ការិយាល័យ​បទ​ល្មើស​កម្រិត​ស្រាល​រាជធានី​ បាន​មាន​ប្រសាសន៍​ថា ពួកគេ​​ទាំង​អស់​នោះ​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ពាក់​កណ្ដាល​ជា​ស្ត្រី​។

លោក​បាន​ថ្លែង​ថា ” យើង​​ចាប់​ខ្លួន​ពួកគាត់​ ដោយ​សារ​តែ​ពួកគាត់​បើក​របរ​ឆ្នោត​ខុស​ច្បាប់ ដែល​យើង​បាន​ដឹង​​ក្រោយ​ពីការ​ស៊ើបអង្កេត​ករណី​នេះ​ជាង​មួយ​ខែ​”។ លោក​បាន​បន្ថែម​ថា មនុស្ស​ទាំង​១២​នាក់​នេះ​កំពុង​ត្រូវ​បាន​សាក​សួរ​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​នៅ​ឡើយ​។

លោក​បាន​បញ្ជាក់​ថា ” យើង​កំពុង​សាកសួរ​ពួកគេ​នៅ​ឡើយ​​​ ប៉ុន្តែ​យើង​នឹង​បញ្ជូន​ពួកគេ​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃស្អែក​”។

ចំណែក​ឯ​ព្រះរាជអាជ្ញារង​ ខំា សុផារី មិន​អាច​ទាក់​ទង​​សុំ​ការ​​​បំភ្លឺ​បាន​ទេ​​ជុំវិញ​ករណី​នេះ៕ សុខុម​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស