កាលពីម្សិលមិញ អាជ្ញាធរខេត្តរតនគិរីបានលើកឡើងថា អ្នកភូមិមូលដ្ឋានប្រហែលជាបាននិយាយកុហកអំពីការដែលថា បានឃើញសាកសពអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមកពីប្រទេសវៀតណាមត្រូវបានគេកប់ថ្មីៗ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា អ្នកភូមិនៅក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ រាយការណ៍ថា បានឃើញសាកសពចំនួនប្រាំបីអណ្តែតតាមទឹកទន្លេសេសានកាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រោយមកអ្នកភូមិអះអាងថា បានឃើញសកសពមួយក្នុងចំណោមសាកសពទាំងនោះដែលជាជនជាតិភាគតិចម៉ុងតាញ៉ាមកពីប្រទេសវៀតណាម ត្រូវបានគេកប់នៅមាត់ទន្លេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនហ៊ាននិយាយថា ព័ត៌មានពីសាកសពនេះពិតឬមិនពិតនោះឡើយ ពីព្រោះខ្ញុំមិនបានឃើញដោយផ្ទាល់់ភ្នែកឡើយ”។
លោកបានមានប្រសាសន៍ថា យើងនឹងសើុបអង្កេតដើម្បីរកមូលហេតុនៃការស្លាប់នោះ ហើយយើងក៏នឹងស្វែងរកអត្តសញ្ញាណសាកសពផងដែរ ពីព្រោះអ្នកភូមិបានប្រាប់យើងថា សាកសពនេះជាសាកសពជនភៀសខ្លួន”។
ចាប់តាំងពីចុងខែតុលាមក ជនជាតិភាគតិចម៉ុងតាញ៉ាជាង៩០នាក់មកពីប្រទេសវៀតណាមបានឆ្លងចូលខេត្តរតនគិរី ដោយអះអាងថា រត់គេចពីការធ្វើទុក្ខបុកម្នេញខាងសាសនា និងនយោបាយពីសំណាក់អាជ្ញាធរនៅប្រទេសរបស់ខ្លួន។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយម្នាក់ ក្នុងស្រុកអូរយ៉ាដាវ ដែលនិយាយក្នុងលក្ខខណ្ឌអនាមិកដោយខ្លាចការរករឿងពីអាជ្ញាធរនោះបាននិយាយថា លោកបានទៅកាន់កន្លែងនោះកាលពីម្សិលមិញ ដែលអ្នកភូមិបានអះអាងថា បានឃើញសាកសពដែលត្រូវបានគេកប់ ហើយបានឃើញថ្នូរថ្មីៗដោយមានជើងមនុស្សលៀនចេញពីដី។
អ្នកភូមិរូបនេះបាននិយាយថា “ខ្ញុំបានឃើញថ្នូរមួយត្រូវបានគេជីកនៅមាត់ទន្លេពីរបីថ្ងៃមកហើយ។ ខ្ញុំបានឃើញជើងម្ខាង បន្ទាប់មកខ្ញុំបានថតរូបទៀត”។
ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋានបានលើកឡើងកាលពីម្សិលមិញថា ពួកគេជឿថា
អ្នកភូមិនិយាយកុហកថា បានឃើញសាកសពនោះ។
លោក ម៉ា វិចិត្រ អភិបាលស្រុកបានមានប្រសាសន៍ថា “ខ្ញុំបានបញ្ជាឲ្យនគរបាលមូលដ្ឋានរបស់ខ្ញុំស្វែងរកសាកសពជាជនជាតិភាគតិចម៉ុងតាញ៉ា ហើយយើងបានសាកសួរអ្នកភូមិមួយចំនួន ប៉ុន្តែ ពួកគាត់បានប្រាប់យើងថា ពួកគាត់មិនដឹងរឿងអ្វីឡើយ។ ខ្ញុំគិតថានេះជាពាក្យចចាមអារ៉ាម ហើយខ្ញុំមិនយល់ថា ហេតុអ្វីបានជាពួកគាត់ប្រឌិតព័ត៌មានមិនពិតនេះ”។
លោក ពយ យ៉ុង នាយប៉ុស្តិ៍ឃុំសេសាន បានមានប្រសាសន៍ថា មន្ត្រីរបស់លោកមិនទាន់រកសាកសពនោះឃើញនៅឡើយទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងសើុបអង្កេតរកប្រភពព័ត៌មាននោះ ហើយធ្វើរបាយការណ៍ជូនលោកអធិការស្រុក ពីព្រោះយើងគិតថា អ្នកភូមិបានប្រឌិតព័ត៌មានដើម្បីបំពុលបរិយាកាស”។
ជនជាតិដើមភាគតិចចារ៉ាយរូបនេះបានជួយលាក់ជនជាតិភាគតិចម៉ុងតាញ៉ាមួយចំនួន
ដែលបានមកដល់កាលពីពេលថ្មីៗនេះ ពីអាជ្ញាធរមូលដ្ឋាន ដែលបាននិរទេសពួកគេមួយចំនួនទៅប្រទេសវៀតណាមវិញ៕ សារុន