យោងតាមបញ្ជីឈ្មោះដែលបានចេញផ្សាយដោយរដ្ឋសភាកាលពីម្សិលមិញ បានឲ្យដឹងថា បេក្ខជនដាក់ពាក្យសម្រាប់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ថ្មី រួមមានសមាជិកសភាគណបក្សកាន់អំណាចម្នាក់ សមាជិកបច្ចុប្បន្នបួនរូបរបស់គ.ជ.ប. មេ
ដឹកនាំសហជីពដែលនិយាយឥតសំចៃម្នាក់ និងប្រធានទីប្រឹក្សារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។
រដ្ឋសភានឹងកោះប្រជុំពេញអង្គនៅថ្ងៃច័ន្ទ ដើម្បីជ្រើសរើសសមាជិកប្រាំបួនរូបរបស់ស្ថាប័នបោះឆ្នោតថ្មីនេះ ដែលការបង្កើតឡើងនេះសំខាន់ណាស់ចំពោះកិច្ចព្រមព្រៀងដែលបានបញ្ចប់ការធ្វើពហិការមិនចូលប្រជុំសភា ក្រោយការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុន។
កាលពីចុងខែមុន រដ្ឋសភាបានអំពាវនាវដល់បេក្ខជនទាំងអស់ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធរយៈពេល១០ឆ្នាំ ហើយមានសញ្ញាបត្រពីសាកលវិទ្យាល័យ ។
បេក្ខជនបួនរូបនៅក្នុងគ.ជ.ប.ថ្មី ដែលនឹងត្រូវជ្រើសដោយគណបក្សនីមួយៗជាមួយនឹងតួនាទីចុងក្រោយដែលកាន់កាប់ដោយលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា។
លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា លោកមានបំណងជំរុញឲ្យមានកំណែទម្រង់ការបោះឆ្នោតដែលមិនត្រូវបានយកចិត្តទុកដាក់ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិរយៈពេលប្រាំបីខែចុងក្រោយនេះ និងបេក្ខជនផ្សេងទៀតក្នុងចំណោមបេក្ខជន២៤រូបដែលបានដាក់ពាក្យសម្រាប់ស្ថាប័ននេះ ក៏បានលើកឡើងពីភាពចំាបាច់សម្រាប់ការធ្វើកំណែទម្រង់បន្ថែមទៀតកាលពីម្សិលមិញផងដែរ។
លោក ស៊ិក ប៊ុនហុក សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកចរចារបស់គណបក្សកាន់អំណាច អំឡុងការធ្វើសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីបានមានប្រសាសន៍ថា លោកបានដាក់ពាក្យសម្រាប់គ.ជ.ប. នេះដោយសារបទពិសោធន៍កន្លងមករបស់លោកជាទីប្រឹក្សាច្បាប់របស់គ.ជ.ប.ចាស់ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០១ ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំត្រូវបានជ្រើសរើស ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីធ្វើការទាក់ទងការបោះឆ្នោតដើម្បីធានាថា នឹងគ្មានភាពទាល់ច្រកនយោបាយ បន្ទាប់ពីការបោះឆ្នោតទៀតឡើយ។ ខ្ញុំមិនចង់បានតួនាទីខ្ពស់នៅគ.ជ.ប.ទេ ប៉ុន្តែ ខ្ញុំចង់ឃើញគណបក្សនីមួយៗពេញចិត្តនឹងលទ្ធផលបោះឆ្នោតដែលរៀបចំដោយគ.ជ.ប.ថ្មី”។
លោក ជូង ជូងី មេធាវីគណបក្សសង្គ្រោះជាតិដែលកាលពីពេលថ្មីៗនេះត្រូវបានរកឃើញពិរុទ្ធភាពថាបានជួយឲ្យមានការរត់ចេញពីពន្ធនាគារនៅក្នុងរឿងក្តីនយោបាយមួយក្នុងខេត្តកណ្តាលនោះ បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងចូលរួមក្នុងគ.ជ.ប.ថ្មី។
លោក ជូង ជូងី បានមានប្រសាសន៍ថា “ប្រសិនបើខ្ញុំត្រូវបានជ្រើសរើសជាសមាជិកគ.ជ.ប.សម្រាប់គណបក្សប្រឆាំង ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងរបស់់ខ្ញុំតតាំងនឹងអ្វីៗ ដើម្បីធ្វើឲ្យប្រាកដថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងដោយសេរី និងយុត្តិធម៌”។
បេក្ខជនបួនរូបក្នុងចំណោមបេក្ខជនទាំងអស់ ដែលបច្ចុប្បន្នរបស់គ.ជ.ប. នោះគឺលោក មាន សាទិក លោក ឯម សុផាត លោក សោម ចាន់ឌីណា និងលោក ម៉ៅ សុភិរិទ្ធ ដែលលោក សោម ចាន់ឌីណា និងលោក ម៉ៅ សុភិរិទ្ធ ត្រូវបានតែងតាំងដោយគណបក្សសមរង្ស៊ី ។
លោក គួយ ប៊ុនរឿន មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលជាសមាជិកគ.ជ.ប.រយៈពេលខ្លីកាលពីដើមទសវត្សរ៍ឆ្នាំ២០០០របស់គណបក្សសមរង្ស៊ីនោះ ត្រូវបានប្រកាសរួចហើយថា ជាសមាជិក គ.ជ.ប.ថ្មីរបស់គណបក្សប្រឆាំង។
លោក អឹុម សួស្តី មន្ត្រីគណបក្សកាន់អំណាច ដែលបានធ្វើជាប្រធានគ.ជ.ប.ចាប់តាំងពីឆ្នាំ២០០២មក បានមានប្រសាសន៍ថា លោកបានសម្រេចមិនដាក់ពាក្យសម្រាប់គណៈកម្មាធិការបោះឆ្នោតថ្មីឡើយ។
លោក អឹុម សួស្តី បានមានប្រសាសន៍ថា “ខ្ញុំបានធ្វើការជិត២០ឆ្នាំមកហើយ ដូច្នេះវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ទុកឱកាសឲ្យអ្នកជំនាន់ក្រោយធ្វើការនេះចុះ ពីព្រោះឥឡូវនេះខ្ញុំចាស់ហើយ។ ខ្ញុំចង់សម្រាក”។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍ថា បើទោះជាលោកខ្វះបទពិសោធន៍ទាក់ទងនឹងការបោះឆ្នោតក៏ដោយ ក៏លោកបានដាក់ពាក្យសម្រាប់សមាជិក គ.ជ.ប.ដែរ ពីព្រោះការងាររបស់លោកការពារសិទ្ធិមនុស្ស។
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា “ខ្ញុំបានសម្រេចដាក់ពាក្យសម្រាប់តួនាទីនេះ ពីព្រោះខ្ញុំសង្ឃឹមថា ខ្ញុំអាចជួយរកយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតបាន។ បើទោះជាខ្ញុំមិនបានធ្វើការដោយផ្ទាល់ទាក់ទងការបោះឆ្នោតក៏ដោយ ក៏ខ្ញុំអនុវត្តការងារបោះឆ្នោតទាំងអស់ដោយប្រយោលដែរ ហើយបានដឹកនាំសហជីពទាមទារសិទ្ធិ ដូច្នេះខ្ញុំមានជំនឿមុតមាំថា ខ្ញុំអាចធ្វើការងារនៅគ.ជ.ប.បាន”។
លោក ម៉ុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខា អនុប្រធានរដ្ឋសភាបានមានប្រសាសន៍លោកបានដាក់ពាក្យសម្រាប់សមាជិកគ.ជ.ប. ពីព្រោះលោកជឿថា បទពិសោធន៍របស់លោកដែលធ្វើការឲ្យអ៊ុនតាក់ និងក្រោយមកឲ្យវិទ្យាស្ថានជាតិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនោះ ធ្វើឲ្យលោកមានលក្ខណសម្បត្តិគ្រប់គ្រាន់។
លោក មុត ចន្ថា បានមានប្រសាសន៍ថា “ខ្ញុំអាចផ្តល់ចំណេះដឹង បទពិសោធន៍ និងជំនាញរបស់ខ្ញុំដើម្បីជួយធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ស្របតាមបទដ្ឋានអន្តរជាតិ។ ខ្ញុំចង់បម្រើប្រទេសជាតិរបស់ខ្ញុំ ប្រសិនបើខ្ញុំមានឱកាស”។
លោក មុត ចន្ថា បានបដិសេធថា លោកមិនបានពិភាក្សាពីបេក្ខភាពរបស់លោក ជាមួយលោក កឹម សុខា ដែលការគាំទ្ររបស់គាត់អាចឲ្យរូបលោកទទួលបានតួនាទីនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនរំពឹងពីគ្រួសារនិយម ឬសម្រាប់ទំនាក់ទំនងជិតស្និទ្ធរបស់ខ្ញុំជួយខ្ញុំនោះឡើយ ប៉ុន្តែ ខ្ញុំជឿជាក់លើចំណេះដឹង ជំនាញ និងបទពិសោធន៍ទាក់ទងការងារបោះឆ្នោតរបស់ខ្ញុំ”៕ សារុន (រាយការណ៍បន្ថែមដោយ Alex Willemyns)