ក្រសួងហិរញ្ញវត្ថុបានបញ្ចេញឲ្យដឹងផែនការយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ថវិកាឆ្នាំបន្ទាប់ អំឡុងវេទិកាមួយកាលពីថ្ងៃអង្គារនៅទីស្តីការក្រសួង ក្នុងក្រុងភ្នំពេញ ដោយផ្តោតលើការបង្កើនចំណូលរដ្ឋ បង្កើនផលិតភាពសេដ្ឋកិច្ច និង បែងចែកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងស្វះស្វែងបន្តពង្រីកមូលដ្ឋានពន្ធដាររបស់ខ្លួន ក្នុងគោលដៅបង្កើនចំណូលចរន្ត០,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់រាល់បីឆ្នាំបន្ទាប់។ កាលពីឆ្នាំមុន ចំណូលរដ្ឋមានចំនួនស្មើនឹង១៦,៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោក ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា “ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តខិតខំប្រឹងប្រែងក្នុងការកៀងគរចំណូលរយៈពេលខ្លីនិងមធ្យម ឲ្យបានកាន់តែច្រើនបន្ថែមទៀត តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានា ដែលបានកំណត់ក្នុងគោលនយោបាយកៀងគរចំណូលរយៈពេលមធ្យម២០១៤ដល់ឆ្នាំ២០១៨”។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមិនបាននិយាយលម្អិតអំពីវិធានការដែលត្រូវអនុវត្តទេ ប៉ុន្តែកាលពីឆ្នាំមុន រដ្ឋាភិបាលបានបង្កើនការខិតខំប្រមូលពន្ធគយ និងបានចាប់ផ្តើមអនុវត្តច្បាប់រយៈពេលវែង ដោយយកពន្ធពីបណ្តាក្រុមហ៊ុនដែលជួលកម្មករបរទេស។
លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ថវិកាឆ្នាំ២០១៦ ដែលដាក់ជិត៤០ភាគរយនៃថវិកាជាតិទៅផ្នែកកិច្ចការសង្គម នឹងនាំមកនូវសមធម៌សេដ្ឋកិច្ចប្រសើរឡើង។
លោក វិសុទ្ធ បាននិយាយថា “ថវិកាជាតិជាឧបករណ៍អភិវឌ្ឍដ៏សំខាន់ ក្នុងការចែកចាយផលទុនសរុបក្នុងស្រុករបស់ជាតិ ដើម្បីធានាកំណើនសេដ្ឋកិច្ច និងធានាសមធម៌សង្គម”។
យោងតាមលោក ហាវ រតនៈ ប្រធាននាយកដ្ឋានរៀបចំថវិកាបានឲ្យដឹងថា ចេញពីគម្រោងថវិកាជាតិឆ្នាំ២០១៦មានទឹកប្រាក់៤,៣៤ពាន់លានដុល្លារ ក្រសួងមានផែនការបែងចែក៣៨,៦៥ភាគរយសម្រាប់កិច្ចការសង្គម ២៤,៧៦ភាគរយសម្រាប់វិស័យការពារជាតិនិងសន្តិសុខ ១៣,៤៤ភាគរយសម្រាប់រដ្ឋបាលទូទៅ និង១០,៧៦ភាគរយសម្រាប់ការពង្រីកវិស័យសេដ្ឋកិច្ច។
លោក ផាន ផល្លា អគ្គនាយកនៃអគ្គនាយកដ្ឋានផ្នែកគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា ថវិកានេះនឹងជួយរដ្ឋាភិបាលឲ្យឈានដល់គោលដៅនៃផលិតផលក្នុងស្រុកសរុបចំនួន២០,៣៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៦៕ និត