31 C
Phnom Penh

កឹម សុខា ដើរ​ចេញ​មក​វិញ​ដោយ​មាន​សេរីភាព​ក្រោយ​តុលាការ​សាកសួរ​​អស់​​៧ម៉ោង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam photo frontលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​ដើរ​ចេញ​​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​ មក​វិញ​ដោយ​មាន​សេរីភាព​​កាលពី​រសៀល​ម្សិលមិញ បន្ទាប់ពី​ត្រូវ​ព្រះរាជអាជ្ញា​សាក​សួរ​អស់​រយៈ​ពេល​៧ម៉ោង​ជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​របស់​លោក​ទៅ​នឹង​​បាតុកម្ម​ជាច្រើន​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​ការ​បោះ​ឆ្នោត​​​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដ៏​ចម្រូង​ចម្រាស​នៅ​ក្នុង​ឆ្នាំ​២០១៣។

រយៈ​ពេល​មិន​ដល់​១ខែ​ផង​ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា លោក កឹម សុខា បាន​សារភាព​ទទួល​ស្គាល់​ថា​លោក​បាន​ព្យាយាម​ “ផ្ដួលរំលំ” រដ្ឋាភិបាល​​តាម​រយៈ​​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៣​នោះ លោក​ កឹម សុខា បាន​ទៅ​ដល់​តុលាការ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក តាម​ដីកា​​កោះហៅ​ដែល​តុលាការ​បាន​ចេញ​កាលពី​សប្ដាហ៍​មុន។

មនុស្ស​ប្រហែល​៣០០​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​មុខ​តុលាការ​នេះ​ ដើម្បី​គាំទ្រ​លោក កឹម សុខា ដោយ​ពួកគេ​រក្សា​ភាព​ស្ងប់​ស្ងាត់​ស្ទើរ​​ពេញ​មួយ​ថ្ងៃ​នោះ ដោយ​គ្រាន់​តែ​ស្រែក​ចំអក​ដាក់​នៅ​ពេល​រថយន្ត​​ដឹក​សន្តិសុខ​ខណ្ឌ​​ដ៏ហិង្សា​​ដែល​ពាក់​មួក​ការ​ពារ​ពណ៌​ខ្មៅ​​បើក​កាត់យឺតៗ ដើម្បី​បង្ខំ​ឲ្យ​​​អ្នក​គាំទ្រ​ទាំង​នេះ​ចេញ​ពី​​ទ្រូង​ផ្លូវ​ឡើង​ទៅ​លើ​ចិញ្ចើម​​ផ្លូវ​។

លោក កឹម សុខា បាន​ចេញ​ពី​តុលាការ​មក​វិញ​នៅ​ម៉ោង​៣និង​៣០​នាទី​រសៀល​ ដោយ​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ និង​​អ្នក​គាំទ្រ​របស់​លោក​ថា ការ​សាកសួរ​ដ៏​អូស​បន្លាយ​នេះ​គួរ​ឲ្យ​ធុញទ្រាន់​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ” តំណាង​អយ្យការ​បាន​សួរ​ខ្ញុំ​៧ម៉ោង ហើយ​សួរ​លម្អិត​មួយ​ពាក្យ​​ៗ​ដែល​ខ្ញុំ​បាន​និយាយ​​នៅ​ឯ​បាតុកម្ម​​ នៅ​អាមេរិក និង​គ្រប់​រឿង​ទាំង​អស់​ ហើយ​អ្វី​ដែល​មិន​គួរ​សួរ​ក៏​សួរ​ដែរ គេ​សួរ​ថា​ស្អី​ទៅ​ដែល​ហៅ​ថា ‘បដិវដ្ដន៍​’ សួរ​ថា​ម៉េច​បាន​ជា​ វន់ ពៅ [ប្រធាន​សហជីព​] ទៅ​ទទួល​ខ្ញុំ​នៅ​អាកាសយានដ្ឋាន​ពេល​ខ្ញុំ​មក​ពី​សហរដ្ឋ​អាមេរិកវិញ”។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​បាន​​ចាក់​ផ្សាយ​វីដេអូ​មួយ​ដែល​មាន​រយៈ​​ពេល​៣០​នាទី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ ដើម្បី​ធ្វើ​ជា​តឹក​តាង​បង្ហាញ​ថា លោក​ កឹម សុខា និង​លោក វន់ ពៅ បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ​ព្រះរាជអាជ្ញា​បាន​សួរ​លោក​នូវ​សំណួរ​ដដែល​អំឡុង​ពេល​សាកសួរ​កាលពី​ម្សិលមិញ។ មុន​ពេល​ឡើង​ជិះ​រថយន្ត​សេ៊រី​ទំនើប​ លោក​បាន​មាន​ប្រសាសន៍​ថា ” គេ​មិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ គេ​គ្រាន់​តែ​សាកសួរ​ខ្ញុំ​ប៉ុណ្ណោះ។

លោកស្រី ម៉េង សុភារី មេធាវី​មួយ​រូប​តំណាង​ឲ្យ​លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ជា​ដំបូង​ព្រះរាជអាជ្ញារង​ លី សុផាន់ណា បាន​ផ្ដោត​​ការ​សាកសួរ​របស់​លោក​ស្ដីពី​សំណុំ​រឿង​មួយ​ពាក់​ព័ន្ធ​​នឹង​បាតុកម្ម​កាលពី​ថ្ងៃទី៣ ខែ​មករា​ឆ្នាំ​មុន។

នៅ​ក្នុង​ថ្ងៃ​នោះ កង​រាជអាវុធ​ហត្ថ​បាន​បង្ក្រាប​បាតុកម្ម​​មួយ​របស់​​កម្មករ​រោងចក្រ​កាត់​ដេរ ដោយ​បាញ់​ស្លាប់​កម្មករ​ប្រាំនាក់ ហើយ​ចាប់​ផ្ដើម​ការ​បង្ក្រាប​​ដ៏​ហិង្សា​លើ​កូដកម្ម​ទូទាំង​ប្រទេស​របស់​​ក្រុម​កម្មករ​កាត់​ដេរ​ដែល​បាន​ចូល​រួម​ជាមួយ​បាតុកម្ម​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” [លោក លី សុផាន់ណា] សួរ​សំណួរ​ដដែល​ៗ​អំពី​​បញ្ហា​​​ដែល​បាន​កើត​ឡើង​កន្លង​មក។ អ្វី​ដែល​គាត់​បាន​​និយាយ​ គេ​​រើស​យក​​គ្រប់​ពាក្យ​មក​​​​​សួរ​គាត់​ឲ្យ​បក​ស្រាយ​ [ពាក្យ​នោះ​]។ គេ​បាន​សាក​សួរ​អំពី​បាតុកម្ម​ ពាក្យ​ដែល​គាត់​បាន​និយាយ​នៅ​អាមេរិក​ ហើយ​គាត់​ក៏​ត្រូវ​បាន​សាកសួរ​ដែរ​អំពី​បញ្ហា​​ ទេព វន្នី [សកម្មជន​ការ​ពារ​​សិទ្ធិ​លំនៅដ្ឋាន] ដែល​បាន​បិទ​​ផ្លូវ​ បញ្ហា​​កម្មករ​កាត់​ដេរ​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ក្រសួង​ការងារ​ដើម្បី​ទាម​ទារ​​​ដំឡើង​ប្រាក់​ខែ​”។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា លោក កឹម សុខា ត្រូវ​បាន​សាកសួរ​យ៉ាង​យូរ​អំពី​បាតុកម្ម​ជាច្រើន​ ដល់​ថ្នាក់​លោកស្រី​​ចាំ​មិន​បាន​ថា មាន​​បាតុកម្ម​ប៉ុន្មាន​ត្រូវ​បាន​លើក​ឡើង​នោះ​ទេ​​អំឡុង​ពេល​សាកសួរ​រយៈ​ពេល​៧ម៉ោង​នេះ​។ លោក​ស្រី​បាន​បន្ថែម​ថា ” យើង​ស្នើ​ឲ្យ​​អយ្យការ​បញ្ឈប់​ការ​ហៅ​គាត់​មក​សាកសួរ​បែប​នេះ​ទៀត”។

​កាលពី​ម្សិលមិញ លោក លី សុផាន់ណា ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ។

តុលាការ​បាន​សួរ​លោក កឹម សុខា លើក​ចុង​ក្រោយ​នៅ​ថ្ងៃទី​២៥ ខែ​កក្កដា ពោល​គឺ​១០​ថ្ងៃ​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​តាម​ដង​ផ្លូវ​អំឡុង​បាតុកម្ម​មួយ​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​សំណុំ​រឿង​ផ្លូវ​ច្បាប់​​ប្រឆាំង​នឹង​​រូប​លោក​បាន​ស្ងប់​ស្ងាត់​ បន្ទាប់ពី​រូប​លោក​ទទួល​បាន​អភ័យឯកសិទ្ធិ​​​តាម​រយៈ​ការ​ស្បថ​ចូល​កាន់​តំណែង​នៅ​សភា​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៤​រូប​ផ្សេងទៀត​កាលពី​ខែ​សីហា។

ទោះ​ជាយ៉ាង​ណា កាលពី​ខែ​មុន លោក ហ៊ុន សែន បាន​​ទាញ​យក​​ប្រយោជន៍​ពី​​សុន្ទរកថា​មួយ​របស់​លោក កឹម សុខា ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​សូម​ទោស​អ្នក​គាំទ្រ​នៅ​ទីនោះ​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​​បណ្ដេញ​គណបក្ស​ប្រជាជន​កម្ពុជា​ចេញពី​អំណាច​អំឡុង​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត​​នៅ​ឆមាសទី២​ក្នុងឆ្នាំ​២០១៣។

លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​កាលពី​ថ្ងៃទី​១៣ ខែ​មីនា​ថា ” ខ្ញុំ​សូម​អភ័យ​ទោស​បង​ប្អូន​ដែល​ខ្ញុំ​មិន​អាច​​ដឹក​នាំ​ការ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​១០០​ភាគរយ​”។

​រយៈ​ពេល​តែ​១សប្ដាហ៍​ប៉ុណ្ណោះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​ការ​សូម​អភ័យ​ទោស​នេះ​គឺ​ស្មើ​នឹង​ការ​សារភាព​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃទី​១៨ ខែ​មីនាថា ” ឥឡូវ​បែរ​ជាមាន​អ្នក​ចេញ​មក​សារភាព​ថា គេ​បាន​ប្រឹង​ប្រែង​ផ្ដួល​រដ្ឋាភិបាល​ ផ្ដួល​គណបក្ស​ប្រជាជន ​តែ​មិន​បាន​សម្រេច​។ គេ​បរាជ័យ ហើយ​សូម​ទោស​ប្រជាពលរដ្ឋ​នៅ​អាមេរិក។ អញ្ចឹង​យើង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​បែប​ណា? បើ​ចោរ​ និង​មេចោរ​សារភាព​ហើយ​ តើ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​ណា?”៕ សុខុម​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស