លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ មកវិញដោយមានសេរីភាពកាលពីរសៀលម្សិលមិញ បន្ទាប់ពីត្រូវព្រះរាជអាជ្ញាសាកសួរអស់រយៈពេល៧ម៉ោងជុំវិញការជាប់ពាក់ព័ន្ធរបស់លោកទៅនឹងបាតុកម្មជាច្រើន ដែលបានផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសនៅក្នុងឆ្នាំ២០១៣។
រយៈពេលមិនដល់១ខែផងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ថា លោក កឹម សុខា បានសារភាពទទួលស្គាល់ថាលោកបានព្យាយាម “ផ្ដួលរំលំ” រដ្ឋាភិបាលតាមរយៈបាតុកម្មរបស់គណបក្សសង្គ្រោះជាតិក្រោយការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣នោះ លោក កឹម សុខា បានទៅដល់តុលាការនៅវេលាម៉ោង៨និង៣០នាទីព្រឹក តាមដីកាកោះហៅដែលតុលាការបានចេញកាលពីសប្ដាហ៍មុន។
មនុស្សប្រហែល៣០០នាក់បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការនេះ ដើម្បីគាំទ្រលោក កឹម សុខា ដោយពួកគេរក្សាភាពស្ងប់ស្ងាត់ស្ទើរពេញមួយថ្ងៃនោះ ដោយគ្រាន់តែស្រែកចំអកដាក់នៅពេលរថយន្តដឹកសន្តិសុខខណ្ឌដ៏ហិង្សាដែលពាក់មួកការពារពណ៌ខ្មៅបើកកាត់យឺតៗ ដើម្បីបង្ខំឲ្យអ្នកគាំទ្រទាំងនេះចេញពីទ្រូងផ្លូវឡើងទៅលើចិញ្ចើមផ្លូវ។
លោក កឹម សុខា បានចេញពីតុលាការមកវិញនៅម៉ោង៣និង៣០នាទីរសៀល ដោយប្រាប់ក្រុមអ្នកយកព័ត៌មាន និងអ្នកគាំទ្ររបស់លោកថា ការសាកសួរដ៏អូសបន្លាយនេះគួរឲ្យធុញទ្រាន់។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា ” តំណាងអយ្យការបានសួរខ្ញុំ៧ម៉ោង ហើយសួរលម្អិតមួយពាក្យៗដែលខ្ញុំបាននិយាយនៅឯបាតុកម្ម នៅអាមេរិក និងគ្រប់រឿងទាំងអស់ ហើយអ្វីដែលមិនគួរសួរក៏សួរដែរ គេសួរថាស្អីទៅដែលហៅថា ‘បដិវដ្ដន៍’ សួរថាម៉េចបានជា វន់ ពៅ [ប្រធានសហជីព] ទៅទទួលខ្ញុំនៅអាកាសយានដ្ឋានពេលខ្ញុំមកពីសហរដ្ឋអាមេរិកវិញ”។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានចាក់ផ្សាយវីដេអូមួយដែលមានរយៈពេល៣០នាទីនៅលើកញ្ចក់ទូរទស្សន៍ជាតិ ដើម្បីធ្វើជាតឹកតាងបង្ហាញថា លោក កឹម សុខា និងលោក វន់ ពៅ បានធ្វើការរួមគ្នាដើម្បីផ្ដួលរំលំរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៣។
លោក កឹម សុខា បានមានប្រសាសន៍ថា ព្រះរាជអាជ្ញាបានសួរលោកនូវសំណួរដដែលអំឡុងពេលសាកសួរកាលពីម្សិលមិញ។ មុនពេលឡើងជិះរថយន្តសេ៊រីទំនើប លោកបានមានប្រសាសន៍ថា ” គេមិនបានធ្វើការចោទប្រកាន់ទេ គេគ្រាន់តែសាកសួរខ្ញុំប៉ុណ្ណោះ។
លោកស្រី ម៉េង សុភារី មេធាវីមួយរូបតំណាងឲ្យលោក កឹម សុខា បានមានប្រសាសន៍ថា ជាដំបូងព្រះរាជអាជ្ញារង លី សុផាន់ណា បានផ្ដោតការសាកសួររបស់លោកស្ដីពីសំណុំរឿងមួយពាក់ព័ន្ធនឹងបាតុកម្មកាលពីថ្ងៃទី៣ ខែមករាឆ្នាំមុន។
នៅក្នុងថ្ងៃនោះ កងរាជអាវុធហត្ថបានបង្ក្រាបបាតុកម្មមួយរបស់កម្មកររោងចក្រកាត់ដេរ ដោយបាញ់ស្លាប់កម្មករប្រាំនាក់ ហើយចាប់ផ្ដើមការបង្ក្រាបដ៏ហិង្សាលើកូដកម្មទូទាំងប្រទេសរបស់ក្រុមកម្មករកាត់ដេរដែលបានចូលរួមជាមួយបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
លោកស្រីបានមានប្រសាសន៍ថា ” [លោក លី សុផាន់ណា] សួរសំណួរដដែលៗអំពីបញ្ហាដែលបានកើតឡើងកន្លងមក។ អ្វីដែលគាត់បាននិយាយ គេរើសយកគ្រប់ពាក្យមកសួរគាត់ឲ្យបកស្រាយ [ពាក្យនោះ]។ គេបានសាកសួរអំពីបាតុកម្ម ពាក្យដែលគាត់បាននិយាយនៅអាមេរិក ហើយគាត់ក៏ត្រូវបានសាកសួរដែរអំពីបញ្ហា ទេព វន្នី [សកម្មជនការពារសិទ្ធិលំនៅដ្ឋាន] ដែលបានបិទផ្លូវ បញ្ហាកម្មករកាត់ដេរធ្វើបាតុកម្មនៅខាងមុខក្រសួងការងារដើម្បីទាមទារដំឡើងប្រាក់ខែ”។
លោកស្រីបានមានប្រសាសន៍បន្តថា លោក កឹម សុខា ត្រូវបានសាកសួរយ៉ាងយូរអំពីបាតុកម្មជាច្រើន ដល់ថ្នាក់លោកស្រីចាំមិនបានថា មានបាតុកម្មប៉ុន្មានត្រូវបានលើកឡើងនោះទេអំឡុងពេលសាកសួររយៈពេល៧ម៉ោងនេះ។ លោកស្រីបានបន្ថែមថា ” យើងស្នើឲ្យអយ្យការបញ្ឈប់ការហៅគាត់មកសាកសួរបែបនេះទៀត”។
កាលពីម្សិលមិញ លោក លី សុផាន់ណា មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ។
តុលាការបានសួរលោក កឹម សុខា លើកចុងក្រោយនៅថ្ងៃទី២៥ ខែកក្កដា ពោលគឺ១០ថ្ងៃក្រោយផ្ទុះអំពើហិង្សាតាមដងផ្លូវអំឡុងបាតុកម្មមួយដឹកនាំដោយគណបក្សសង្គ្រោះជាតិនៅជិតទីលានប្រជាធិបតេយ្យ។ ប៉ុន្តែសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរូបលោកបានស្ងប់ស្ងាត់ បន្ទាប់ពីរូបលោកទទួលបានអភ័យឯកសិទ្ធិតាមរយៈការស្បថចូលកាន់តំណែងនៅសភាជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៤រូបផ្សេងទៀតកាលពីខែសីហា។
ទោះជាយ៉ាងណា កាលពីខែមុន លោក ហ៊ុន សែន បានទាញយកប្រយោជន៍ពីសុន្ទរកថាមួយរបស់លោក កឹម សុខា ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ដើម្បីសូមទោសអ្នកគាំទ្រនៅទីនោះដែលគណបក្សសង្គ្រោះជាតិមិនបានបណ្ដេញគណបក្សប្រជាជនកម្ពុជាចេញពីអំណាចអំឡុងបាតុកម្មក្រោយការបោះឆ្នោតនៅឆមាសទី២ក្នុងឆ្នាំ២០១៣។
លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃទី១៣ ខែមីនាថា ” ខ្ញុំសូមអភ័យទោសបងប្អូនដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្ដូរឲ្យបាន១០០ភាគរយ”។
រយៈពេលតែ១សប្ដាហ៍ប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការសូមអភ័យទោសនេះគឺស្មើនឹងការសារភាពថា មេដឹកនាំគណបក្សប្រឆាំងរូបនេះមានបំណងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែមីនាថា ” ឥឡូវបែរជាមានអ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្ដួលរដ្ឋាភិបាល ផ្ដួលគណបក្សប្រជាជន តែមិនបានសម្រេច។ គេបរាជ័យ ហើយសូមទោសប្រជាពលរដ្ឋនៅអាមេរិក។ អញ្ចឹងយើងចាត់វិធានការតាមផ្លូវច្បាប់បែបណា? បើចោរ និងមេចោរសារភាពហើយ តើចាត់វិធានការផ្លូវច្បាប់យ៉ាងណា?”៕ សុខុម