30 C
Phnom Penh

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បដិសេធ​​​ថា គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​​​​អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជធានី​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ លោក ឱម យិុន​​​ទៀង​​​ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​បាន​​​បដិសេធ​​​ថា​ លោក​​​ អាំង​​​ មាល​​​តី​​​ ​​​ជា​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​គេ​​​ដក​​​ចេញ​​​ពី​​​មុខ​​​តំណែង​​​​​​មិន​​​ត្រូវ​​​បាន​​​​​​​​ចាប់ខ្លួន​​​ឡើយ​​​ បន្ទាប់​​​ពី​​​​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​រយៈ​​​ពេល​​​ពីរ​ថ្ងៃ​ ជុំ​​​វិញការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប្រព្រឹត្ត​​​​​​អំពើ​​​ពុករលួយ​​​ធ្ងន់​​​ធ្ងរ ទោះ​​​បីជា​​​មាន​​​មន្ត្រី​​​ជាន់​​​​​​ខ្ពស់​​​ពីរ​រូប​​​បាន​​​លើក​​​ឡើង​​​ថា មាន​​​ការ​​​ចាប់​​​ខ្លួន​​​ក៏ដោយ​​​។

លោក អាំង​​​ មាល​​​តី ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពីមុខ​​​តំណែង​​​កាល​​​ពីខែ​​​កុម្ភៈ​​​ ពោល​​​គឺ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាល​​​ថ្លែង​​​សុន្ទរកថា​​​ដោយ​​​លើក​​​ឡើង​​​ថា​​​ សាលា​​​ដំបូង​​​បាន​​​ទទួល​​​សំណូក​​​រាប់​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ ថោង សារ៉ាត់ ដែល​​​ឥឡូវ​​​កំពុង​​​រត់​​​គេចខ្លួន និង​​​ដែល​​​ត្រូវ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង ម៉េងជឺ កាល​​​ពី​​​​​​ខែ​​​វិច្ឆិកានោះ​​​។

លោក ឱម យិុនទៀង​​​ ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក អាំង​​​ មាលតី ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​​អង្គភាព​​​ប្រ​​​ឆាំង​​​អំពើ​​​ពុករលួយ​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ និង​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ព​ី​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​បញ្ចប់​​​ការ​​​សើុប​​​សួរ​​​របស់​​​ខ្លួន​​​លើ​​​រូប​​​លោក​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប៉ុន្តែ លោក​​​មិន​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​ឡើយ​​​។

លោក ឱម យិុន​​​ទៀង​​​ បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​សារមួយ​​​​​​ថា ” អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​កោះ​​​ហៅ​​​លោក អាំង​​​ មាល​​​តី មក​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ និង​​​ថ្ងៃ​​​នេះ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​យល់​​​ឃើញ​​​ថា ការ​​​សាក​​​សួរ​​​ និង​​​ការ​​​ពន្យល់​​​រយៈ​​​ពេល​​​ពី​​រថ្ងៃ​​​​​​ គឺ​​​វា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។  អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ត្រូវ​​​ការ​​​ពេល​​​វាលា​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ជួ​​​ប​​​ និង​​​ស្តាប់​​​ការ​​​ពន្យល់​​​​​​របស់​​​លោក អាំង មាលតី”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​លោក អាំង​​​ មាលតី ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​ ឬ​​​អត់​​​​​​ លោក ឱម យិុន​​​ទៀង បាន​​​​​លើក​​​ឡើង​​​ថា “​​​មិន​​​ពិត​​​ទេ​​​”។

​​​នៅ​​អំឡុង​​​ពេល​​​​ព្រឹក​​​​​​​​​ មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​នៅ​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ដែល​​​ស្នើ​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ ព្រោះ​​​ខ្លាច​​​ក្រែង​​​មាន​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​បាន​​​លើក​​​ឡើង​​​ថា លោក ឱម យិុនទៀង និង​​​ជំនួយ​​​ការ​​​របស់​​​លោក​​​ ឈ្មោះ ហេង សុខឃាង  ​​​មាន​​​ភាព​​​រាក់​​​ទាក់​​​ជាមួយ​​​លោក​​​​​​ អាំង​​​ មាលតី កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​​​​​​​ដោយ​​​សាក​​​សួរ​​​លោក​​​​​​នៅ​​​ពេល​​​ព្រឹក​​​ ហើយ​​​នៅ​​​ពេល​​​ថ្ងៃ​​​ញាំ​​​បាយ​​​ជាមួយ​​​គ្នា​​​។

មន្ត្រី​​​ជាន់​​​ខ្ពស់​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “លោក អាំង​​​ មាលតី ត្រូវ​​​បាន​​​កោះ​​​ហៅ​​​កាល​​​ពី​​​ម្សិលមិញ និង​​​ថ្ងៃ​​​នេះ​​​ ប៉ុន្តែ លោក​​​មិន​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ទេ។ លោក អាំង​​​ មាលតី បាន​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ បន្ទាប់​​​ពី​​​ញាំបាយ​​ថ្ងៃត្រង់​​​​ជាមួយ​​​មន្ត្រី​​​ទាំង​​​​​​ពីរ​​​រូប​​​នេះ​​​រួច​​​។ ​​​​​​

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា បន្ទាប់​​​មក​​​ទៀត​​​នៅ​​​ថ្ងៃ​​​ដដែល​​​ មន្ត្រី​​នៅ​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា តាម​​​ពិត​​​ទៅ​​​លោក អាំង មាលតី​​​ មិន​​​បាន​​​ត្រឡប់​​​មក​​​ផ្ទះ​​​ទេ​​​កាល​​​ពីម្សិលមិញ​​​ ប៉ុន្តែ បាន​​​ស្ថិត​​​នៅ​​​ទីស្នាក់​​​ការ​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ហើយ​​​នឹង​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ពេល​​​រសៀល​​​។

ប្រភពនេះ​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ថា មន្ត្រី​​​តុលាការ​​​ចំនួន​​​ពីរ​​​រូប​​​​​​បាន​​​រៀប​​​ចំ​​​ទទួល​​​លោក អាំង​​​ មាលតី។ ប៉ុន្តែ ខ្ញុំ​​​មិន​​​យល​​់​​​​​​ទេ​​​ថា តើ​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​អាចបញ្ជូន​​​លោក អាំង មាលតី ទៅ​​​តុលាការ​​​តាម​​​របៀប​​​ណា​​​ទៅ​​​ បើ​​​គាត់​​​ជា​​​មិត្ត​​​ជិតស្នីទ​​​ជាមួ​​​យ​​​ចៅហ្វាយ​​​របស់​​​ខ្ញុំ​​​[លោក ឱម យិុនទៀង​​​] នោះ​​​”។

ឧត្តមសេនីយ៍​​​ត្រី ខេង ទីតូ អ្នកនាំពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​​​​ផ្ទៃ​​​ប្រទេស​​​​​​ ក៏​​​បាន​​​​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ផង​​​ដែរ​​​ថា  លោក​​​ទទួល​​​បាន​​​ព័ត៌មាន​​​​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​លោក អាំង​​​ មាលតី ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ថា  អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ បាន​​​ចាប់​​​ខ្លួន​​​លោក អាំង​​​ មាលតី ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​និយាយ​​​អ្វី​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​បាន​​​ឡើយ​​​ ព្រោះ​​​គេ​​​កំពុង​​​ធ្វើ​​​ការ​​​លើ​​​ករណីនេះ​​​”។

តែទោះ​​​ជា​​​យា៉ាង​​​ណា​​​ ប៉ុន្មាន​​​នាទី​​​ក្រោយ​​​មក​​​​​​ឧត្តមសេនីយ៍​​​ត្រី​​​ ខេង ទីតូ បាន​​​ហៅ​​​ទូរស័ព្ទ​​​ត្រឡប់​​​មក​​​វិញ​​​ ហើយ​​​មាន​​​​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​ឲ្យ​​​ដក​​​សម្តី​​​របស់​​​ខ្ញុំ​​​ចេញ​​​វិញ​​​ ព្រោះវា​​​អាច​​​ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​ស្លាប់​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ ថាតើ​​​ហេតុ​​​អ្វី​​​បានជា​​​​​​ស្នើ​​​​​​ឲ្យ​​​ដក​​​សម្តី​​ចេញ​​​​វិញ លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​​អត់​​​ពិត​​​ទេ​​​”។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​យប់​​​មិញ​​​ លោក មាស ចាន់​​​ពិសិដ្ឋ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​លើក​​​ឡើង​​​ថា អតីត​​​ប្រធាន​​​របស់​​​លោក​​​មិន​​​ត្រូវ​​​បាន​​​​​​នាំ​​​ទៅ​​​កាន់​​​តុលាការ​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​បាន​​​មានប្រសាសន៍ មុន​​​ពេល​​​ផ្តាច់​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា “ថ្ងៃ​​​េនះ​​​គ្មាន​​​​​​ការ​​​សាក​​​សួរ​​​ទេ​​​ ហើយ​​​វា​​​មិន​​​ចាំ​​​បាច់​​​សាក​​​សួរ​​​គាត់​​​ទេ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពី​​​យប់​​​មិញ​​​ដដែល​​​​ ​​ស្ថានីយទូរទស្សន៍​​​ BTV ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោកស្រី ហ៊ុន ម៉ាណា ​​​កូន​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​បង្ហោះ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​មួយ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​ខ្លួន​​​ដោយ​​​លើក​​​ឡើង​​​ថា លោក អាំង​​​ មាលតី នឹង​​​ត្រូវ​​​សាក​​​សួរ​​​នៅ​​​តុលាការ​​​នៅថ្ងៃ​​​េនះ​​​។

សេចក្តីរាយការណ៍​​​ព័ត៌មាន​​​នេះ​​​ បាន​​​លើក​​​ឡើង​​​ថា អតីត​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​ដោយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួួ​​​យ​​​ជុំ​​​វិញ​​​ការ​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​របស់​​​លោក ថោង​​​ សារ៉ាត់​​​ និង​​​ការ​​​ដោះ​​​លែង​​​លោក ថាវ ថាវី​​​ ជា​​​ចែកចាយ​​​​​​គ្រឿង​​​ញៀន​​​ ដែលត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅក្រៅឃុំ​​​ដោយ​​​តុលាការ​​​ និង​​​ដែល​​​រថយន្ត​​​សេ៊រីទំនើប​​​របស់លោក​​​ ដែល​​​គេ​​​រឹប​​​អូស​​​បាន​​​នោះ​​​ត្រូវ​​​បាន​​​​​​យក​​​ទៅ​​​ឲ្យ​​​កូន​​​ប្រុស​​​លោក អាំង​​​ មាលតី​​​។

សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​នេះ​​​មាន​​​ខ្លឹមសារ​​​ថា “យោង​​​តាម​​​អ្នក​​​យក​​​ព័ត៌មាន​​​របស់​​​ស្ថាន​​​ីយទូរទស្សន៍ BTV​​​ ការ​​​សាកសួរ​​​លោក អាំង​​​ មាលតី ត្រូវ​​​បាន​​​បញ្ចប់​​​នៅ​​​ថ្ងៃ​​​េនះ​​​ ហើយ​​​នឹង​​​បន្ត​​​នៅ​​​​​ថ្ងៃ​​​ស្អែក​​​​​​នៅពេល​​​គេ​​​បញ្ចូន​​​លោក​​​ទៅ​​​តុលាការ​​​ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​”៕ ស៊ុយឈាង​​​(រាយការណ៍​​​បន្ថែម​​​ដោយ​​​ សេក ឧត្តម និង​​​ បែន សុខហ៊ាន​​​)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស