26 C
Phnom Penh

រដ្ឋសភា​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ គ.ជ.ប.ថ្មី​នៅ​ថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​សភា​ដើម្បី​ជ្រើស​សមាជិក​៩រូប​ជាផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី (គ.ជ.ប.) ​ត្រូវបាន​​កំណត់ពេល​ជាថ្មី​កាលពី​​ម្សិល​មិញ​ នៅ​ថ្ងៃនេះ​ ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​ឈ្មោះ​បេក្ខជន​ដែល​គេ​សន្មត​​នោះ​ ត្រូវ​បាន​លេច​ធ្លាយ។

ក្រុម​មន្ត្រី​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសើរ​ការ​បោះ​ឆ្នោត​របស់​​រដ្ឋសភា​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ជ្រើស​រើស​បេក្ខជន​​ទាំង​នោះ​ ប៉ុន្តែ​បាន​ប្រកាស​ផ្លាស់​ប្ដូរ​ពេល​វេលា​បន្ទាប់ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋសភា​កាលពី​ម្សិល​មិញ​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​ថា ការ​ជ្រើស​រើស​សមាជិក​បួន​រូប​ម្ខាង​មកពី​គណបក្ស​នីមួយៗ​ ព្រម​ទាំង​បេក្ខជន​អព្យា​ក្រឹត​ទី៩​ត្រូវ​បាន​ដាក់បញ្ចូល​​ក្នុង​បញ្ជីតែមួយ​​​ដើម្បី​បោះឆ្នោត​ជា​កញ្ចប់​នៅ​ព្រឹក​នេះ។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​បញ្ចូល​បញ្ជី​ទាំង​បី​ចូល​ក្នុង​បញ្ជីតែ​មួយ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋសភា​អនុម័ត​។ ពីមុន​យើង​គ្រោង​បោះ​ឆ្នោត​នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ គឺ​មួយ​ថ្ងៃមុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​ឥឡូវ​នេះយើង​បាន​ព្រមព្រៀង​គ្នា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ស្អែក​។

លោក​បាន​បន្ថែម​ថា ” ផ្អែក​តាម​ច្បាប់​នេះ ​តម្រូវ​ឲ្យ​អនុម័ត​រួម​គ្នា​តែ​ម្ដង។ មាន​ន័យ​ថា ប្រសិន​បើ​បរាជ័យ គឺ​បរាជ័យ​ទាំង​អស់​គ្នា​”។

លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​ប្រឆាំង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​​យល់​ព្រម​លើ​សមាជិក​ គ.ជ.ប.ថ្មី នឹង​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​កាន់​តែ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​ថា ” នេះ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​យើង៖ ឆ្នាំ​ថ្មី ក្ដី​សង្ឃឹម​ថ្មី ពេល​វេលា​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ដែល​នឹង​ឃើញ​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ គ្មាន​បញ្ហា​ដូច​ពេល​កន្លង​មក​”។

លោក​បាន​បន្ថែម​ថា “ប្រសិន​បើ​នរណា​ម្នាក់​ចាញ់​ ពួកគេ​នឹង​ទទួល​យក​ដោយ​ក្ដី​សោម​នស្ស​។ ប្រសិន​បើពួកគេ​ឈ្នះ​ ពួកគេ​នឹង​ទទួល​យក​ដោយក្ដី​សោមនស្ស​ដែរ”។

បើ​តាម​បញ្ជី​ឈ្មោះ​ដែល​លេច​ធ្លាយ​កាលពី​ម្សិលមិញ គណបក្ស​កាន់​អំណាច​បាន​ជ្រើស​រើស​​លោក ស៊ិក ប៊ុនហុក សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​ គ.ជ.ប. ព្រម​ទាំង​​សមាជិក​ គ.ជ.ប.​ បច្ចុប្បន្ន​គឺ​លោក មាន សាទិ លោក អែម សុផាត និង​លោក ឌុច សន អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើស​រើស​អតីត​សមាជិក​សភា​គណបក្ស​ប្រឆាំង​ និង​លោក គួយ ប៊ុនរឿន សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី​ តែ ម៉ានីរ៉ុង មន្ត្រី​រដ្ឋាភិបាល​ចូល​និវត្ត និង​លោក ហ៊ីង ធីឫទ្ធិ ព្រះរាជអាជ្ញា​តុលាការ​កំពូល​ និង​ជា​អតីត​ចៅក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

លោក ធីឫទ្ធិ ត្រូវ​បាន​ដក​ចេញពី​ចៅក្រម​នៅ​សាលា​ដំបូង​រាជធានី​កាលពី​ឆ្នាំ​២០០៤ បន្ទាប់​ពី​លោក​​​​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​​លើ​ ប៊ន សំណាង និង​ សុខ សំអឿន ជុំវិញ​ការ​ធ្វើឃាត​លោក ជា វិជ្ជា មេដឹកនាំ​សហជីព។

នៅ​ពេល​នោះ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស មុន​ពេល​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​បម្រើ​ការ​ងារ​នៅ​តុលា​កំពូល​ក្នុង​ឆ្នាំ​២០០៩។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​ទាំង​ពីរ​​​ជា​បេក្ខជន​អព្យាក្រឹត​ទី៩​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍នៅក្នុង​សុន្ទរកថានៅ​វិទ្យាស្ថានជាតិ​អប់រំ​កាលពី​ម្សិលមិញ​ថា ការកណត់ពេល​​បោះ​ឆ្នោត​ជាថ្មី​​សម្រាប់​ គ.ជ.ប.​នេះ មាន​ន័យ​ថា “ស្ថាន​ភាព​នយោបាយ” ​នៅ​ក្នុង​ប្រទេស​នឹង​​បញ្ចប់។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ” ស្ថានភាព​នយោបាយ​​កំពុង​តែ​ខិត​ទៅ​រក​ភាព​បញ្ចប់​នៅ​ថ្ងៃ​ស្អែក” ដោយ​លោក​ពន្យល់​ថា ​ការ​កំណត់ពេល​បោះ​ឆ្នោតជាថ្មី​នេះ​តាម​សំណើ​របស់​លោក សម រង្ស៊ី។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ការ​ព្រមព្រៀង​គ្នា​ ដូច្នេះ​ថ្ងៃស្អែក​​យើង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត”​។

លោក ហ៊ុន សែន ក៏​បាន​​រិះគន់​​អ្នក​រិះគន់​ច្បាប់​បោះ​ឆ្នោត​ថ្មីទាំង​ពីរ ដែល​គណបក្ស​ទាំង​ពីរ​បាន​អនុម័ត​កាលពី​ខែ​មុន​ផង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រជាជន​កម្ពុជា​និង​ជន​បរទេស​បាន​លើក​ឡើង​ថា ច្បាប់​បោះ​​ឆ្នោត​ថ្មី​អន់​ជាង​ច្បាប់​បោះ​ឆ្នោត​ចាស់​ទៅ​ទៀត​ ហើយ​អ្នក​ផ្សេង​ទៀត​និយាយ​ថា ច្បាប់​ថ្មី​នេះ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​”។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ច្បាស់​ថា ទាំង​ពលរដ្ឋ​កម្ពុជា​ និង​ជន​បរទេស​គ្មាន​សិទ្ធិ​បក​ស្រាយ​អំពី​[សុពលភាព​ច្បាប់]​ឡើយ។ ប្រសិន​បើ​ច្បាប់​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ដក​ច្បាប់​នេះ​ចេញទៅ​ហើយ”។

មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​រដ្ឋសភា​ លោក សម រង្ស៊ី បាន​មាន​ប្រសា​សន៍​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ គ.ជ.ប.ថ្មី បង្កើត​ឡើង​នៅ​សប្ដាហ៍​ក្រោយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​សង្ឃឹម​ថា នឹង​បញ្ចប់​រាល់​នីតិ​វិធី​ទាំង​​អស់​នៅ​ថ្ងៃទី១៣ ខែ​មេសា ដូច្នេះ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ យើង​មិន​ទាន់​ប្រាកដ​ថា តើ​យើង​អាច​​ធ្វើ​រឿង​ទាំង​អស់​​បាន​នៅ​ថ្ងៃ​នោះ​ឬយ៉ាង​ណា​នោះ​ឡើយ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព”។

លោក​បាន​មាន​ប្រសាសន៍​ថា ” មាន​រឿង​បីដែល​ចាំបាច់​ត្រូវ​ធ្វើ។ ទី១​ គឺ​ត្រូវ​ទទួល​បាន​ការ​ឡាយ​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ស្ថិត​​នៅ​ទីក្រុង​បេ៉កាំងឯណោះ។ ទី២​គឺ​ត្រូវ​មាន​សមាជិក​ទាំង​ប្រាំបួន​រូប​ស្បថ​ចូល​កាន់​តំណែង។ ទី៣​និង​ចុង​ក្រោយ​គឺ​ត្រូវ​រៀបចំ​ផ្ទេរ​តួនាទី​​ពី​សមាជិក​គ.ជ.ប.​ចាស់​ទៅ​សមាជិក​គ.ជ.ប.ថ្មី”៕ សារុន (រាយការណ៍​បន្ថែម​ដោយ ឃួន ណារីម និង Alex Willemyns)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស