ខណៈនិស្សិតខ្មែរចំនួនប្រាំបីនាក់កំពុងរង់ចាំគេមកជម្លៀសចេញពីរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន ដែលកំពុងហែកហួរដោយសង្គ្រាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងកាលពីម្សិលមិញថា និស្សិតខ្មែរចំនួន១២នាក់ផ្សេងទៀតត្រូវបានរកឃើញនៅក្នុងប្រទេសនេះ។
លោក កុយ គួង បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែតបានលើកឡើងថា និស្សិតខ្មែរចំនួន១២នាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងប្រទេសយេម៉ែន ប៉ុន្តែ មិនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទេ។
លោកបានមានប្រសាសន៍ថា “និស្សិត១២នាក់ផ្សេងទៀតនេះ គឺស្ថិតនៅឆ្ងាយពីកន្លែងដែលមានបញ្ហា គឺប្រហែល៨០០គីឡូម៉ែត្រពីរដ្ឋធានីសាណា”។
កាលពីឆ្នាំមុន ក្រុមបះបោរ Houthis បានវាយដណ្តើមយករដ្ឋធានីសាណា និងតំបន់មួយភាគធំនៅភាគខាងជើងប្រទេសមកគ្រប់គ្រង ហើយឥឡូវនេះកំពុងពង្រីកយុទ្ធនាការរបស់ខ្លួនទៅភាគខាងត្បូងបន្តទៀត។
សម្ព័ន្ធមិត្ត ដែលដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់កាលពីថ្ងៃទី២៦ ខែមីនា លើទីតាំងរបស់ក្រុម Houthis ដែលភាគច្រើននៅក្នុងរដ្ឋធានីសាណា។
លោក កុយ គួង បានលើកឡើងបន្ថែមថា និស្សិតចំនួន៨នាក់ដំបូងកំពុងស្ថិតនៅ”កន្លែងមានសុវត្ថិភាព”ក្នុងរដ្ឋធានី ហើយកំពុងត្រូវបានមើលថែទាំដោយស្ថានទូតម៉ាឡេស៊ី។ ក្នុងចំណោមនិស្សិតទាំងប្រាំបីនាក់ដែលស្ថិតនៅក្នុងរដ្ឋធានីសាណា មានប្រាំមួយនាក់មកពីខេត្តកំពង់ចាម ម្នាក់មកពីខេត្តកោះកុង និងម្នាក់ទៀតមកពីខេត្តសៀមរាប ។ រីឯនិស្សិត១២នាក់ផ្សេងទៀតនៅមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។
មន្ត្រីរដ្ឋាភិបាលបានលើកឡើងកាលពីដើមសប្តាហ៍នេះថា និស្សិតទាំងអស់នេះ គឺសុទ្ធតែជាខ្មែរអីុស្លាមដែលទៅយេម៉ែន ដើម្បីសិក្សាសាសនានិងភាសាអារ៉ាប់ ៕ ស៊ុយឈាង