28 C
Phnom Penh

តំណាង​រាស្ត្រ​អនុម័ត​ច្បាប់​ថ្នាំ​ជក់​​ដែល​មាន​​ការ​ពិន័យ​ជា​ប្រាក់​ និង​ទោស​ជាប់ពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam photo tobacco

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឯកភាព​គ្នា​ដ៏កម្រ​កាលពី​ព្រឹក​ម្សិលមិញ​នៅ​ក្នុង​ការ​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​ច្បាប់​គ្រប់គ្រង​ថ្នាំ​ជក់​ដំបូង​បង្អស់​​​របស់​កម្ពុជា ដែល​ហាម​ប្រាម​ការ​លក់​ឲ្យ​​ទៅ​អនីតិជន ការ​ជក់​នៅ​តាម​ទីសាធារណៈ​ និង​ការ​ផ្សាយ​​ពាណិជ្ជកម្មភាគ​​ច្រើន​ក្នុង​បំណង​ប្រយុទ្ធប្រឆាំង​ជំងឺ​ពាក់​ព័ន្ធ​​ថ្នាំ​ជក់។

ដោយ​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​​៨៩​ អាសន​នៅ​ក្នុង​​រដ្ឋសភា​ ច្បាប់​ស្ដីពីការ​គ្រប់​គ្រង​ផលិតផល​ថ្នាំជក់​ត្រូវ​បាន​ព្រាង​​ឡើង​រាប់​ឆ្នាំ​មក​ហើយ។ ​ច្បាប់​នេះ​​មាន​ចែង​អំពី​ការ​ពិន័​យ​ជា​​ប្រាក់​ ហើយ​ក្នុង​ករណី​ខ្លះ​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​​សម្រាប់​អ្នក​ប្រព្រឹត្ត​ល្មើស​។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​ជាង​៩.០០០​នាក់​ស្លាប់​ជារៀង​រាល់​ឆ្នាំដោយ​សារ​តែ​ជំងឺ​ពាក់​ព័ន្ធ​ការ​ជក់​បារី។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ដែលធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ម៉ែត្រ​សាស្ត្រ​ និង​វាយតម្លៃសុខ​ភាព​​​ (Institute for Health Metrics and Evaluation) នៅ​ក្នុង​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា ជាង​៤០ភាគរយ​នៃ​បុរស​កម្ពុជា​គឺ​ជា​អ្នក​ជក់​​បារី​ប្រចាំ​ថ្ងៃ​ ដែល​​ទម្លាប់​នោះ​​បាន​រួម​ចំណែក​៧ភាគរយ​នៃ​ការ​ស្លាប់​មុន​អាយុ​ទាំងអស់​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​អាច​សម្លាប់​មនុស្ស​ចំនួន​១,២លាន​នាក់​នៅ​រយៈពេល​៣០ទៅ​៥០​​ឆ្នាំ​ក្រោយ​ ប្រសិន​បើ​គ្មាន​ការ​ចាត់វិធានការ​បន្ថែម​​ទេ​នោះ​។

អនុក្រឹត្យ​មួយ​បាន​ហាម​ប្រាម​ទម្រង់​​មួយ​ចំនួន​នៃ​ការ​ផ្សាយ​ផលិត​ផល​ថ្នាំជក់​ក្នុង​ឆ្នាំ​២០១១។​ ប៉ុន្តែ​លោកស្រី កែ សុវណ្ណរតន៍ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ប្រធាន​គណៈកម្មការ​​សុខាភិបាល​នៃ​រដ្ឋសភា​​ បាន​មាន​ប្រសាសន៍​បន្ទាប់ពី​​សម័យ​ប្រជុំ​សភា​កាលពី​ម្សិលមិញ​ថា ច្បាប់​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​​ផ្តន្ទា​ទោស​។

លោក​ស្រី​បានមាន​ប្រសាសន៍​​បន្ត​ថា ” ក្នុង​ករណី​ខ្លះ​នឹង​ត្រូវ​មាន​ការ​ផ្ដន្ទាទោស​ ប្រសិន​បើ​អ្នក​ចែក​ចាយ​ថ្នាំ​ជក់​​ដឹង​ថា ​អ្នក​ដែល​ពួកគេ​លក់​ថ្នាំជក់​ឲ្យ​ មានអាយុ​ក្រោម​១៨​ឆ្នាំ”។

ច្បាប់​នេះ​ចែង​ថា “ទង្វើ​ណាមួយ​នៃ​ការ​លក់​ ឬចែក​ចាយ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ឲ្យ​ទៅ​អ្នក​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ឬស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ ឬ​ដឹង​ច្បាស់ ​ត្រូវ​តែ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៦ថ្ងៃទៅ១ខែ និង​ពិន័យ​ជា​ប្រាក់​១០០.០០០​រៀល [ប្រហែល​២៥ដុល្លារ​] ទៅ​១.០០០.០០០​រៀល [ប្រហែល​២៥០​ដុល្លារ​]”។

ច្បាប់​នេះ​ក៏ហាម​ប្រាម​​ស្ទើរ​តែ​គ្រប់​ទម្រង់​​នៃ​ការ​ផ្សាយ​​ផលិត​ផល​ថ្នាំជក់ និ​ង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ទៅ​១០.០០០​ដុល្លារ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស។ អ្នក​ផលិត​ផលិត​ផល​ថ្នាំជក់​ដែល​បដិសេធ​មិន​លាត​ត្រដាង​សមាសភាគ​គីមី​​មាន​នៅ​លើ​ផលិត​ផល​របស់​ខ្លួនអំឡុង​​ពេល​ធ្វើ​អធិការកិច្ច​នោះ​ នឹង​ត្រូវ​ផាក​ពិន័យ​​រហូត​ដល់​ទៅ​៥.០០០​ដុល្លារ ហើយ​​នឹង​ត្រូវ​​ពិន័យ​​​ទ្វេដង ​ប្រសិន​បើ​​ពួកគេ​ល្មើស​​ជា​លើកទី២។

ច្បាប់​នេះ​មិន​កំណត់​ប៉ារ៉ាមែត្រ​ណាមួយ​សម្រាប់​ការ​កំណត់​​ ឬ​ការ​កែសម្រួល​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ទេ​។ អំឡុង​កិច្ច​ពិភាក្សា​រយៈ​ពេល​មួយ​ម៉ោង​កន្លះ​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​មាន​ប្រសាសន៍​ថា ច្បាប់​នេះ​គ្រាន់​តែ​ចែង​ថា ​ការ​យក​ពន្ធ​​ត្រូវ​ “ស្រប​តាម​កាលៈទេសៈ” ប៉ុណ្ណោះ​។

លោក ឃី វណ្ណដេត តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា ពន្ធ​បច្ចុប្បន្ន​លើ​បារី​ដែល​មាន​ត្រឹម​តែ​​២២,២៦​ភាគរយ​ គឺ​ទាប​​ណាស់ ហើយ​គួរ​តែ​ដំឡើង​វា​ឲ្យ​ដល់​៨០​ភាគរយ​។ លោក​បាន​បន្ត​ថា ” ប្រសិន​បើ​យើង​​​អាច​ដំឡើង​អត្រា​ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បាន​​ យើង​អាច​រារាំង [​ការ​ជក់​​] បាន​ច្រើន”។

លោក យែល តារាវុធ មន្ត្រី​​បច្ចេកទេស​គម្រោង​គ្មាន​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភព​លោកប្រចាំ​ប្រទេស​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ក្ដី​រីក​រាយ​ដែល​រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​នេះ​​ឡើង​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា វា​ប៉ះពាល់​​គ្រប់​ចំណុច​សំខាន់ៗ​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​ស្ដីពីការ​គ្រប់គ្រង​ថ្នាំជក់​ ដែល​កម្ពុជា​ជា​ហត្ថលេខី​មួយ​ដែរ​នោះ​ ការ​ហាម​ប្រាម​ផ្សាយ​ពាណិជ្ជកម្ម ​ការ​បិទ​ស្លាក​សញ្ញា​ព្រមាន​នៅ​លើ​កញ្ចប់ ការ​ដំឡើង​ពន្ធដារ និង​កន្លែង​គ្មាន​ផ្សែង​បារី​ជាដើម​។

លោក​បានមាន​ប្រសាសន៍​បន្ត​ថា ” តំបន់​ទាំង​បួន​នេះ​ ប្រសិន​បើ​​​អនុវត្ត​វា​ ​ត្រូវ​​ជំរុញ​​ប្រជាពលរដ្ឋ​​កុំឲ្យ​​​ជក់​បារី ហើយ​សម្រាប់​អ្នក​ជក់​បារី​វិញ​វា​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​​ឲ្យ​ពួកគេ​ផ្ដាច់​បារី ដូច្នេះ​នេះ​គឺ​ជា​រឿង​ល្អ។ វិធានការ​បន្ទាប់​គឺ​លើ​ការ​អនុវត្ត​”។

លោក​បាន​បន្ថែម​ថា ឧស្សាហកម្ម​ថ្នាំ​ជក់​ “​តែង​តែ​សម្លឹង​រក​ចំណុច​​ខ្វះ​ប្រហោង” ហើយ​ថា អនុក្រឹត្យ​ដែល​​ចែង​អំពី​ការ​អនុវត្ត​ច្បាប់​ និង​សេចក្ដី​លម្អិត​​ផ្សេងៗ​​ទៀត​​ដែល​​ស្ថិត​នៅ​ក្រៅ​ច្បាប់​នេះ​ កំពុង​ស្ថិត​ក្នុង​​ដំណើរ​ការ​​ព្រាង​នៅ​ឡើយ​​៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស