34 C
Phnom Penh

ក្មេង​ស្រី​ជំទង់ម្នាក់​លង់​ទឹកបឹង​ស្លាប់​ពេល​ទៅ​លេង​កម្សាន្ត​ជាមួយក្រុម​គ្រួសារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​បឹង​ស្លាប់​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​នាង​បាន​​ទៅ​លេង​កម្សាន្ត​នៅក្រុង​បានលុង ​ខេត្ត​រតនគិរី បន្ទាប់ពី​នាង​បាន​​ព្យាយាម​ហែលទឹក​ដោយ​មិនបាន​ពាក់​​អាវ​ពោង។

លោក ណាប់ ឆុន នាយ​ប៉ុស្តិ៍​សង្កាត់​​បាន​មាន​ប្រសាសន៍​ថា ក្មេងស្រី វឿន សុភា បានធ្វើ​ដំណើរ​ពីខេត្តព្រៃវែង​​ទៅ​លេង​ក្រុង​នេះ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង​ ​នៅ​ពេល​នោះ​នាង​បាន​ចុះ​ហែល​ទឹក​នៅ​ក្នុង​បឹង​យក្ខឡោម ជា​តំបន់​ទេសចរណ៍​ដ៏ពេញ​និយម​​ក្នុងសង្កាត់​​យក្ខ​ឡោម។

លោក​បានមាន​ប្រសាសន៍​ថា ” នាង​បាន​លង់​ទឹក​ស្លាប់ ​ពីព្រោះ​នាង​មិន​បានពាក់​អាវ​ពោង ហើយ​ស្លៀក​ខោខូវប៊យទៀត ដែល​ធ្វើ​ឲ្យ​នាង​ពិបាក​ហែល​។ យើង​មិន​អាច​ជួយ​សង្គ្រោះ​នាង​ទាន់​ពេល​វេលា​ឡើយ ពីព្រោះ​បឹង​នេះ​ជ្រៅ​ខ្លាំង​ណាស់​”។

យោង​តាម​លោក ណាប់ ឆុន បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​១និង​៣០​នាទី​រសៀល ប៉ុន្តែ​សាកសព​រក​មិន​ឃើញ​ឡើយ​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច។

លោក វ៉ែន ជឺ ប្រធាន​គណៈកម្មាធិការ​បឹង​យក្ខឡោម ដែល​មើលការ​​ខុស​ត្រូវ​បឹង​នេះ​​​បាន​មាន​ប្រសាសន៍​ថា ​ការ​ស្លាប់​របស់​ក្មេងស្រី​ វឿន សុភា គឺ​ជាករណី​ស្លាប់​​ដោយ​លង់​ទឹក​ដំបូង​នៅ​ឆ្នាំ​នេះ ប៉ុន្តែធម្មតា​គ្រោះ​ថ្នាក់​​កើន​ឡើង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​ពេល​មនុស្ស​ជា​មធ្យម​ប្រហែល​​១០.០០០​នាក់​បាន​ទៅ​លេង​តំបន់​នោះ។

លោក​បាន​មាន​ប្រសាសន៍​​ថា ” យើង​នឹង​ដាក់​មន្ត្រី​ប្រចាំ​ការ​នៅ​ទីនោះ​​[អំឡុង​ថ្ងៃ​បុណ្យ] ហើយ​យើង​នឹង​មិន​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹកលេង​​ឡើយ បើ​ពួកគេ​មិន​ពាក់​អាវ​ពោងទេ​នោះ”៕ សារុន​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស