កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អភិបាលខេត្តឲ្យទទួលខុសត្រូវចំពោះការទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើក្នុងខេត្តរៀងៗខ្លួន និងបានស្តីបន្ទោសមន្ត្រីដែលទម្លាក់កំហុសដាក់គ្នា ពេលដែលមានការរកឃើញការកាប់ឈើខុសច្បាប់។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងក្រុងភ្នំពេញថា “បញ្ហាព្រៃឈើជាបញ្ហាធ្ងន់ធ្ងរមួយដែលទាមទារនូវការទទួលខុសត្រូវដែលមិនអាចឆ្លើយដាក់គ្នា”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កាលពីឆ្នាំមុន លោកបានបញ្ជារដ្ឋបាលព្រៃឈើនិងជលផលទាំងអស់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ដែលទទួលខុសត្រូវឲ្យប្រាកដថា មន្ត្រីមូលដ្ឋានធ្វើការងាររបស់ខ្លួន។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រសិនបើវាជា…គ្រឿងញៀន វាពិបាកចាប់ខ្លួន។ ពួកគេលាក់គ្រឿងញៀនក្នុងហៅប៉ៅរបស់ពួកគេ ប៉ុន្តែឈើ ពួកគេដឹកតាមឡាន ហើយយើងមានភ្នែករាប់លានមើលឃើញ”។
លោកបានបន្ថែមថា “តើភ្នែករបស់យើងទៅណាអស់ហើយ? ហេតុអ្វីបណ្តោយឲ្យដឹកឈើ? វាបំផ្លាញព្រៃឈើនិងបំផ្លាញផ្លូវថ្នល់”។
លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ក្រសួងកសិកម្មថា ពេលដែលខ្លួនដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុននានា ដែលបានរំលោភកិច្ចសន្យារបស់ខ្លួនជាមួយរដ្ឋាភិបាល ពួកគេត្រូវតម្រូវឲ្យក្រុមហ៊ុនទាំងនោះសងរដ្ឋវិញ ចំពោះការកាប់បំផ្លាញព្រៃឈើដែលបានកើតឡើងលើដីរបស់ពួកគេ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “បើយើងគ្រាន់តែយកដីមកវិញ វាគ្មានតម្លៃអីទេ ពីព្រោះពួកគេបានបំផ្លាញវា”។
លោកបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុននានាដែលដីសម្បទានសេដ្ឋកិច្ចរបស់ពួកគេត្រូវបានដកហូតវិញ ក៏ត្រូវផាកពិន័យដែរ បើពួកគេបានរំលំដើមឈើនៅក្រៅព្រំដីសម្បទានរបស់ពួកគេនោះ។ លោកបានមានប្រសាសន៍ថា “នៅលើដីមួយចំនួន គាត់មិនបានធ្វើអីសោះ បានត្រឹមតែកាប់ឈើ ដូចឲ្យគាត់រួចខ្លួនស្រួល។ [យើង] ត្រូវឲ្យគេសង”៕ និត