35 C
Phnom Penh

រដ្ឋសភា​​​អនុម័ត​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាសភាព​​​ គ.ជ.ប.ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី និង​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​​សន្និសីទ​ព័ត៌មាន​រួម​ បន្ទាប់​ពី​សភា​ជាតិ​អនុម័ត​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ កាលពី​ម្សិលមិញ។ ស៊ីវ ចាន់ណា​
លោក សម រង្ស៊ី និង​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​​សន្និសីទ​ព័ត៌មាន​រួម​ បន្ទាប់​ពី​សភា​ជាតិ​អនុម័ត​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ កាលពី​ម្សិលមិញ។ ស៊ីវ ចាន់ណា​

សមាជិក​​​ទាំង​​​៩​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ (គ.ជ.ប.) ថ្មី​​​​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជា​​​កញ្ចប់​​​នៅ​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​លោក សិុក ប៊ុនហុក​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ប្រធាន​​​​​​គ.ជ.ប.​​​ដែល​​​នឹង​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨។

ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​១១៧​​​រូប​​​ដែល​​​មាន​​​វត្ត​​​មាន​​​​​​នៅ​​​ក្នុង​​​សម័យ​​​ប្រ​​​​​​ជុំ​​​សភា​​​​​​ មាន​​​១១៣​​​រូប​​​បាន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​សមាសភាព​​​គ.ជ.ប.ថ្មី ពី​​​ររូប​​​បោះ​​​ឆ្នោត​​​អនុប្បវាទ​​​​​​ មួយ​​​រូប​​​បោះ​​​ឆ្នោត​​​ជំទាស់​​​ ហើយ​​​សន្លឹក​​​ឆ្នោត​​​មួួយ​​​ទៀត​​​ត្រូ​​​វបាន​​​​​​ចាត់​​​ទុក​​​ជា​​​មោឃៈ​​​។

លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​អង្គ​​​សភា​​​ថា “ខ្ញុំ​​​សូម​​​ជំរាប​​​​​​ថា ការ​​​បោះ​​​ឆ្នោត​​​បាន​​​អនុម័ត​​​ជ្រើស​​​រើស​​​ប្រធាន​​​ អនុប្រធាន​​​ និង​​​សមាជិក​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​លទ្ធផល​​​ដូច​​​ខាង​​​ក្រោម​​​ ទី​​​១​​​លោក សិុក ប៊ុន​​​ហុក​​​ ជា​​​ប្រធាន​​​ និង​​​ទី​​​២ លោក​​​ គួយ ប៊ុនរឿន ជា​​​អនុប្រធាន​​​”។

ទាំង​​​លោក សិុក ប៊ុនហុក និង​​​លោក គួយ ប៊ុនរឿន បាន​​​ដើរ​​​តួនាទី​​​យ៉ាង​​​សំខាន់​​​​​​នៅក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ខែ​​​មុន​​​ ដោយ​​​ត្រួស​​​ត្រាយ​​​ថ្មី​​​សម្រាប់​​​ការ​​​បង្កើត​​​គ.ជ.ប.ថ្មី​​​នេះ​​​។

ការ​​​បោះ​​​​​​ឆ្នោត​​​របស់​​​រដ្ឋសភា​​​ក៏​​​បាន​​​អនុម័ត​​​ការ​​​តែង​​​តាំង​​​លោក ហង្ស ពុទ្ធា នាយក​​​ប្រតិបត្តិ​​​គណៈកម្មាធិការ​​​អព្យាក្រឹត និង​​​យុត្តិធម៌​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​ត្រឹម​​​ត្រូវ​​​នៅ​​​កម្ពុជា ហៅ​​​កាត់​​​ថា និចហ្វិក​​​ ឲ្យ​​​ធ្វើ​​​ជា​​​សមាជិក​​​អព្យាក្រឹត​​​របស់​​​គ.ជ.ប.​​​​​​ផង​​​ដែរ​​​រួម​​​ជាមួយ​​​នឹង​​​សមាជិក​​​ប្រាំ​​​មួយ​​​រូប​​​ផ្សេង​​​ទៀ​​​ត​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ជ្រើស​​​រើស​​​​​​​​​។

សម្រាប់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ លោក មាន សទិ​​​ លោក ឯម សុផាត​​​ ដែល​​​ជា​​​សមាជិក​​​របស់​​​គ.ជ.ប.​​​ចាស់​​​ និង​​​លោក ឌុច សុន អតីតមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ ក៏​​​​​​នឹងក្លាយ​​​ជា​​​សមាជិក​​​របស់​​​​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​នេះ​​​ដែរ​​​។

សម្រាប់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ លោក រ៉ុង​​​ ឈុន ដែល​​​ជា​​​ប្រធាន​​​សហជីព​​​ លោក​​​ស្រី តែ ម៉ានីរ៉ុង ដែល​​​ជា​​​អតីត​​​មន្ត្រី​​​គយ និង​​​លោក ហីុង ធីឫទ្ធិ ដែល​​​ជា​​​ព្រះរាជអាជ្ញា​​​អម​​​តុលាការ​​​កំពូល​​​ ក៏​​​នឹង​​​ក្លាយ​​​ជា​​​សមាជិក​​​គ.ជ.ប.​​​ដែរ​​​។

ពេល​​​នេះ​​​សមាជិក​​​ទាំង​​​៩​​​រូប​​​​​​ត្រូវ​​​ធ្វើ​​​សច្ចាប្រណិធាន​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​នៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅ​​​ថ្ងៃ​​​សៅរ​​​៍ ដោយ​​​ពិធីមួយ​​​ទៀត​​​នឹង​​​ត្រូវ​​​រៀប​​​ចំ​​​ឡើយ​​​នៅថ្ងៃ​​​ច័ន្ទ ដើម្បី​​​ផ្ទេរ​​​អំណាច​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​គ.ជ.ប.​​​ចាស់​​​ទៅ​​​គ.ជ.ប.ថ្មី​​​។

ពិធី​​​នោះ​​​នឹង​​​អនុវត្ត​​​សមាសភាគ​​​ដ៏​​​សំខាន់​​​មួយ​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ថ្ងៃ​​​២២​​​ កក្កដា រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​មិន​​​ទទួល​​​យក​​​អាសនៈ​​​សភា​​​​​របស់​​​ខ្លួន​​​។

មុន​​​ពេល​​​សមាជិក​​​គ.ជ.ប.​​​ថ្មី ត្រូវ​​​បាន​​​អនុម័ត​​​អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ហ៊ុន សែន បាន​​​ឆ្លៀត​​យក​​​វេទិកា​​​េនះ​​​ណែ​​​នាំ​​​សមាជិក​​​គ.ជ.ប.​​​ទាំង​​​៩​​​រូប​​​កុំ​​​ឲ្យ​​​សុំ​​​យោបល់​​​ពី​​​គណបក្ស​​​​​​ដែល​​​បាន​​​តែង​​​តាំង​​​ពួក​​​គេ​​​ ហើយ​​​ឲ្យ​​​លាលែង​​​ពី​​​សមាជិក​​​គណ​​​​​​បក្ស​​​ស្រប​​​តាម​​​​​​ច្បាប់​​​គ.ជ.ប.​​​ថ្មី​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ចាប់​​​ពី​​​ពេល​​​នេះ​​​តទៅ​​ គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​លែង​​​ជា​​​សមាជិក​​​របស់​​​គណ​​​បក្ស​​​ទៀត​​​ហើយ​​​។ សភា​​​របស់​​​យើង​​​ក៏​​​​​​អស់​​​​​​តួនាទី​​​ត្រឹម​​​ថ្ងៃ​​​នេះ​​​ដែរ​​​អំពី​​​ការ​​​រៀប​​​ចំ​​​ចំពោះ​​​ដំណើរ​​​ការ​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​។ ដូច្នេះ​​​ខ្ញុំ​​​សង្ឃឹម​​​ថា ឯកឧត្តម​​​ លោក​​​ជំទាវ​​​ ប្រធាន​​​ អនុប្រធាន​​​ សមាជិក សមាជិកានៃគណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​កុំ​​​មក​​​សួរ​​​បក្ស​​​តទៅ​​​ទៀត​​​ ហើយ​​​កុំ​​​សួរអ្នក​​​ណា​​​ទៀត​​​អំពី​​​ការ​​​រៀប​​​ចំ​​​ដំណើរ​​​ការ​​​របស់​​​ខ្លួន​​​ [ការតែង​​​តាំង​​​] រាប់​​​ទាំង​​​អគ្គលេខាធិការ​​​ អគ្គលេខា​ធិការ​​​រង និង​​​អ្នក​​​ដទៃ​​​ទៀត គឺ​​​ត្រូវ​​​តែ​​​រៀប​​​ចំ​​​ខ្លួន​​​ឯង​​​ទាំង​​​អស់”។

តាម​​​ច្បាប់​​​គ.ជ.ប.ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​កាល​​​ពីខែ​​​មុន លោក ហ៊ុន សែន ត្រូវ​​​ចុះ​​​ហត្ថលេខា​​​​​​​​​ដោយ​​​ផ្ទាល់​​​លើ​​​ឯកសារ​​​ច្បាប់​​​តែង​​​តាំង​​​អគ្គលេខាធិការ​​​ និង​​​អគ្គលេខាធិការ​​​រង​​​របស់​​​ស្ថាប័ន​​​មួយ​​​នេះ​​​ ព្រម​​​ទាំង​​​ឯកសារ​​​បញ្ជាក់​​​ពី​​​រដ្ឋ​​​បាល​​​ទូទៅ​​​នៃ​​​ស្ថាប័ន​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​ផង​​​ដែរ​​​។

លោក សម រង្ស៊ី បាន​​​បន្ទរ​​​តាម​​​ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក ហ៊ុន​​​ សែន ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​ ដោយ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា គ.ជ.ប.ថ្មី​​​នេះ​​​នឹង​​​ផ្តល់​​​ការ​​​បោះ​​​ឆ្នោត​​​យុត្តិធម៌​​​  ហើយ​​​ទប់​​​ស្កាត់​​​​​​វិវាទ​​​ណា​​​មួយ​​​​​​​ជុំ​​​វិញ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ ព្រម​​​ទាំង​​​វិបត្តិ​​​នយោបាយ​​​ផង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ថ្ងៃ​​​េនះ​​​គឺ​​​ជា​​​ថ្ងៃ​​​ដ៏​​​សំខាន់​​​ ដែល​​​យើង​​​ចាំបាច់​​​ត្រូវ​​​កត់​​​ត្រាទុក​​​ក្នុង​​​ប្រវត្តិ​​​សាស្ត្រ​​​​​​របស់​​​កម្ពុជា ហើយ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​យ៉ាង​​​មុត​​​មាំ​​​ថា ចាប់​​​ពី​​​ថ្ងៃ​​​នេះ​​​ទៅ​​​ ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​នឹង​​​មាន​​​ទំនុក​​​ចិត្ត​​​ ហើយ​​​ជឿ​​​ជាក់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អនាគត​​​”។

ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​​​​រដ្ឋ​​​សភា​​​​​​ខណៈ​​​ឈរ​​​ជាប់​​​លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​​​មានប្រសាសន៍​​​ថា ការ​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​នៅ​​​ថ្ងៃ​​​អនាគត​​​​​​ដូច​​​ដែល​​​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​បាន​​​ធ្វើ​​​ក្រោយ​​​ការ​​​បោះឆ្នោត​​​ឆ្នាំ​​​២០១៣​​​ នឹង​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​ក្រោម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “កថាខណ្ឌ​​​មួយ​​​ចែង​​​យ៉ាង​​​ច្បាស់​​​អំពី​​​រយៈ​​​ពេល​​​ដែល​​​ត្រូវ​​​តវា៉​​​

[លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត]។ បន្ទាប់​​​មក​​​ព្រះ​​​​​​​​​មហាក្សត្រ​​​នឹង​​​កោះ​​​ប្រជុំ ហើយ​​​ក្នុង​​​ករណី​​​បដិសេធ​​​មិន​​​ចូល​​​រួម​​​ប្រជុំ​​​ អាសនៈ​​​នឹង​​​ត្រូវ​​​បាត់​​​បង់​​​ ពីព្រោះ​​​អាសនៈ​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​បែង​​​ចែក​​​ឲ្យ​​​ទៅ​​​គណបក្ស​​​ផ្សេង​​​ទៀត​​​។ ខ្ញុំ​​​គិត​​​ថា នឹង​​​គ្មាន​​​បញ្ហា​​​ដូច​​​ដែល​​បាន​​​កើត​​​ឡើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​នោះ​​​ទេ​​​”។

បទប្បញ្ញត្តិ​​​មួយ​​​ដែល​​​រារាំង​​​ការ​​​ធ្វើ​​​ពហិការ​​​​​​​​​​​​យ៉ាង​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ គឺ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​វិធាន​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​នេះ​​​ ដែល​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​បណ្តា​​​អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​ ដោយ​​​ខ្លះ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ដក​​​អាសនៈ​​​ពី​​​គណបក្ស​​​ឈ្នះ​​​ឆ្នោត​​​ ជា​​​ការ​​​​​​បំពាន​​​សិទ្ធិ​​​បោះឆ្នោត​​​​​​ដែល​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​រដ្ឋធម្មនុញ្ញ​​​។

លោក សិុក ប៊ុនហុក ប្រធាន​​​គ.ជ.ប.ថ្មី​​​ បាន​​​មានប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា សមាជិក​​​ទាំង​​​៩​​​នៃ​​​គ.ជ.ប.​​​ថ្មី​​​នឹង​​​អាច​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​កែ​​​លម្អ​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​អនាគត​​​ ហើយ​​​ចៀស​​​វាង​​​ការ​​​មិន​​​ចុះ​​​សម្រុង​​​ណា​​​មួយ​​​ដែល​​​អាច​​​ឈាន​​​ដល់​​​​​​វិវាទ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ព្យាយាម​​​ឲ្យអស់​​​ពី​​​លទ្ធភាព ហើយ​​​នោះ​​​មិន​​​មាន​​​ន័យ​​​ថា យើង​​​នៅ​​​​​​គ.ជ.ប.​​​ថ្មី​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​ប្រជែង​​​គ្នា​​​នោះ​​​ទេ​​​។ ជា​​​អាទិភាព ​​​យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដោយ​​​អនុលោម​​​តាម​​​ច្បាប់”៕ សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស