26 C
Phnom Penh

អ្នក​នេសាទ​ខ្មែរ​ដែល​បាន​ក្លាយ​​ជា​ទាសករ​លើ​ទូក​នេសាទ​​ត្រៀម​ខ្លួន​ត្រឡប់​មក​​​ប្រទេស​កំណើត​​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ រឿន ហែន ចង់​ឈប់​សម្រាក​បន្ទាប់​ពីចុះ​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី​អស់រយៈ​ពេល​២០​ម៉ោង​ក្នុង​វេន​របស់​ខ្លួន ម្ចាស់​ទូក​នេសាទ​ថៃ​​បាន​វាយ​ដំ​ទាត់​ធាក់​រហូត​ទាល់​តែ​អ្នក​នេសាទ​អាយុ​២៩​ឆ្នាំ​រូប​នេះ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។

បន្ទាប់ពី​រងការ​ធ្វើ​បាប​អស់​​រយៈ​ពេល​២ឆ្នាំ និង​មិន​បាន​​ទទួល​ប្រាក់​ខែ​​តាម​អ្វី​ដែល​គេ​សន្យា​ផ្ដល់​ឲ្យ រឿន ហែន បាន​លួច​រត់​ដើម្បី​សេរីភាព​នៅ​ពេល​ទូក​នេសាទ​ចូល​ចត​នៅ​កោះ​បេនជីណា (Benjina) ដែល​ជា​កោះ​ដាច់​ស្រយាល​មួយ​របស់​ប្រទេស​​ឥណ្ឌូណេស៊ី។

រឿន ហែន បាន​និយាយ​កាលពី​ម្សិលមិញដោយ​គូស​បញ្ជាក់​ពី​អ្នក​នេសាទ​ខ្មែរ​ចំនួន​១០​នាក់​ផ្សេង​ទៀតដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​លើទូក​នេសាទ​ជាមួយ​ខ្លួន​​​​ថា ” ខ្ញុំ​បាន​រត់​គេច​ចេញពីទូក​នេសាទ​តែ​ម្នាក់​ឯង។ ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​ធ្វើ​ការ​​នៅ​លើ​ទូក​នេសាទ​នេះ​បានតទៅ​ទៀត​ទេ”។

រឿន ហែន ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​េនសាទ​ខ្មែរ​យ៉ាង​តិច​​៥៨​នាក់​​ដែល​ត្រូវ​បាន​ជួយ​​សង្គ្រោះ​ចេញពី​កោះបេនជីណា កាលពី​ថ្ងៃ​សុក្រ ជាមូយ​​អ្នក​នេសាទ​ទាសករ​រាប់​រយ​នាក់​ផ្សេងទៀត​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ភូមា​ ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្រោយ​ពេល​មាន​ការ​លាត​ត្រដាង​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ AP រួច​មក​។

ពេល​និយាយ​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​ទូអាល (Tual) ជា​ទីដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កំពុង​មើល​ថែទាំ​អ្នក​នេសាទ​ដែល​ត្រូវ​​បាន​ជួយ​សង្គ្រោះ​ជាង​៣០០​នាក់​ដោយ​មាន​ជំនួយពី​អង្គការ​​អន្តរជាតិ​​ដើម្បី​ទេសន្តរប្រវេសន៍​ (IOM) នោះ​ រឿន ហែន បាន​លើក​ឡើង​ថា ខ្លួន​​ត្រូវ​គេ​បោក​ប្រាស់​​យក​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​។

កាលពី​ឆ្នាំ​២០០៩ រឿន ហែន បាន​​និយាយ​ថា ខ្លួន​បាន​បង់​ប្រាក់​ទៅ​ឲ្យ​មេខ្យល់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​ដើម្បី​ឲ្យ​ជួយ​នាំខ្លួន​​​ឆ្លង​កាត់​ព្រំដែន​ទៅ​រក​ការ​ងារ​ល្អ​ធ្វើ​។ ហើយ​​បន្ទាប់​មក មេខ្យល់​​បាន​នាំ​ខ្លួន​​ទៅ​កាន់​ទូក​នេសាទ​មួយ​ ជាទី​ដែល​ម្ចាស់​ទូក​នេសាទ​ថៃ​​បាន​បង់​ប្រាក់​ទៅ​ឲ្យ​មេខ្យល់ ហើយ​ប្រាប់​ រឿន ហែន ថា គាត់​នឹង​អាច​ទទួល​បាន​ប្រាក់​ខែ​ប្រហែល​១៨០​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ចុះ​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ថៃ។

ប៉ុន្តែ​ទូក​នេសាទ​នេះ​បាន​ចាក​ចេញពី​ដែន​ទឹក​ប្រទេស​ថៃ​ឆ្ពោះ​ទៅ​កាន់​​ខេត្ត​​ម៉ាលូគូ (Maluku) របស់​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ទី​ដែល​គេ​បាន​ប្រើ​ប្រាស់​​កោះបេនជីណា​ជា​កន្លែង​សម្រាប់​បង្ខំ​អ្នកនេសាទ​ឲ្យ​ចុះ​​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី ​រួច​ហើយ​ដឹក​ជញ្ជូន​​​ផល​នេសាទ​​​ត្រឡប់​មក​ប្រទេស​ថៃ​វិញ។

ក្នុង​រយៈ​ពេល​២​ឆ្នាំ​ដែល​​ខ្លួន​បាន​ចំណាយ​នៅ​លើ​ទូក​នេសាទ​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ពូសាកា បេនជីណា​ រីហ្សស (Pusaka Benjina Resources) រឿន ហែន បាន​និយាយ​ថា ខ្លួន​ទទួល​​បាន​ប្រាក់​សរុប​ត្រឹម​តែ​១២០​ដុល្លារ​ប៉ុណ្ណោះ។

​រឿន ហែន ដែល​បាន​ចំណាយ​ពេល​​៣​ឆ្នាំ​បន្ថែម​ទៀត​គេច​ខ្លួន​នៅ​លើ​កោះ​បាន​​និយាយ​ថា “ពេល​ដែល​ខ្ញុំ​បាន​គេច​ខ្លួន​ពី​ទូក​នេសាទ​បន្ទាប់ពី​ធ្វើ​ការ​អស់​រយៈពេល​២​ឆ្នាំ ម្ចាស់ទូក​បាន​តាម​ស្វែង​រក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​​បាន​ព្យាយាម​គេច​ខ្លួន​រហូត”​។ រឿន ហែន រក​ប្រាក់​បាន​ត្រឹម​តែ​មួយ​រស់​ប៉ុណ្ណោះ ដោយ​ជួយ​លីសែង​ត្រី​ចេញ​ពី​ទូក​នេសាទ​ដែល​ចូល​ចត​នៅ​កោះ ហើយ​តែង​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច​​​ខ្លាច​ក្រែង​ម្ចាស់​ទូក​នេសាទ​ចាស់​ប្រទះ​ឃើញ​ខ្លួន។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដែល​បាន​បិទ​​ក្រុម​ហ៊ុនពូសាកា បេនជីណា រីហ្សស មិន​ឲ្យ​មាន​ប្រតិបត្តិការ​តទៅមុខទៀត​នោះ​​​គឺ​កំពុង​តែ​ស៊ើប​អង្កេត​រាល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះដែល​មាន​​មូលដ្ឋាន​នៅ​លើ​កោះ​បេនជីណា​ ហើយ​កំពុង​តែ​ព្យាយាម​កំណត់​ថា​​តើ​ទូក​នេសាទ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ពិត​ជា​​សុទ្ធតែ​មាន​ម្ចាស់​ជាជន​ជាតិ​ថៃ​មែន​ឬមិន​មែន​​។

ការ​រង​ទុក្ខវេទនា​របស់ រឿន ហែន គឺ​វា​ស្រដៀង​ទៅ​នឹង​អ្នក​ផ្សេងៗ​ទៀត។ របាយ​ការណ៍​ឆ្នាំ​២០១៤​េចញ​ដោយ​មូលនិធិ​យុត្តិធម៌បរិស្ថាន​ (Environment Justice Foundation) បាន​សន្និដ្ឋាន​ថា ” ការ​ប្រើ​ប្រាស់​អ្នក​នេសាទ​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ និង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ដែល​មាន​ប្រតិបត្តិការ​​នៅ​ក្រៅ​ដែនទឹក​ប្រទេស​ថៃ គឺ​កើត​មាន​យ៉ាង​ច្រើន​”។
របាយការណ៍​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា ” ការ​អនុវត្ត​ជាទូទៅ​របស់​ទូក​នេសាទ​ដែល​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ខុស​ច្បាប់​គឺ​​បាន​ប្រើ​អត្តសញ្ញាណ​​របស់​ទូក​នេសាទ​មួយ​ផ្សេង​ទៀត​ដែល​​​​មាន​អាជ្ញាប័ណ្ណ​​ ឬ​ក៏​បាន​​លាក់បាំង​​​អត្តសញ្ញាណ​របស់​ខ្លួន​​​ទាំង​ស្រុង​”។

កាលពី​ឆ្នាំ​មុន របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​សហរដ្ឋអាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស​​បាន​ទម្លាក់​កម្រិត​ប្រទេស​ថៃ​​ជា​ប្រទេស​ជាប់​​លំដាប់​ទី៣​ ដែល​ជា​លំដាប់​មួយទាប​បំផុត​ដោយ​សារ​តែ​ប្រទេស​​នេះ​មិន​បាន​​ការ​ពារ​ពលករ​បរទេស​​។

ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​លាត​ត្រដាង​អំពី​ស្ថានភាព​នៅ​លើ​កោះបេនជីណា ក្នុង​ពេល​ថ្មីនេះ ទាំង​រដ្ឋាភិបាល​ថៃ និង​​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​សន្យា​ថា នឹង​បញ្ឈប់​ប្រតិបត្តិការ​នេសាទខុស​ច្បាប់​ និង​ក្រុម​ហ៊ុន​ដែល​ទទួលបាន​ផល​ចំណេញ​ពី​ការ​ប្រើ​​អ្នក​នេសាទ​ដោយ​បង្ខំ។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កំពុង​បន្ត​ជួយ​សង្គ្រោះ​អ្នក​នេសាទ​ដែល​គេ​ជឿជាក់​ថា មាន​ចំនួន​ជាង​៤.០០០​នាក់​ និង​ដែល​កំពុង​ជាប់​នៅ​លើ​កោះ​នានា​ទូទាំង​ប្រទេស​ឥណ្ឌូណេស៊ី រីឯ​ប្រទេស​ថៃ​វិញ​បាន​សន្យា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ើដើម្បី​​ដោះ​ស្រាយ​បញ្ហា​​កេង​ប្រវ័ញ្ច​​កម្លាំង​ការ​ងារ​។

ប៉ុន្តែ​លោក ភៀល រ៉ូបឺតសុន (Phil Robertson) អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំតំបន់​​អាស៊ី​បាន​លើក​ឡើង​ថា លោក​មិន​​ជឿជាក់​លើ​ការ​តាំង​ចិត្ត​របស់​ប្រទេសថៃ​ដែល​ថា នឹង​ចាត់​វិធានការ​ដ៏​តឹងរ៉ឹង​នោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខណៈ​មេដឹកនាំ​​ថៃ​បាន​សន្យា​ត្រឹម​តែ​មាត់​ដើម្បី​បញ្ឈប់​​ការ​រំលោភ​បំពាន​អ្នកនេសាទ​នោះ​​ ឥឡូវ​​នេះ​វា​ទើប​តែ​មាន​វិធាន​ការ​ជាក់​ស្ដែង​​តិច​តួច​ប៉ុណ្ណោះ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ការ​​បង្ក្រាប​​ការ​ជួញដូរ​មនុស្ស​ ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរ​​មាន​វាសនា​មិន​ច្បាស់​លាស់​រាប់​រយ​នាក់​ក្លាយ​ជា​ទាសករ​នៅ​សមុទ្រ​”។

លោកស្រី សារ៉ា ភីយ៉ាហ្សាណូ (Sara Piazzano) នាយក​ប្រចាំ​ប្រទេស​នៃ​​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​នៅ​កម្ពុជា​ (Counter-Trafficking in Persons Project in Cambodia) ដែល​​ទទួល​បាន​​មូលនិធិ​ពី​ USAID បានលើក​ឡើង​ថា ពលករ​​ខ្មែរ​ចំណាក​ស្រុក​ដែល​ពោរពេញ​ដោយ​ភាព​អស់​សង្ឃឹម​រាប់​ពាន់​នាក់​ គឺ​ជួប​​ការ​លំបាក​ក្នុង​ការ​គេច​ខ្លួន​រួច​ទៅ​ហើយ​មុន​ពេល​ពួកគេ​ក្លាយ​ទៅ​ជា​អ្នក​នេសាទ​ទាសករ​នៅ​លើ​ទូក​នេសាទ​ទៅ​ទៀត។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” ពួកគេ​លំបាក​នឹង​គេច​ខ្លួន​រួច​ទៅ​ហើយ​ មុន​​ពេល​ពួកគេ​ត្រូវ​បាន​បញ្ជូន​ឡើង​ទូក​នេសាទ​​ទៅ​ទៀត​។ ពួកគេ​បាន​បង់​ប្រាក់​ទៅ​ឲ្យ​េមខ្យល់ ហើយ​ត្រូវ​បាន​គេ​សន្យា​ថា នឹង​រក​ការ​ងារ​ឲ្យ ដូចជា​ ធ្វើ​​ការ​នៅ​ក្នុង​ការដ្ឋានសំណង់ ឬក៏​នៅ​កន្លែង​ផ្សេង ហេតុ​ដូច្នេះ វា​លំបាក​នឹង​​ត្រឡប់​​ទៅ​​ស្រុក​កំណើត​វិញ ព្រោះ​ពួកគេ​ចាំបាច់​ត្រូវ​តែ​រក​ប្រាក់​​ឲ្យ​បាន​ខ្លះ​មក​វិញ”។

លោកស្រី ភីយា៉ហ្សាណូ បាន​គូស​បញ្ជាក់​ថា ប្រទេស​ថៃ​ក៏​បាន​សន្យា​ធ្វើ​កំណែទម្រង់​ផង​ដែរ​បន្ទាប់ពី​​​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ដោយ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន ប៉ុន្តែ​ថា វា​​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​អ្វីៗ​​បាន​ផ្លាស់​ប្ដូរ​ឬក៏អត់​នោះ​។

សៀប សុឃឿន ជា​អ្នក​នេសាទ​ខ្មែរ​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​កោះ​បេនជីណា​បាន​ឲ្យ​ដឹង​ថា មេខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានជួញដូរ​ខ្លួន និង​មនុស្ស​១០​នាក់​ផ្សេងទៀត​កាលពី​ឆ្នាំ​២០០៩។

បន្ទាប់​មក​មេខ្លោង​នៅ​ក្នុង​ប្រទេស​ថៃ​បាន​បំបែក​បុរស​ទាំង​អស់​នេះ​ចេញ​ពី​គ្នា​ភ្លាមៗ ហើយ​លក់​ សុឃឿន ទៅ​ឲ្យ​ម្ចាស់​ទូក​នេសាទ​ថៃ​ម្នាក់។

សុឃឿន​ បាន​និយាយថា ” ខ្ញុំ​បាន​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​ថៃ​អស់​រយៈ​ពេល​ជាង​២ឆ្នាំ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​បាន​ទេ។ នៅពេល​ខ្ញុំ​សុំ​ទៅ​ស្រុក​កំណើត​វិញ ​ម្ចាស់ទូក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​បោះ​ពោង​មួយ​ចូល​ទៅក្នុង​សមុទ្រ​ ហើយ​ប្រើ​វា​ដើម្បី​ហែល​មក​ស្រុក​កំណើត​វិញ”។

ដូច​ រឿង ហែន ដែរ​ សុឃឿន មិន​ត្រូវ​បាន​គេ​បើក​ប្រាក់​ខែ​ឲ្យ​ឡើយ ហើយ​ទទួល​បាន​​ប្រាក់​ត្រឹម​តែ​អាច​ទិញ​បាយ​ហូប​ប៉ុណ្ណោះ​នៅពេល​ទូក​នេសាទ​ចូល​ចត​​នៅ​កោះ​បេនជីណា។ ទីបំផុត​ សុឃឿន ក៏​បាន​​លួច​រត់​បាន​សម្រេច​ដែរ​ ហើយ​បាន​ចំណាយ​ពេល​៣ឆ្នាំ​បន្ថែម​ទៀត​​រស់​នៅ​ដោយ​លាក់​ខ្លួន​លើ​កោះ​នេះ​។

ឥឡូវ​នេះ អង្គការ IOM ​កំពុង​តែ​ធ្វើ​​ការ​ជាមួយ​តំណាង​មក​ពីប្រទេស​កម្ពុជា​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​នេសាទ​ខ្មែរ​ដែល​ត្រូវ​បាន​​សង្គ្រោះ​ចេញពី​កោះ​​បេនជីណា​ និង​ដើម្បី​ចេញ​​ឯកសារ​ធ្វើ​ដំណើរ​ឲ្យ​ពួកគេ​សម្រាប់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។

សុឃឿន​ បាន​និយាយ​បន្ថែម​ថា ” សូម​រដ្ឋាភិបាល​ និង​ស្ថានទូត​កម្ពុជា​ជួយ​នាំពួក​យើង​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ផង​។ ខ្ញុំ​សូម​ស្បថ​ថា ខ្ញុំ​លែង​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៀត​ហើយ ដោយ​សារ​តែ​បទ​ពិសោធ​ដ៏​អាក្រក់​នេះ”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស