កាលពីម្សិលមិញ នគរបាលខេត្តរតនគិរីបានលើកឡើងថា ពួកគេមិនមានតម្រុយជុំវិញការសម្លាប់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់គួរឲ្យសង្ស័យ ដែលសាកសពត្រូវបានប្រទះឃើញចងដៃចងជើង និងដេកផ្កាប់មុខនៅក្នុងផ្ទះកាលពីមួយថ្ងៃមុន។
លោក ឡោ មករា នាយប៉ុស្តិ៍ឃុំបានមានប្រសាសន៍ថា “ក្មេងប្រុស ថៃ ជាន់គីម អាយុ១១ឆ្នាំ ត្រូវបានបងប្រុសរបស់ខ្លួនប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់ពួកគេស្ថិតក្នុងឃុំអូរជុំ ស្រុកអូរជុំ នៅម៉ោងប្រហែល៦ល្ងាចថ្ងៃពុធ។
លោកបានមានប្រសាសន៍ថា ឪពុកម្តាយក្មេងប្រុសរូបនេះបានទុកក្មេងប្រុសនេះឲ្យនៅផ្ទះតែម្នាក់ឯងរយៈពេលពីរបីម៉ោងដើម្បីឲ្យនៅមើលតូបលក់ចាប់ហួយក្នុងក្រុងបានលុង។
លោកបានមានប្រសាសន៍ថា “ដៃនិងជើងរបស់វាត្រូវបានចង ហើយមាត់ត្រូវបានយកស្កុតបិទទៀត។ ក្មេងប្រុសរូបនេះត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសល វាស្លាប់បាត់ទៅហើយ”។
លោក ថាក់ ឡៅ អធិការនគរបាលស្រុកបានមានប្រសាសន៍ថា “ការស្លាប់នេះត្រូវបានចាត់ទុកថា ជាករណីមនុស្សឃាតគួរឲ្យសង្ស័យ។
លោកបានមានប្រសាសន៍ថា “វាមិនមែនជាករណីប្លន់ទេ ពីព្រោះទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារនេះមិនបានបាត់បង់ឡើយ។ ករបស់ក្មេងប្រុសនេះមានស្នាមជាំ ដូច្នេះយើងសន្និដ្ឋានថា ក្មេងប្រុសនេះត្រូវបានគេរឹតកសម្លាប់”។ លោក ឡៅ បានមានប្រសាសន៍ថា មនុស្សប្រាំនាក់ ដែលភាគច្រើនជាអ្នកជិតខាង ត្រូវបានសាកសួរ។
លោកបានមានប្រសាសន៍ថា “យើងបានសាកសួរមនុស្សប្រាំនាក់ចាប់តាំងពីម្សិលមិញ ប៉ុន្តែយើងមិនទាន់បានចាប់ខ្លួននរណាម្នាក់នៅឡើយទេ ពីព្រោះយើងមិនមានភ័ស្តុតាងគ្រប់គ្រាន់។ យើងមានការលំបាកស៊ើបអង្កេតណាស់ ពីព្រោះមិនមានសាក្សីឃើញជនសង្ស័យណាម្នាក់ដើរចូលក្នុងផ្ទះនោះមុនពេលសម្លាប់ឡើយ”។
នគរបាលសង្ស័យថា ក្មេងប្រុសរូបនេះត្រូវបានសម្លាប់ ដោយសារជម្លោះរឿងរបររកស៊ីរបស់ឪពុកម្តាយវា ប៉ុន្តែលោក ឡៅ បានលើកឡើងថា ឪពុកម្តាយក្មេងប្រុសនេះអះអាងថា ពួកគាត់មិនមានសត្រូវដែលចង់សងសឹកនោះឡើយ។
លោកបានមានប្រសាសន៍ថា “បុរសជាឪពុកម្តាយនោះបានប្រាប់នគរបាលថា ពួកគាត់មិនដឹងថា ជនសង្ស័យជានរណានោះឡើយ ពីព្រោះពួកគាត់មិនដែលមានជម្លោះជាមួយនរណាឡើយពីមុនមក”។
លោក ឡៅ បានមានប្រសាសន៍ថា ឪពុកម្តាយក្មេងប្រុសរូបនេះបានដឹកសពកូនប្រុសរបស់ខ្លួនទៅស្រុកកំណើតនៅក្នុងខេត្តកំពង់ចាមដើម្បីចាត់ចែងធ្វើបុណ្យ៕ សារុន