26 C
Phnom Penh

រដ្ឋាភិបាល​ប្រកាស​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​៥.០០១​នាក់​សម្រាប់​ឆ្នាំ​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា មួយ​ខែ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ បញ្ជា​ស្ថាប័ន​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ជ្រើសរើស​មន្ត្រី​ថ្មី លើក​លែងតែ​ត្រូវ​បំពេញ​កន្លែង​ដែល​នៅ​ទំនេរ​នោះ​មក ក្រសួង​មុខងារ​សាធារណៈ​បាន​អនុញ្ញាត​ឲ្យ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ចំនួន​៥.០០១​នាក់ ដើម្បី​ជំនួស​អ្នក​ដែល​ទើប​ចូល​និវត្តន៍ ឈប់​ធ្វើការ ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​ឲ្យ​ដឹង​ថា “រដ្ឋាភិបាល​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ជ្រើសរើស​មន្ត្រី​ស៊ីវិល​ថ្មី​ក្នុង​ឆ្នាំ​២០១៥ ស្រប​តាម​ចំនួន​មន្ត្រី​ស៊ីវិល​ដែល​បាន​បាត់បង់​ការងារ​របស់​ខ្លួន”។

យោង​តាម​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា ក្នុង​ស្ថាប័ន​រដ្ឋ​ចំនួន​២៩ មន្ត្រី​៣.៦៨២​នាក់​បាន​ចូល​និវត្តន៍ ១.២២៦​នាក់​ត្រូវ​បញ្ឈប់​ពី​ការងារ ព្រោះ​មិន​មក​ធ្វើការ និង​៩៣​នាក់​បាន​ចាកចេញ​ពី​ស្ថាប័ន​របស់​ខ្លួន​ដោយសារ​ពិការភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​មិន​បាន​បញ្ជាក់ពី​ពេល​វេលា​ជាក់លាក់​ដែល​មន្ត្រី​ស៊ីវិល​ទាំងនេះ​បាន​ឈប់​ពី​ការងារ​នោះ​ទេ ហើយ​ក្រុម​មន្ត្រី​នៅ​ក្រសួង​មុខងារ​សាធារណៈ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ឡើយ។

កាលពី​ថ្ងៃ​ទី​៥​ខែ​មីនា លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ ដោយ​លើក​ឡើង​ថា មន្ត្រី​ស៊ីវិល​ថ្មី​មិន​អាច​ត្រូវ​ជ្រើសរើស​នៅ​ឆ្នាំ​នេះ​ទេ លើក​លែងតែ​ត្រូវ​បំពេញ​ការងារ​ដែល​នៅ​ទំនេរ​ប៉ុណ្ណោះ។

លោក កៅ ពឿន ប្រធាន​សមាគម​មន្ត្រី​រាជការ​កម្ពុជា​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ជំនួស​ឲ្យ​ការ​ជ្រើសរើស​មន្ត្រី​ថ្មី រដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​ដំឡើង​ប្រាក់​ខែ និង​លុប​បំបាត់ “មន្ត្រី​ខ្មោច” ដែល​មិន​មក​ធ្វើការ។

លោក ពឿន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា មិន​មាន​ការ​ខ្វះ​ខាត​ចំនួន​មន្ត្រី​ស៊ីវិល​ក្នុង​ស្ថាប័ន​រដ្ឋ​នីមួយៗ​ទេ ប៉ុន្តែ​ការ​ខ្វះ​នោះ​គឺ​ចំនួន​មនុស្ស​ទៅ​ធ្វើការ”៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស