29.3 C
Phnom Penh

ក្រុម​សិទ្ធិ​មនុស្ស​ជំទាស់​នឹង​របាយការណ៍​ប៉ូលិស​អំពី​ការ​ចាប់​ខ្លួន​ទាក់ទិន​នឹង​ការ​ដុត​ខ្លោងទ្វារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​នៅ​ក្រុង​សៀមរាប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​ចាប់​មនុស្ស​៦​នាក់​កាលពី​ថ្ងៃ​ពុធ​មក​សាកសួរ​ទាក់ទិន​នឹង​ការ​លួច​ដុត​ខ្លោង​ទ្វារ ដែល​សង់​សម្រាប់​ពិធី​បុណ្យអង្គរ​សង្ក្រាន្ត។

ខ្លោង​ទ្វារ​នេះ ដែល​សង់​និង​រចនា​តុបតែង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ក្រុម​យុវជន​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​រង​ការ​រិះគន់​ខឹង​ពី​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្មែរ​ជាច្រើន​នាក់ ដែល​តវ៉ា​ថា ខ្លោង​ទ្វារ​នោះ​មិន​បាន​សង់​តាម​រចនាប័ទ្ម​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ។

យោង​តាម​ប៉ូលិស​ឲ្យ​ដឹង​ថា បុរស​៦​នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ជិត​ខ្លោង​ទ្វារ​នោះ​នា​ពេល​ភ្លើង​ឆេះ​ អំឡុង​ពេល​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​អង្គារ ត្រូវ​បាន​គេ​សាកសួរ​នៅ​ព្រឹក​នោះ ប៉ុន្តែ​បាន​ដោះលែង​វិញ​នៅ​ពេល​រសៀល។

លោក ថោង សុឃុន ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បុរស​មួយ​ក្រុម​៦​នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ពុធ និង​កំពុង​ឃាត់​ខ្លួន​ដើម្បី​សាកសួរ។

លោក​បាន​និយាយ​ថា “យើង​បាន​ប្រមូល​ចាប់​មនុស្ស​៦​នាក់​ផ្សេងទៀត​ដើម្បី​សាកសួរ ពីព្រោះ​យើង​សង្ស័យ​ថា ពួកគេ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ដុត​នេះ។ នគរបាល​របស់​យើង​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​ជាតិ ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ ដូច្នេះ​ខ្ញុំ​មិន​អាច​​អត្ថាធិប្បាយ​ច្រើន​បាន​ទេ”។

លោក​បាន​បដិសេធ​ដែល​ថា អ្នក​ដែល​គេ​ចាប់​៦​នាក់​នោះ​ជា​មនុស្ស​ដដែល ដែល​ត្រូវ​បាន​សាកសួរ​កាលពី​ថ្ងៃ​អង្គារ​នោះ។ ទោះជា​យ៉ាង​នេះ​ក្តី អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​៦​នាក់​ដែល​គេ​សាកសួរ​កាលពី​ថ្ងៃ​អង្គារ មិន​ទាន់​ត្រូវ​បាន​គេ​ដោះលែង​ទេ ហើយ​តាម​ការ​ពិត មនុស្ស​ដដែល​នោះ​ហើយ ដែល​លោក សុឃុន បាន​និយាយ​ថា ត្រូវ​បាន​ដោះលែង​កាលពី​ថ្ងៃ​ពុធ។

លោក ចៅ លក្ខវណ្ណា មន្ត្រី​អង្គការ​លីកាដូ​នៅ​ខេត្ត​សៀមរាប​បាន​និយាយ​ថា “យើង​កំពុង​តាមដាន​ករណី​នេះ។ មិន​មាន​ភ័ស្តុតាង​ថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទេ។ ប្រសិនបើ​ពួកគេ​ប្រព្រឹត្ត​បទ​ល្មើស ពួកគេ​គេច​ខ្លួន​បាត់​ហើយ”។

លោក លក្ខវណ្ណា បាន​និយាយ​ដែរ​ថា បុរស​ទី​៧ ឈ្មោះ ញាញ់ ផល ក៏ត្រូវ​ចាប់​ខ្លួន​ក្នុង​ករណី​នេះ​ដែរ។

អ្នក​ស្រី ម៉ៅ សារីន អាយុ​៦៥​ឆ្នាំ ជា​ម្តាយ​របស់​លោក ផល បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កូន​ប្រុស​របស់​អ្នក​ស្រី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​គ្រួសារ​របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ។ អ្នក​ស្រី​បាន​និយាយ​ថា កូន​ប្រុស​របស់​អ្នក​ស្រី​បាន​ទៅ​ផឹក​ជាមួយ​បុរស​៦​នាក់​ដែល​គេ​សាកសួរ​កាលពី​ថ្ងៃ​អង្គារ​ទេ។

អ្នក​ស្រី​បាន​និយាយ​ថា “កូន​ប្រុស​របស់​ខ្ញុំ​និង​៦​នាក់​នោះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឡើយ”។ ប៉ូលិស​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​លោក ផល បាន​ទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស