មន្ត្រីតុលាការមួយរូបបានលើកឡើងថា កងរាជអាវុធហត្ថប្រាំមួយនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃសុក្រ ក្រោយពីសាលាដំបូងខេត្តព្រៃវែងធ្វើការចោទប្រកាន់ជុំវិញករណីដេញតាមរថយន្តដឹកស្រូវមួយកាលពីមីនា ដែលនៅក្នុងនោះ អ្នកបើកបររថយន្តដឹកស្រូវ និងព្រូឡានត្រូវបានបាញ់ប្រហារ វាយដំ និងចងស្លាបសេក ក្រោយពីពួកគេបានបើកទម្លុះចំណុចឆែកឆេរពីរកន្លែងរបស់កងរាជធាវុធហត្ថ។
បន្ទាប់ពីរូបភាពក្រាហ្វិកនៃអ្នកបើកបររថយន្ត និងព្រូឡានដែលប្រឡាក់សុទ្ធតែឈាមត្រូវបានចុះផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតក្រុមការងារពិសេសមួយដើម្បីសើុបអង្កេតហេតុការណ៍នេះ។ ក្រុមការងារនោះបានបើកសន្និសីទកាសែតនៅក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសុក្រ ដើម្បីប្រកាសលទ្ធផលនៃការសើុបអង្កេតរបស់ខ្លួន និងបញ្ជូនសំណុំរឿងនេះទៅតុលាការ កន្លែងដែលជនសង្ស័យទាំងនេះត្រូវបានសាកសួរ។
លោក មាស សុភ័ក្រ ប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែងបានមានប្រសាសន៍ថា “តុលាការបានចោទប្រកាន់ [អ្នកទាំងប្រាំមួយ] ពីបទប្រើអំពើហិង្សាដោយចេតនាក្រោមស្ថានទម្ងន់ទោស និងមានចេតនាបង្កការខូចខាត។ ចៅក្រមស៊ើបសួរ [ហេង សុជា] បានបញ្ជូនពួកគេទៅឃុំខ្លួនបណ្តោះអាសន្ននៅម៉ោងប្រហែល៥ល្ងាច”។
យោងតាមក្រមព្រហ្មទណ្ឌ មន្ត្រីកងរាជអាវុធហត្ថទាំងប្រាំមួយនាក់នេះ ប្រឈមការជាប់ពន្ធនាគារពីរឆ្នាំកន្លះ និងប្រាំពីរឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពួកគេជាប់ពិរុទ្ធភាពដូចការចោទប្រកាន់ទាំងពីរករណីមែន។
នៅល្ងាចថ្ងៃ១៩ ខែមីនា អ្នកបើកបររថយន្តដឹកស្រូវឈ្មោះ ណេន ស៊ីដា និងព្រូឡានឈ្មោះ ធឿន ណើប បានដឹកស្រូវឆ្លងកាត់ខេត្តត្បូងឃ្មុំ ហើយបានទម្លុះចំណុចឆែកឆេរចំនួនពីរបស់កងរាជអាវុធហត្ថដែលឈ្មោះ ណេន ស៊ីដា ជឿថាខុសច្បាប់ និងត្រូវបានបង្កើតឡើងដោយមន្ត្រីទុច្ចរិត ដែលព្យាយាមជំរិតទារប្រាក់ពីអ្នកដំណើរ។
ពេលនោះកងរាជអាវុធហត្ថ ក៏បានបើកប្រតិបត្តិការដេញតាម ហើយនៅទីបំផុតរថយន្តដឹកស្រូវក៏បានឈប់នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បន្ទាប់ពីកងរាជអាវុធហត្ថបានបាញ់កាំភ្លើងអាការ-៤៧ទម្លុះកញ្ចក់មុខ។ យោងតាមជនរងគ្រោះបានឲ្យដឹងថា បន្ទាប់មកពួកគេត្រូវបានសមត្ថកិច្ចវាយដំ និងចងស្លាបសេក មុនពេលដឹកពួកគេយកទៅទម្លាក់ចោលនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក។
នៅឯសន្និសីទកាសែតកាលពីម្សិលមិញ ឧត្តមសេនីយ៍ឯក សិុន សុផាន្នី នាយស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានក្រុមការងារនេះ បានបង្ហាញរូបថតមួយចំនួននៃជនរងគ្រោះដែលប្រឡាក់សុទ្ធតែឈាមនៅកន្លែងកើតហេតុ រួមទាំងរូបថតមួយសន្លឹកដែលបង្ហាញពីមន្ត្រីកងរាជអាវុធហត្ថម្នាក់យកជើងជាន់ក្បាលរបស់ជនរងគ្រោះផងដែរ។
លោកបានមានប្រសាសន៍ថា “យើងដឹងថា ពួកគេនឹងសារភាពទទួលស្គាល់ចំពោះការបាញ់ប្រហារ ការដាក់ខ្នោះ និងការចាប់ខ្លួន ប៉ុន្តែ ពួកគេបដិសេធថា ខ្លួនមិនបានវាយដំ និងចាប់ចង [ជនរងគ្រោះ] ឡើយ”។
លោកបានមានប្រសាសន៍បន្តថា មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានឃុំខ្លួនទាំងនេះ ដែលក្នុងនោះបីនាក់មកពីខេត្តព្រៃវែង និងបីនាក់មកពីខេត្តត្បូងឃ្មុំ បានល្មើសនឹងក្រមសីលធម៌របស់ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងច្បាប់ផងដែរ។ “ជាការពិតទាំងេនះគឺជាទង្វើឃោរឃៅដែលមិនអាចទទួលយកបាន”។
មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានចោទប្រកាន់ទាំងេនះមានឈ្មោះដូចជា វ៉ន ពឿន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំងឪ អនុសេនីយ៍ឯក ស្រ៊ុន បូរ៉ា និងពលបាលទោ កង ចិត្រា ដែលសុទ្ធតែមកពីខេត្តត្បូងឃ្មុំ។ មន្ត្រីកងរាជអាវុធហត្ថបីនាក់ទៀតដែលមកពីខេត្តព្រៃវែងមានដូចជា អនុសេនីយ៍ឯក យិន ឡុង ប្រធានស្នាក់ការសន្តិសុខ៨០៨ ពលបាលទោ វូន សុភី និងពលបាទោ ផូ វីរ៉ា។ អ្នកទាំងប្រាំមួយរូបនេះត្រូវបានផ្អាកតួនាទីជាបណ្តោះអាសន្ន។
ឧត្តមសេនីយ៍ត្រី សុខ គ្រិន មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រៃវែង និងឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏បានទទួលការព្រមានផ្លូវការពីក្រុមការងារនេះដែរ នេះបើយោងតាមការឲ្យដឹងពីឧត្តមសេនីយ៍ឯក សិុន សុផាន្នី ។
វរសេនីយ៍ទោ អៀង ភារៈ និងវរសេនីយ៍ត្រី យ៉ែម សំអុន ដែលមកពីខេត្តត្បូងឃ្មុំដូចគ្នាក៏បានទទួលការស្តីបន្ទោសដែរចំពោះតួនាទីរបស់ពួកគេក្នុងហេតុការណ៍នេះ ប៉ុន្តែ មិនត្រូវបានចោទប្រកាន់ទេ។
ការសើុបអង្កេតរបស់កងរាជអាវុធហត្ថ ក៏បានគេឃើញដែរថា ឈ្មោះ ណេន ស៊ីដា ដែលជាអ្នកបើកបររថយន្តដឹកស្រូវ មាន “កំហុស” ចំនួនបី ទី១ ការមិនឈប់តាមការហៅរបស់កងរាជអាវុធហត្ថ ទី២ ការបង្កគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលសមត្ថកិច្ចបើកដេញតាម និងទី៣ ការដឹកលើសទម្ងន់កំណត់៕សុខុម