26 C
Phnom Penh

បុរស​ញៀន​ថ្នាំ​​​ម្នាក់​កាប់​កូនស្រី​អាយុ​២ឆ្នាំ​របស់​ខ្លួន​រហូត​ដល់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​​​មនុស្ស​ឃាត​ដោយ​សារ​កាប់​កូនស្រី​អាយុ​២​ឆ្នាំ​របស់​ខ្លួន​រហូត​ដល់​ស្លាប់​ ខណៈ​រង​ឥទ្ធិពល​ថ្នាំញៀន​កាលពី​ថ្ងៃ​សុក្រ។

លោក សូ សុវណ្ណ ស្នង​ការ​រង​នគរ​បាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​ការ​ប្រើ​​ប្រាស់​ថ្នាំញៀន​ប្រភេទ​មេតំហ្វេមីន​ជាមូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ឈ្មោះ មីន ម៉ាត់លី អាយុ​២៨​ឆ្នាំ​រូប​នេះ​ដែល​ធ្លាប់​​តែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នោះ​​​វាយ​ប្រហារ​លើ​គ្រួសារ​​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង។

លោក សូ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ” ជន​នេះ​បាន​សារភាព​ថា ខ្លួន​បាន​ប្រើ​ថ្នាំ​មេតំហ្វេតាមីន​មួយ​ថ្ងៃ​​មុន​ពេល​កាប់​កូន​របស់​ខ្លួន។ ជន​នេះ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​ដោយ​ចេតនា​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅពន្ធនាគារ​ខេត្ត​ដើម្បី​ឃុំឃាំង​ជា​បណ្ដោះ​អាសន្ន”។

លោក ញ៉ែម វណ្ណី​​ ស្នង​ការ​នគរ​បាល​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ម៉ាត់លី បាន​វាយ​ប្រហារ​លើ​សមាជិក​គ្រួសារ​របស់​​​ខ្លួន​ដែល​កំពុង​តែ​ដេក​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​យប់​ថ្ងៃ​សុក្រ។

ឧត្ដម​សេនីយ៍ត្រី វណ្ណី បាន​លើក​ឡើង​ទៀត​ថា ​នៅពេល​ប្រពន្ធ​របស់​ខ្លួន​កំពុង​ដេក​លើគ្រែ​ជាមួយ​កូនស្រី​ពីរ​នាក់​ ដែល​ម្នាក់​អាយុ​២ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៤ឆ្នាំ ម៉ាត់លី បាន​ទៅយក​កាំបិទ​ ហើយ​ប៉ុន​ប៉ង​កាប់​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​នាង​បាន​ភ្ញាក់​ហើយ​​ក៏​​គេច​​​ចេញ​​ពី​ជន​នេះ​​ភ្លាមៗ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” បន្ទាប់​មក ជន​នេះ​បាន​ព្យាយាម​ទៅ​កាប់​កូន​អាយុ​៤ឆ្នាំ​របស់​ខ្លួន ប៉ុន្តែ​ប្រពន្ធ​បាន​ទៅ​ទាញ​យក​នាង​ចេញ​ទាន់​​តែ​នាង​បាន​​​ត្រូវ​មួយ​កាំបិត​ចំ​ត្រចៀក រួច​ហើយ​ក៏​នាំ​នាង​រត់​ចេញ ​ដោយ​ភ្លេច​គិត​ថា​​កូនស្រី​អាយុ​២​ឆ្នាំ​​កំពុង​ដេក​នៅ​ក្នុង​ផ្ទះ”។

ឧត្ដមសេនីយ៍ត្រី វណ្ណី បាន​លើក​ឡើង​បន្ត​ទៀត​ថា ប្រពន្ធ​របស់​ជន​នេះ​បាន​ត្រឡប់​មក​វិញ ដោយ​ហៅ​អ្នក​ជិត​ខាង​មក​ជាមួយ​ដើម្បី​ទប់​ទល់​នឹង​ ម៉ាត់លី ប៉ុន្តែ​បាន​ត្រឹម​តែ​ឃើញ​កូនស្រី​អាយុ​២​ឆ្នាំ​របស់​ខ្លួន​​ស្លាប់​បាត់​ទៅ​ហើយ​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ជន​នេះ​កាប់​ស្ទើរ​តែ​ដាច់​ក្បាល​របស់​នាង​ ហើយ​នាង​​ក៏​ស្លាប់​ភ្លាមៗ​តែ​ម្ដង”។

លោក​ សូ សុវណ្ណ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​បន្ទាប់​មក ម៉ាត់លី បាន​រត់​ពេញ​ភូមិ ហើយ​ប៉ុន​ប៉ង​វាយ​ប្រហារ​​​អ្នកភូមិ​ផ្សេងៗ​ទៀត​រហូត​ទាល់​តែ​មាន​​មន្ត្រី​នគរ​បាល​ប្រហែល​១០​នាក់​មក​ចាប់​នៅ​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​។

លោក​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរ​បាល​ម្នាក់​បាន​រង​របួស​ស្រាល​ដោយ​សារ​​ត្រូវ​កំាបិត​របស់​ ម៉ាត់លី ពេល​ចូល​ទៅ​ចាប់​ខ្លួន។ លោក​បាន​បន្ថែម​ថា ប្រពន្ធ​របស់​ ម៉ាត់លី បាន​យក​កូនស្រី​ដែល​នៅ​រស់​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល​ហើយ។ ម៉ាត់លី ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​ដោយ​ចេតនា ដោយ​សាលា​ដំបូង​ខេត្ត​កាលពី​ម្សិល​មិញ។

ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​សុក្រ​ គឺ​ជា​ករណី​ថ្មីបំផុត​នៅ​ក្នុង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ជា​ច្រើន​​ដែល​កើត​ឡើង​លើ​កុមារ។ សព​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ចង​ដៃ​ជើង ហើយ​ផ្កាប់​មុខ​នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​ខេត្ត​រតនគិរី​កាលពី​សប្ដាហ៍​មុន។ នគរ​បាល​​នៅ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​នៅ​ឡើយ​ទេ​ក្នុង​ករណី​នេះ នេះ​​បើ​​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​​ ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​នេះ​កាលពី​ម្សិលមិញ។

នៅ​ក្នុង​ខេត្ត​រតនគិរី​ដដែល​ ​ស្ត្រី​ជា​ម្ដាយ​ម្នាក់​​បាន​សម្លាប់កូន​ប្រុស​ កូនស្រី​​​​តូចៗ​របស់​ខ្លួន​កាលពី​ខែ​មុន មុន​ពេល​សម្លាប់​ខ្លួន​ឯង​ រីឯ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ឯណោះ​វិញ បុរស​ម្នាក់​អាយុ​៣៣​ឆ្នាំ​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គ្រោង​ទុក​ជាមុន​ដោយ​សារ​បាន​សម្លាប់​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​កាលពី​ខែ​មុន បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ធាក់​ក្មួយ​ប្រុស​របស់​ខ្លួន​៕ ស៊ុយឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស