ក្រោយពី​រយៈ​ពេល៩​ខែ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​បង្កើត​នៅ​ថ្ងៃ​នេះ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី (គ.ជ.ប.) ជា​សសរ​គ្រឹះ​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំ​មុន រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ភារកិច្ច​របស់​ខ្លួន​ជា​ផ្លូវ​ការ ជា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា​នៅ​ខែ​នេះ បន្ទាប់ពី​រយៈ​ពេល​ជិត​៩​ខែ​នៃ​ការ​ចរចា​និង​ការ​រៀបចំ។

សន្យា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ខ្លួន ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មាន​ការ​លួច​បន្លំ​នោះ គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ស្ថាប័ន​ថ្មី​នេះ​ជា​ដំណោះស្រាយ​មួយ​ចំពោះ​រាល់​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​ណាមួយ​នៅ​ពេល​អនាគត។

សមាជិក​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​ជ្រើសរើស​ដោយ​គណបក្ស​ទាំង​ពីរ ត្រូវ​បាន​សភា​អនុម័ត​យល់​ព្រម​កាលពី​សប្តាហ៍​មុន និង​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាលពី​ថ្ងៃ​សៅរ៍ មុន​ពិធី​នៅ​ព្រឹក​នេះ ដើម្បី​ទទួល​ការ​ផ្ទេរ​អំណាច​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ចាស់។

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​បាន​ជួយ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​អំណោយ​មួយ​ពី​ថ្នាក់​ដឹក​នាំ​ជាតិ។ យើង​នឹង​ខិតខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ប្រើ​អំណោយ​នេះ​ដូច​ដែល​ថ្នាក់​ដឹកនាំ​ចង់​បាន”។

លោក រ៉ុង ឈុន មេដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ជ្រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ជា​សមាជិក​មួយ​រូប​នៃ​សមាជិក​៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី បាន​មាន​ប្រសាសន៍​ថា លោក​រីករាយ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​អាច​បង្កើត​ឡើង​មុន​ថ្ងៃ​ឈប់​សម្រាក។

លោក ឈុន បាន​មាន​ប្រសាសន៍​ថា “ការ​ផ្ទេរ​តំណែង​នេះ​គឺ​ដោយ​ជួន​ពេល ព្រោះ​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​មួយ​មុន​ចូល​ឆ្នាំ​ខ្មែរ សមាជិក​ចាស់ៗ​នឹង​ចេញ ហើយ​សមាជិក​ថ្មី​នឹង​ចូល​កាន់​តំណែង”។

លោក ឈុន ដែល​ឥឡូវ​ត្រូវ​មាន​ភាព​អព្យាក្រិត​ផ្នែក​នយោបាយ​ក្នុង​នាម​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បន្ថែម​ថា “យើង​សង្ឃឹម​ថា នឹង​មាន​ការ​ផ្ទេរ​តំណែង​ថ្នាក់​ដឹក​នាំ បន្ទាប់ពី​ការ​បោះ​ឆ្នោត​ពីរ​លើក​នៅ​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨”៕ និត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.