លោក រចំ តុន ជាជនជាតិដើមភាគតិចចារ៉ាយដែលជាទាហានបដិវត្តន៍ហៅថា ភី ភួន និងជាកងការពាររបស់ ប៉ុល ពត អំឡុងសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ១៩៧០នោះ បានស្លាប់នៅផ្ទះរបស់ខ្លួនក្នុងខេត្តបន្ទាយមានជ័យកាលពីព្រឹកម្សិលមិញ ក្នុងអាយុ៦៨ឆ្នាំ។
លោក ហ៊ែនរី ឡូកាដ អ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជាដែលបានបញ្ចប់ការសរសេរជីវប្រវត្តិរបស់លោក រចំ តុន កាលពីពេលថ្មីៗបាននិយាយតាមទូរស័ព្ទពីអតីតទីតាំងរឹងមាំនៅស្រុកម៉ាឡៃថា ” វាជាការស្លាប់ឆាប់រហ័សបំផុតដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល”។
លោកបានបន្ថែមថា ” ពិធីបុណ្យសពនឹងរៀបចំធ្វើនៅថ្ងៃពុធ ដោយសារយើងរង់ចាំក្រុមគ្រួសាររបស់គាត់មកពីខេត្តរតនគិរី”។
យោងតាមជីវប្រវត្តិ ប៉ុល ពត ឆ្នាំ២០០៥ របស់លោក ហ្វីលីព សត បានឲ្យដឹងថា លោក រចំ តុន គឺជាទាហានបដិវត្តន៍ម្នាក់ក្នុងចំណោមទាហានបដិវត្តន៍ដំបូងគេដែលបានចូលក្រុងភ្នំពេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រយៈពេល៤០ឆ្នាំមកហើយគិតមកដល់ថ្ងៃសុក្រ ជាមនុស្សសំខាន់ក្នុងការរៀបចំការកាន់កាប់រដ្ឋធានីរបស់ខ្មែរក្រហម។
លោក ឡូកាដ បានមានប្រសាសន៍ថា ទំនាក់ទំនងរបស់លោក ភី ភួន ជាមួយ ប៉ុល ពត ចាប់តាំងពីពេលដែល ប៉ុល ពត បានមកដល់ខេត្តរតនគិរីកាលពីចុងឆ្នាំ១៩៦៧ ហើយលោកត្រូវបានតែងតាំងជាប្រធានកងការពារ”។
លោកបានមានប្រសាសន៍ថា ” អំឡុងសង្គ្រាមស៊ីវិល គាត់មានទំនាក់ទំនងជាមួយ ប៉ុល ពត អៀង សារី និង ខៀវ សំផន បើទោះជាគាត់បដិសេធក៏ដោយ នៅពេលនោះពួកគេបានជួបប្រជុំគ្នាជាបន្តបន្ទាប់”។
ដោយសំដៅដល់រដ្ឋមន្ត្រីការពារជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ លោកបានបន្ថែមថា ” នៅពេលរណសិរ្សនេះបានចូលមកកៀកក្រុងភ្នំពេញ គាត់បានគ្រប់គ្រងពួកឧទ្ទាម ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយ សុន សេន”។
បន្ទាប់ពីខ្មែរក្រហមកាន់កាប់អំណាច លោក រចំ តុន បានធ្វើជាប្រធានភ័ស្តុភារនៅ B-1របស់ក្រសួងការបរទេស ដែលបុគ្គលិកក្រសួងបានរស់នៅ និងធ្វើការអំឡុងរបបនោះ។
នៅពេលកងទ័ពវៀតណាមបានឈ្លានពានកាលពីខែមករា ឆ្នាំ១៩៧៩ លោក រចំ តុន បានជម្លៀសព្រះអង្គម្ចាស់ នរោត្តម សីហនុ ចេញពីក្រុងភ្នំពេញទៅកន្លែងសុវត្ថិភាពនៅព្រំដែនថៃ។
យោងតាមលោក ឡូកាដ បានឲ្យដឹងថា អតីតទាហានបដិវត្ដន៍រូបនេះគឺជាមេបញ្ជាការកងវរសេនាតូចអំឡុងសង្គ្រាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៨០ ប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ ហើយបានក្លាយជាអភិបាលរងស្រុកម៉ាឡៃបន្ទាប់ពីខ្មែរក្រហមបានចុះចូលកាលពីទសវត្សរ៍ឆ្នាំ១៩៩០។
កាលពីខែកក្កដា ឆ្នាំ២០១២ លោក រចំ តុន បានបណ្តាលឲ្យមានភាពចម្រូងចម្រាសនៅពេលលោកបានផ្ដល់សក្ខីកម្មនៅសាលាក្ដីខ្មែរក្រហមថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្នទទួលបន្ទុកពន្ធនាគារបឹងត្របែក។
លោក ហោ ណាំហុង បានចេញសេចក្ដីថ្លែងការណ៍ដោយបង្ខំមួយច្រានចោលការអះអាងនេះ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក រចំ តុន បានប្រាប់អ្នកយកព័ត៌មានថា លោកបានពិចារណាឡើងវិញ ហើយចង់មិនទទួលស្គាល់ពាក្យសម្ដីរបស់លោក។
លោក ឡូកាដ បានមានប្រសាសន៍ថា លោកមានគម្រោងធ្វើដំណើរជាមួយលោក រចំ តុន ពីស្រុកម៉ាឡៃទៅខេត្តកំណើតរបស់លោក គឺខេត្តរតនគិរីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីចំណាយពេលជាច្រើនខែសម្ភាសពីប្រវត្តិផ្ទាល់ខ្លួនរបស់គាត់។
លោកបានមានប្រសាសន៍ថា ” ខ្ញុំទើបតែបានបញ្ចប់ការសរសេរជីវប្រវត្តិរបស់គាត់ ហើយខ្ញុំបានសុំឲ្យគាត់ធ្វើការវាយតម្លៃផងដែរ ប៉ុន្តែឥឡូវនេះមិនអាចឡើយ”។
លោក រចំ តុន បានស្លាប់ចោលប្រពន្ធ និងកូនបួននាក់ដែលរស់នៅក្នុងស្រុកម៉ាឡៃ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ជាអតីតទីតាំងរឹងមាំមួយទៀតរបស់ខ្មែរក្រហម៕ សារុន