38.1 C
Phnom Penh

​​​​សកម្ម​​​ជន​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ព្រះ​​​សង្ឃ​​​ ត្រូវបាន​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​​នា​គារ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​សវ​នា​ការ​​​សុំ​​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ព្រឹក​​​​​​មិញ​​​​​​នេះ ​​​​​​មន្ត្រី​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ប្រាំ​​​នាក់ និង​​​ព្រះ​​​សង្ឃ​​​បី​​​អង្គត្រូវ​​​បានដោះលែង​​​​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​រសៀល​​​នេះ។​​​​​​​​​

ការ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ បាន​​​កើត​​​ឡើង​​​ត្រឹម​​​តែ​​​ពីរ​​​ថ្ងៃ​​​ប៉ុណ្ណោះ បន្ទាប់​​​ពី​​​សកម្ម​​​ជន​​​ដី​​​ធ្លី​​​​​​១០​​​នាក់​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​ទទួល​​​​​​បាន​​​ការ​​​លើក​​​លែង​​​ទោស​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។​​​​​​​​​​​​​​​​​​

ការ​​​សម្រេច​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ទាំង​​​១៨​​​នាក់ ដែល​​​​​​គេ​​​មើល​​​ឃើញ​​​ថា​​​​​​ជា​​​អ្នកទោស​​​នយោបាយ បាន​​​កើត​​​ឡើង​​​ក្រោយពី​​​​​​​គណ​​​បក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​និង​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​អនុម័ត​​​សមា​ជិក​ភាព​នៃ​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោតថ្មី​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​បញ្ចប់​​​ការ​​​ចរ​​​ចា​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​មក​​​នោះ។

​​​សកម្ម​​​ជន​​​គណ​​​បក្ស​​​ប្រឆាំង​​​ទាំង​​​ប្រាំ​​​រូប រួមមាន​​​ ​​​​​​​​​​​​លោក មាជ សុវណ្ណារ៉ា លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង លោក ស៊ុម ពុទ្ធិ​​​ និង​​​លោក ​​​កែ ធីម​​​ រួម​​​ជាមួយ​​​​​​​​ព្រះ​​​សង្ឃ​​​បី​​​អង្គ​​​ គឺ​​​ព្រះតេជ​​​គុណ​​​សឿង ហៃ​​​ ឃិត​​​ វណ្ណៈ និង ​​​សាង កុសល បាន​​​ចាកចេញ​​​ពី​​​ពន្ធនាគារ​​​ព្រៃ​​​សនៅ​​​ម៉ោង​​​ប្រហែល​​​១​​​កន្លះ​​​ និងទទួល​​​​​​អបអរ​​​​​​ដោយ​​​អ្នក​​​គាំ​​​ទ្រ​​​ជាង​​​១០០​​​នាក់។​​​

លោក សុវណ្ណារ៉ា ជា​​​សកម្ម​​​ជន​​​លេច​​​ធ្លោ​​​ជាង​​​គេ បាន​​​និយាយ​​​ពេល​​​ចាក​​​ចេញ​​​ពី​​​គុក​​​ថា ករណី​​​ចាប់​​​ពួកគេ​​​ដាក់​​​ពន្ធនាគារ​​​ គឺ​​​ជា​​​រឿង​​​នយោបាយ​​​តាំង​​​ពី​​​ដើម​​​មក ហើយ​​​ក៏​​​ត្រូវ​​​មាន​​​ដំណោះ​​​ស្រាយផ្នែក​​​​​​​​​​​​នយោបាយ​​​ដែរ។​​​

លោក សុវណ្ណារ៉ា​​​ បាន​​​និយាយ​​​ថា “នៅក្នុង​​​គុក គ្មាន​​​សេរី​​​ភាព​​​។​​​ នៅ​​​ក្រៅ​​​គុក​​​ យើង​​​មាន​​​សេរី​​​ភាព​​​។ យើង​​​នឹង​​​ស្វែង​​​រក​​​យុត្តិ​​​ធម៌​​​សម្រាប់​​​ប្រជា​​​ជន​​​ខ្មែរ ដើម្បី​​​ឲ្យ​​​ខ្មែរ​​​ឈប់​​​ឈ្លោះ​​​គ្នា”។​​​​​​

សកម្មជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ត្រូវ​​​បាន​​​តុលាការ​​​ចោទប្រកាន់​​​​​​ពី​​​បទ​​​ដឹកនាំ ឬ​​​ចូល​​​រួម​​​ក្នុង​​​កុបកម្ម​​​​​​ដោយ​​​សារ​​​តែ​​​ពួក​​​គេ​​​មាន​​​វត្តមាន​​​នៅ​​​ឯ​​​ការ​​​តវ៉ា​​​​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សាកាល​​​ពី​​​ខែ​​​កក្កដា​​​ឆ្នាំ​​​មុន។

ព្រះ​​​តេជ​​​គុណ​​​ សឿង​​​ ហៃ ​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​​​​ពន្ធនាគារ​​​ក្នុង​​​ពេល​​​ធ្វើ​​​បាតុកម្ម​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា។​​​ ព្រះ​​​សង្ឃ​​​ពីរ​​​អង្គ​​​ផ្សេង​​​ទៀត​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​ធ្វើ​​​ដំ​​​ណើរ​​​ទៅ​​​កន្លែង​​​តវ៉ា​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​មកទៀត។

លោក ចាន់ ចេន​​​ មេធាវី​​​តំណាង​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​​​​នៅ​​​រសៀល​​​​​​នេះ​​​ថា​​​ សកម្ម​​​ជនទាំង​​​អស់​​ ​បាន​​​​​​ធ្វើ​​​ដំណើរ​​​​​​មក​​​ដល់​​​​​​​​​ទី​​​ស្នាក់​​​ការ​​​គណបក្ស​​​នៅ​​​ភ្នំ​​​ពេញ ដែល​​​នឹង​​​មាន​​​រៀប​​​ចំ​​​ពិធី​​​អប​​​អរ​​​សាទរ​​​ការ​​​ដោះ​​​លែង​​​នោះ។

លោក ចេន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​អ្នកទាំង​​​៨​​​នាក់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ហើយ​​​ និង​​​បាន​​​មក​​​ដល់​​​ទី​​​ស្នាក់​​​ការ​​​​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​នៅ​​​ចាក់អង្រែ​​​លើ​​​រួច​​​ហើយ។​​​ យើង​​​ប្រារព្ធ​​​ធ្វើ​​​ពិធី​​​នេះ​​​ ដើម្បី​​​ជម្រះ​​​ឧបទ្រព​​​ និង​​​នាំ​​​មក​​​នូវ​​​សំណាង​​​ល្អ”៕ ​​​(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឆន ចាន់ស៊ី​​​)​​​​​​​​​​​​​​​​​​​​​​

 

​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស