29 C
Phnom Penh

​គ.ជ.ប.ថ្មី​​​បន្ត​​​ការ​​​ងារ​​​ជា​​​ផ្លូវការ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី (គ.ជ.ប.) ជា​​​​គ្រឹះ​សំខាន់​​​​​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ឆ្នាំ​មុន រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បានក្លាយជាស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​កម្ពុជា​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ថ្ងៃ​​​នេះ បន្ទាប់ពី​​​មាន​​​ការ​​​​ចរចា​និង​ការ​រៀបចំ​​​​​​​អស់​​​រយៈ​ពេល​ជិត​៩​ខែ​មក​​​នោះ​​​។

ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ឯ​​​ទី​​​ស្នាក់​​​ការ​​​គ.ជ.ប​​​ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​បាន​ជួយ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ បាន​មាន​ប្រសាសន៍​ថា​​​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​​​ប្រឹង​​​ប្រែង​​​បំពេញ​​​ភារ​​​កិច្ច​​​របស់​​​ខ្លួន​​​ ដើម្បី​​​សម្រេច​​​បាន​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​លទ្ធ​​​ផល​​​អាច​​​ទទួល​​​យក​​​បាន​​​ពី​​​គ្រប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​។​​​

លោក ប៊ុនហុក បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ខ្ញុំ​​​សូម​​​ប្តេជ្ញា ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​យក​​​អស់​​​កម្លាំង​​​កាយ​​​ចិត្ត​​​ អនុវត្ត​​​តួនាទី​​​ ភារកិច្ច​​​ប្រកប​​​ដោយ​​​ឯករាជ្យ​​​ អព្យា​​​ក្រិត​​​ សុចរិត​​​ភាព​​​ តម្លាភាព​​​ សំដៅ​​​ធានា​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី​​​ ត្រឹម​​​ត្រូវ​​​ និង​​​យុត្តិធម៌”។​​​​​​

សន្យា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​​​​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទិន​នឹង​ការ​តវ៉ា​របស់​ខ្លួន ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​មាន​ការ​លួច​បន្លំ​នោះ គណបក្ស​ទាំង​ពីរ​បាន​​​​លើក​​​ឡើង​​​​​​ថា ស្ថាប័ន​ថ្មី​នេះ​ជា​ដំណោះស្រាយ​​​​​ចំពោះ​រាល់​ជម្លោះ​​​​​​​ក្រោយ​ការ​បោះ​ឆ្នោត​​​នៅ​ពេល​អនាគត។

សមាជិក​៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​ជ្រើសរើស​ដោយ​គណបក្ស​ទាំង​ពីរ ត្រូវ​បាន​សភា​អនុម័ត​​​​​កាលពី​សប្តាហ៍​មុន និង​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​កាលពី​ថ្ងៃ​សៅរ៍៕​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស