33 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​ប៉ុនប៉ង​រំលោភ បន្ទាប់​មក​សម្លាប់​កុមារី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា បុរស​អាយុ​៣៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ខេត្តកោះ​កុង​កាលពី​យប់​ថ្ងៃ​អាទិត្យ​​បន្ទាប់ពី​តាម​ចោទថា បាន​ប៉ុនប៉ង​ចាប់រំលោភ​​ ហើយ​បន្ទាប់​មក​បាន​សម្លាប់​កូនស្រី​អាយុ​១៥ខែ​របស់​មិត្តភក្តិ​ខ្លួន​ដោយ​ចាប់​ជើង​នាង​ ហើយ​បោក​ក្បាល​ផ្ទប់​នឹង​ថ្ម​។

លោក នាក់ នី អធិការ​រង​នគរបាល​ស្រុក​​មណ្ឌលសីមា បាន​មាន​ប្រសាសន៍ថា ឡេ ដាង​សួង​ បាន​ស្នាក់​នៅ​ផ្ទះមិត្ត​ភក្តិ​ម្នាក់​នៅក្នុង​ឃុំ​បាក់​ខ្លង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ​​ខណៈ​ដែល​ពួកគេ​ទាំង​ពីរនាក់​​បាន​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ការដ្ឋាន​សំណង់​មួយ។

លោក នី បាន​មានប្រសាសន៍​ថា បន្ទាប់ពី​​ផឹក​ទឹក​ត្នោតជូរ​ជាមួយ​មិត្ត​ភក្តិ​របស់ខ្លួន​ឈ្មោះ លី ហៃ នៅពេល​ថ្ងៃ លោក ដាងសួង​ បាន​នាំ​​កូនស្រី​របស់​លោក ហៃ ឈ្មោះ លី ស៊ីញ​ ទៅ​ទិញ​នំ​តាម​ផ្លូវ​​នៅ​ម៉ោង​ប្រហែល​៦ល្ងាច​​ថ្ងៃ​អាទិត្យ​។

នៅពេល​បុរស​ឈ្មោះ ដាង​សួង​​​ មិន​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​កុមារី​ ស៊ីញ បន្ទាប់ពី​បាត់​ជាង​មួយ​ម៉ោង​មក ​ ឪពុកម្តាយ​កុមារី​នេះ​បាន​ចាប់​ផ្តើម​ដើរ​រក​​ពួកគេ​ទាំង​ពីរ​​ជាមួយ​អ្នក​ភូមិ​មួយ​ក្រុម​ទៀត។

ពួកគេ​​បាន​ប្រទះ​ឃើញ​​សាកសព​អាក្រាត​កាយ​របស់​កូនស្រី​ខ្លួន​​ដែល​គេ​យក​ទៅបោះ​ចោល​នៅ​កន្លែង​ចាក់​​សំរាម​ចម្ងាយ​ប្រហែល​៥០០ម៉ែត្រ​​​ពី​ផ្ទះ​របស់​ពួកគេ។

លោក នី បានមាន​ប្រសាសន៍ថា “សាក្សី​បាន​ប្រាប់នគរបាល​ថា ជន​សង្ស័យ​រូបនេះ​បាន​ចាប់​ជើង​កុមារី​រងគ្រោះ​​ ហើយ​បោក​ក្បាល​ផ្ទប់​នឹង​ថ្ម​រហូ​ត​នាង​ស្លាប់”។

លោក​បាន​បន្ថែម​ថា “​ការ​ធ្វើ​កោសល្យ​វិច័យ​​សាក​សព​កុមារី​​​នេះ​រក​ឃើញស្នាម​ជាំ​ត្រង់​ក​​និង​របួស​ក្បាល។ ដូច្នេះ​​ជន​រងគ្រោះ​ត្រូវ​បាន​ច្របាច់ក​មុនពេល​បោក​ក្បាល​ផ្ទប់នឹង​ថ្ម”។

មន្ត្រី​នគរបាលឃុំ​និង​ស្រុក​បន្ទាប់​មក​បាន​ចាប់​ផ្តើម​​ស្វែង​រក​​បុរស​ឈ្មោះ​​ ដាងសួង​។ ពួកគេ​​បាន​រក​ឃើញ​បុរស​រូបនេះ​លាក់ខ្លួន​ក្រោយ​ផ្ទះ​​នៅម៉ោង​ប្រហែល​៨យប់​ ហើយ​បាន​ចាប់​ខ្លួន​តែម្តង។

លោក នី បានមាន​ប្រសាសន៍ថា “​អ្នកភូមិ​ប្រហែល​៤០នាក់​​បាន​ឡោម​ព័ទ្ធ​​ប៉ុស្តិ៍នគរបាល​ឃុំ​​ពេញមួយ​យប់ ទាម​ទារ​ឲ្យ​​នគរបាល​ប្រគល់​ជន​សង្ស​័យ​នេះ​ដល់​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​សម្លាប់​ចោល​”។

លោក​បាន​បន្ថែម​ថា “​ក្រុម​អ្នកភូមិ​​បាន​គប់​ដុំថ្មដាក់​ដំបូល​ប៉ុស្តិ៍នគរបាល ហើយ​បាន​បំផ្លាញ​​ទ្វារ​ចូល​ទៀត​ ប៉ុន្តែ​​យើង​មិន​បាន​ចាប់ខ្លួន​នរណាម្នាក់ទេ ពីព្រោះ​មាន​មនុស្ស​រាប់​រយ​នាក់​ឯណោះ”។

លោក​ នី បាន​មាន​ប្រសាសន៍ថា ក្រុមមន្ត្រី​បាន​នាំខ្លួន​ ដាងសួង ​​ទៅ​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កាលពី​ព្រឹក​ម្សិលមិញ​ ដែលពេលនោះ​​ ក្រុមមនុស្ស​មាន​កំហឹង​​បាន​បំបែកគ្នា​។

លោក ឡាយ ម៉េងលាំង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ខេត្ត​​​ដែល​បាន​ជួយ​​ក្នុងការ​ស៊ើប​អង្កេត​នេះ​​បានមាន​ប្រសាសន៍ថា ​ដាងសួង​ ទំនង​ជា​បាន​ប៉ុនប៉ង​​រំលោភ​មុន​ពេល​សម្លាប់​នាង។

លោក ម៉េងលាំង បានមាន​ប្រសាសន៍ថា “មូល​ហេតុ​​ចំពោះការ​​សម្លាប់នេះ គឺពីព្រោះជន​សង្ស័យ​បាន​ប៉ុនប៉ង​​​រំលោភ​ជន​រងគ្រោះ នៅពេល​ខ្លួន​ស្រវឹង ប៉ុន្តែ​កុមារី​​រូបនេះ​បាន​ខាំ​ប្រដាប់​ភេទ​របស់​បុរស​រូប​នេះ​ដែលជាហេតុ​ធ្វើ​ឲ្យ​​ជន​នេះ​ខឹង”។

លោក​បាន​បន្ថែមថា “​យើង​សន្និដ្ឋាន​ថា​ ហេតុការ​ណ៍នេះ​ដោយ​សារ​​សាកសព​ជន​រង​គ្រោះ​មិន​មាន​សម្លៀក​បំពាក់ ហើយ​ប្រដាប់​ភេទ​ជន​សង្ស័យ​​មាន​ស្នាម​ជាំ និង​ស្នាម​ធ្មេញ”។

លោក សុខ ញ៉ នាយ​ការិយាល័យ​​នគរបាល​ព្រហ្មទណ្ឌកម្រិត​ធ្ងន់​ខេត្ត​​បានមាន​ប្រសា​សន៍ថា សាលា​ដំបូង​ខេត្ត​កោះកុងបាន​ចោទប្រកាន់​​ ដាងសួង​ ពីបទ​មនុស្ស​ឃាត​ដោយ​គិត​ទុក​ជាមុន​​កាលពី​ម្សិលមិញ ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់ចាំ​ការ​កាត់​ក្តី។

ការ​សម្លាប់​​កុមារី ស៊ីញ ​កើត​ឡើង​បន្ទាប់ពី​​មាន​ការ​វាយ​ប្រហារ​ដ៏ឃោរឃៅ​ជាច្រើន​លើ​កុមារ​។ កាលពី​ថ្ងៃសុក្រ បុរ​សម្នាក់​ក្នុង​ខេត្ត​រតនគិរី​បាន​កាប់​កូនស្រី​របស់ខ្លួន​អាយុ​២ឆ្នាំ​រហូត​ដល់​ស្លាប់​​ដោយ​កាំបិត​ផ្គាក់​ ហើយ​បាន​ធ្វើ​ឲ្យកូន​​អាយុ​៤ឆ្នាំ​រង​របួស​ធ្ងន់។

ដូច​គ្នា​នេះ​ដែរ​កាលពី​សប្តាហ៍មុន ក្មេងប្រុស​អាយុ​១១ឆ្នាំ​ម្នាក់ត្រូវបាន​ប្រទះ​ឃើញ​​ចង​ដៃ​ចង​ជើង​​ ហើយ​សម្លាប់​នៅក្នុង​ផ្ទះ​របស់ខ្លួន​នៅក្នុង​ខេត្ត​រតនគិរី​ផងដែរ។

នៅក្នុង​ខេត្ត​កំពង់​ចាមឯណោះវិញ ​កាលពីខែមុន បុរស​ម្នាក់​បាន​រឹតក​ក្មេងប្រុស​អាយុ​៧ឆ្នាំម្នាក់រហូតដល់​ស្លាប់​ ហើយ​បាន​យក​សាកសព​ទៅបោះ​ចោល​ក្នុង​ព្រែក​​​បន្ទាប់ពី​​ជន​រងគ្រោះ​បាន​ធាក់​ក្មួយ​ប្រុស​របស់ខ្លួន៕សារុន​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស