31 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថាមាន​យុត្តិធម៌​នៅ​ក្នុង​ការ​ដោះ​លែង​សកម្មជន​​​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នៅ​តែ​មាន​ដដែល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួបជុំ​​​គ្នា​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ម្សិលមិញ ដើម្បី​​​​ទទួល​​​​​ស្វាគមន៍​សកម្ម​​​ជនគណបក្ស​ប្រឆាំង​​​ប្រាំ​​​រូប​​​ និង​អតីត​ព្រះសង្ឃ​បី​អង្គ​ដែល​បាន​ជាប់​ពន្ធនាគារ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​តាម​ការ​ចោទ​ប្រកាន់​​ដែល​ជាទូទៅ​គេ​ចាត់ទុក​ថាជារឿង​នយោបាយ និងដែល​​​​ត្រូវ​​​​បាន​ដោះលែងឲ្យ​​​​នៅ​ក្រៅ​ឃុំ​ក្រោយ​​តុលាការ​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ព្រឹក​ម្សិលមិញ។

អំឡុង​សវនាការ ​ចៅក្រម​បាន​​យល់​ព្រម​ដោះលែង​សកម្មជនទាំង​នេះ​នៅ​មុន​​​​ថ្ងៃ​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ​ ពីព្រោះ​ការ​ឃុំខ្លួន​ពួកគាត់​​​​មិន​ចាំបាច់​​​ឡើយ​​​​សម្រាប់​​​​ការ​​​បន្ត​នីតិវិធី​ប្រឆាំង​ពួកគាត់​​​។

ការ​ដោះ​លែង​សកម្មជន​ទាំង​ប្រាំបី​រូប​​​​នេះកើត​មាន​ឡើង​ពីរ​ថ្ងៃ​​​​ប៉ុណ្ណោះ​​​ក្រោយពី​សកម្មជន​សិទ្ធិ​ដីធ្លី​១០​រូប​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ការ​តវ៉ា​កាលពី​ខែ​វិច្ឆិកា ត្រូវ​បាន​ដោះលែង​ពី​ពន្ធ​នាគារ​ក្រោយ​ទទួល​បាន​ព្រះរាជទាន​លើក​លែង​ទោស​ និង​កើត​មាន​ឡើង​មិន​ដល់​១​សប្ដាហ៍​ផង​ទេ​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ជា​​​​​​ចុង​​​ក្រោយ​​​​លើ​​​ការ​​​ជ្រើសរើស​​​​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)ថ្មី។

លោក មាជ សុវណ្ណរ៉ា ដែល​ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​​​​​បាន​​​ដើរ​មុខ​គេ​​​កាត់​​​​​​​​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដែលឈរ​​​​​ជា​​​ជួរ​​​អម​សងខាង​​​​​នៅ​ទីស្នាក់ការ​​​​​កណ្តាល​​​របស់​គណបក្ស​នេះ​​​​​​​ក្នុង​​​ខណ្ឌ​​​​​​​​​មានជ័យ កាលពី​រសៀល​ម្សិលមិញ។ នៅ​ពេល​លោក មាជ សុវណ្ណរ៉ា ដើរ​ទៅ​ដល់​​​ខាង​​​​ចុង​ជួរ​ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​​​​​ចាប់​​​លោក​​​ឱប​ មុន​ពេល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​នេះ​លើក​ដៃ​ដាក់​លើ​ក្បាល​របស់​លោក។

លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​​​ក្រុម​​​​​អ្នក​ចូល​រួម​ថា ” ថ្ងៃ​នេះគឺ​ជា​ជោគ​ជ័យ​ដ៏ធំធេង​​​។ ព្រះសង្ឃ​បី​អង្គ សកម្មជន​ដីធ្លី​មក​ពី​បឹង​កក់​ និង​ [សកម្មជន​] គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ ហើយ​មិន​យូរ​ទេ​​ បញ្ហា​ទាំង​អស់​នេះ​នឹង​បញ្ចប់​។ ជួស​​​មុខ​​​ឲ្យ​លោក​អនុប្រធាន​ កឹម សុខា និង​រូប​ខ្ញុំ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ដែល​ចាញ់​ការ​គំរាម​កំហែង​​របស់​អ្នក​ណា​ឡើយ​”។

ទោះបី​ជាទទួល​​​បាន​​​ការ​​​ដោះលែង​ឲ្យ​មានសេរី​ភាព​ក្ដី ក៏​សកម្មជន​ទាំង​ប្រាំបី​រូប​​​នេះ​នៅ​តែ​ប្រឈម​​ការ​ចោទ​ប្រកាន់​ដដែល រួម​​​មាន​​​ការ​ចូល​រួម​​​​ក្នុង​​​​កុបកម្ម​ ការ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា ការរា​រាំង​មន្ត្រី​រាជការ​​​សាធារណៈ​ និង​ការ​ចូល​រួម​​​​ក្នុងសមាគម​ទុច្ចរិត​។ លោក សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ពេល​នេះ​គណបក្ស​របស់​លោក​កំពុង​ព្យាយាម​ស្វះ​ស្វែង​ធ្វើ​យ៉ាង​ណា​ឲ្យ​តុលាការ​ដក​ការ​ចោទ​ប្រកាន់ទាំង​នេះ​ចេញ។

ឥស្សរជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ដោះលែង រួមមាន​លោក មាជ សុវណ្ណរា៉ លោក ស៊ុំ ពុទ្ធី ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារអំពៅ និង​សកម្មជន​គណបក្ស​​ផ្សេង​​​​ទៀត​ដូច​ជា លោក ទេព ណារិន លោក អ៊ុក ពេជ្រ​សំណាង និង​លោក កែ ឃីម ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ការ​តវ៉ា​មួយ​របស់​គណបក្ស​ប្រឆាំង​កាលពី​ខែ​​កក្កដា ដែល​បាន​ផ្ទុះអំពើ​ហិង្សា​វាយ​តប់​គ្នា​រវាងក្រុម​​​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សន្តិសុខ​ខណ្ឌ​។ ចំណែក​ឯ​អតីត​​​​​​ព្រះសង្ឃ​​បី​អង្គ​ដូច​ជា​ព្រះតេជ​គុណ សឿង ហៃ ព្រះតេជគុណ ឃិត វណ្ណៈ និង​ព្រះតេជគុណ​ សាង កុសល ​ត្រូវ​បាន​ចាប់​ផ្សឹក​​​បញ្ជូន​​​​ទៅ​ពន្ធនាគារ​អំឡុង​​ការ​តវ៉ា​កាលពី​ខែ​វិច្ឆិកា។

ក្រោយ​ហេតុការណ៍​វាយ​តប់​គ្នាកាលពី​ខែ​កក្កដា លោកស្រី មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​រាស្ត្រ​ប្រាំមួយ​រូប​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​​បញ្ជូនទៅ​ពន្ធនាគារ​រយៈ​ពេល​ប្រហែល​១សប្ដាហ៍ ​មុន​ពេល​ទទួល​​​បាន​​​ការ​​​ដោះលែង​វិញ ពោល​​​គឺ​​​​តែ​ប៉ុន្មាន​ម៉ោ​ង​​​ប៉ុណ្ណោះ​​​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ចរចា​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​រយៈ​ពេល​១០​ខែ​របស់​គណបក្ស​ប្រឆាំង​។

ការ​ដោះលែង​​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ម្សិលមិញ​​ កើត​មាន​ឡើង​ក្រោយ​បញ្ចប់​ការ​ចរចាថ្នាក់​​​កំពូល​​​​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​ជុំវិញ​ការ​បង្កើត​​​​ គ.ជ.ប.ថ្មី។

ពេលទទួល​​​​​​បាន​​​​ការ​​​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​នៅ​​វេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រសៀល សកម្មជន​ទាំង​នេះ​ទទួល​បាន​ការ​​ស្វាគមន៍​ពី​អ្នក​គាំទ្រ​ប្រហែល​១០០​នាក់ រួម​មាន​ទាំង​លោក ហូរ វណ្ណ តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក វន់ ពៅ ដែល​​​ជា​​​ប្រធាន​សហជីព​ផង​ដែរ​។

លោក មាជ សុវណ្ណរ៉ា ដែល​មាន​សញ្ជាតិ​អាមេរិក​​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​ថា លោក​​​មានការ​​​​ប្រុង​ប្រយ័ត្ន​​​​ណាស់​​​ដោយ​​​ខ្លាច​រូប​លោក​​ត្រូវ​គេ​​​ប្រើ​ប្រាស់​ជា​ឧបករណ៍​តថ្លៃ​ខាង​នយោបាយ។ លោកមាន​ប្រសាសន៍​ទៀត​ថា ” បញ្ហា​នយោបាយ​ត្រូវ​តែ​ដោះ​ស្រាយ​តាម​រយៈ​នយោបាយ ដូច្នេះ​ខ្ញុំ​មិន​ហា៊ន​និយាយ​អ្វី​បំពាន​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ទេ ប៉ុន្តែ​យើង​អាច​មើល​ដឹង​ពីវិធី​​​​ដែល​ប្រទេស​របស់​យើង​ដោះស្រាយ​ [បញ្ហា​នេះ​] ”។

​​​អតីត​​​ព្រះសង្ឃ​ទាំង​បី​​អង្គ​បាន​ចេញពី​ពន្ធនាគារ​​ដោយ​​​​គ្រង​​​ស្បង់​​​​​​​ចីពរ​ ទោះបី​ជា​ពួកគាត់​ត្រូវ​បាន​ចាប់​ផ្សឹក​មុន​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​​ក្ដី។ ព្រះតេជគុណ សឿង ហៃ បាន​មាន​សង្ឃដីកា​ថា ខណៈជាប់​​​​ពន្ធនាគារ ​​ព្រះអង្គ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត​មិន​ដែល​​​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា​ឡើយ រួម​ទាំង​ការ​មិន​ឆាន់​ចង្ហាន់​បន្ទាប់ពី​ព្រះអាទិត្យ​ជ្រេ​ផង​ដែរ។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​​​បន្ត​​​​ថា ” យើង​ជា​មនុស្ស​បរិសុទ្ធ​ មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​”។

នៅពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ ព្រះញាណវង្ស ឃឹម​ សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​នៃ​គណៈមហានិកាយ​បាន​មាន​​​ថេរដីកា​ថា ព្រះអង្គ​មិន​ដឹង​ថាហេតុ​អ្វី​បាន​ជាអតីត​​​​ព្រះ​សង្ឃ​ទាំង​នេះ​​ចេញពី​ពន្ធនាគារ​ទាំង​គ្រង​ស្បង់​ចីពរ​នោះ​ទេ។ មុន​ពេល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត ​ព្រះអង្គ​បាន​លើក​ឡើង​ថា ” ពួកគេ​គួរ​តែទៅ​​​​​​វត្ត​ជួប​​​មន្ត្រី​​​សង្ឃ​​​​​​ដើម្បី​​​បួស​ជា​សង្ឃ​ឡើង​វិញ”។

ក្នុង​ចំណោ​​​ព្រះ​​​សង្ឃ​​​សកម្មជន​ទាំង​បី​អង្គ​ដែល​សុទ្ធ​តែ​ជា​កម្ពុជា​ក្រោម ព្រះេតជគុណ សឿង ហៃ ​​​​មាន​​​ចរិត​​​ហិង្សា​ជាង​គេ​ ដោយ​​​​ព្រះ​​អង្គ​​​ជា​​​ដឹក​នាំ​ការ​​ដុត​ទង់ជាតិ​វៀតណាម​អំឡុង​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​​​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន​។

លោក ថាច់ សេដ្ឋា មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​៤០០​នាក់​កាលពី​​ម្សិលមិញថា លោក​រំពឹង​ថា ព្រះសង្ឃ​ទាំង​នេះ​នឹង​បន្ត​សកម្មភាព​​សង្គម​របស់​ព្រះអង្គ​ជា​បន្ត​ទៅ​ទៀត ទោះបី​ជា​​​​ធ្លាប់​​​ជាប់​ពន្ធនាគារ​​​​អស់​​​​ប៉ុន្មាន​ខែ​ក្ដី។ លោក​បាន​បន្ត​ថា ” ខ្ញុំ​គិត​ថា ​ពួកគាត់​នឹង​នៅ​តែ​សកម្ម​ដូច​ពី​មុន។ វា​ជា​សិទ្ធិ​របស់​ពួក​គាត់”។

លោក នី​ ចរិយា ប្រធាន​ផ្នែក​ឃ្លាំ​មើល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អាដហុក​ បាន​មាន​ប្រសាសន៍​ថា ស្មារតី​លើក​លែង​ទោស​​​តាម​​​ផ្លូវ​​​តុលាការ​​​​​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​អាច​នឹង​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។

លោក​លើក​ឡើង​ថា ” ប្រសិន​បើ​អ្នក​នយោបាយ​ធ្វើ​ឲ្យ​ឡើង​កម្ដៅ​ម្ដង​ទៀត វា​នឹង​មាន​ផល​ប៉ះពាល់។ ប៉ុន្តែ​ប្រសិន​បើ​កម្ដៅ​នយោបាយ​នៅ​តែ​ដូច​ថ្ងៃ​នេះ ខ្ញុំ​ជឿ​ថា ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​នេះ គឺ​ស្មើ​នឹង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់”៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ Matt Blomberg)​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស