យោងតាមមហាសង្ក្រាន្តឆ្នាំថ្មីបានឲ្យដឹងថា ទេវតាដែលទ្រង់សោយលោហិតនឹងយាងចុះមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះនោះ អាចបណ្ដាលឲ្យមានមនុស្សស្លាប់ដោយនឹកស្មានមិនដល់ អគ្គិភ័យកើនឡើង និងតម្លៃអង្ករឡើងថ្លៃ។
ដោយត្រូវបានចេញផ្សាយរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៨មក ដោយក្រសួងធម្មការ និងសាសនា មហាសង្ក្រាន្តព្យាករពីអាកាសធាតុ ជោគជតារាសី និងដំបូន្មានសំខាន់ៗសម្រាប់មនុស្សគ្រប់រូបក្នុងការសម្រេចចិត្តពីបញ្ហាធំៗ។
មហាសង្ក្រាន្តក៏បានពន្យល់ពីបុគ្គលិកលក្ខណៈរបស់ទេវតាឆ្នាំថ្មីព្រះនាម រាគ្យសទេវី ផងដែរដែលភក្សាហារទ្រង់សោយលោហិត។
លោក អុឹម បូរិន ប្រធានស្រាវជ្រាវនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងជាអ្នកសរសេរមហាសង្ក្រាន្តបានមានប្រសាសន៍ថា ” នៅពេលខ្ញុំព្យាករសម្រាប់ឆ្នាំ២០១៥ ខ្ញុំឃើញថា ព្រះអាទិត្យពណ៌ក្រហម ដែលមានន័យថា នៅក្នុងប្រទេសកម្ពុជានឹងមានអគ្គិភ័យច្រើនពេញមួយឆ្នាំ…។ សេដ្ឋកិច្ច និងផលដំណាំនឹងមានស្ថិរភាពដដែល ប៉ុន្តែតម្លៃអង្ករនឹងឡើងថ្លៃ”។
លោក បូរិន ដែលអះអាងថា បានព្យាករពីហេតុការណ៍សំខាន់ៗដូចជាការវាយប្រហារកាលពីឆ្នាំ២០០០លើក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រីពីសំណាក់កងទ័ពសេរីជាតិកម្ពុជាបានមានប្រសាសន៍ថា នៅឆ្នាំនេះសំណាងល្អនឹងមានដល់អ្នកដែលតស៊ូពុះពារ។
លោកបានបន្ថែមថា ” ខ្ញុំសូមណែនាំប្រជាពលរដ្ឋទាំងអស់ឲ្យចៀសវាងទង្វើប្រាំយ៉ាង គឺចៀសវាងការសម្លាប់សត្វ ការលួចទ្រព្យអ្នកដទៃ ការប្រព្រឹត្តខុសក្នុងផ្លូវកាម ការផឹកសុរា និងមេរ័យ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ប្រសិនបើប្រជាពលរដ្ឋគ្រប់រូបនៅឲ្យឆ្ងាយពីទង្វើមិនល្អទាំងនេះ សំណាងល្អនឹងកើតមានដល់ពួកគាត់ជាមិនខានឡើយ”។
ចំពោះអ្នកដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍នៅឆ្នាំនេះ មហាសង្ក្រាន្តឲ្យគិតតាមរូបមន្តគណិតវិទ្យា ដើម្បីកំណត់ថាតើការរៀបការនឹងជួបប្រសព្វជោគជ័យឬយ៉ាងណានោះ។
សូមយកអាយុកូនប្រុស និងកូនស្រីដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍បូកបញ្ចូលគ្នា ហើយយកលទ្ធផលចែកនឹង៣។ ប្រសិនបើសំណល់ឃើញ១ គឺអាចរៀបការបាន ប្រសិនបើសំណល់ឃើញ២ ការរៀបអាពាហ៍ពិពាហ៍ក៏ល្អដែរ ប៉ុន្តែប្រសិនបើសំណល់ស្មើ០ មិនអាចរៀបការបានជាដាច់ខាត ពីព្រោះពួកគេនឹងបែកបាក់គ្នាក្នុងពេលដ៏ខ្លី”។
មហាសង្ក្រាន្តក៏បានប្រាប់ពីរបៀបទទួលទេវតាព្រះនាម រាគ្យសទេវី ដែលនឹងមកជំនួសទេវតាឆ្នាំចាស់នៅម៉ោង២រសៀលថ្ងៃនេះផងដែរ ដោយព្រហស្តស្ដាំទ្រង់ត្រីសូល៍ និងព្រហស្តឆ្វេងទ្រង់ធ្នូ គង់លើខ្នងអស្សតរ (សេះ) ជាពាហនៈ។
មហាសង្ក្រាន្តក៏បានលើកឡើងផងដែរថា ” អ្នកត្រូវមានរណ្តាប់ទឹកអប់ពីរដប ទៀន៥ធូប៥ ផ្កា៥ ចេក ផ្លែឈើ១១មុខ និងទឹក២កែវផងដែរ”។
ប៉ុន្តែការព្យាករខុសប្លែកពីអ្វីដែលទេវតាព្រះនាម រាគ្យសទេវី នឹងនាំមកពិតប្រាកដ។ នៅផ្សារបឹងកេងកកមួយផ្នែកដែលពោរពេញដោយធូប កាលពីសប្ដាហ៍មុន អ្នកស្រី ពិល សុធី អាយុ៥១ឆ្នាំ ដែលបានព្យាករពីអនាគតចាប់តាំងពីអ្នកស្រីមានអាយុ១៨ឆ្នាំមកនោះ បាននិយាយថា អ្នកស្រីមិនយល់ស្របនឹងការព្យាករជាច្រើននៅក្នុងមហាសង្ក្រាន្តឡើយ។
យោងតាមអ្នកស្រី សុធី បានឲ្យដឹងថា ការសោយលោហិតរបស់ទេវតាព្រះនាម រគ្យសទេវី មិនមែនជាផលអវិជ្ជមានទេ ប៉ុន្តែវាជាសញ្ញានៃកម្លាំងថាមពលទៅវិញទេ។
អ្នកស្រី សុធី បាននិយាយថា ” ខ្ញុំគិតថា វានឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាសប្បាយរីករាយជាងឆ្នាំមុន ពីព្រោះទេវតាសោយលោហិត ដូច្នេះមានន័យថា ប្រជាពលរដ្ឋនឹងមានកម្លាំងពលំខ្លាំងក្លា និងមានការចម្រើនលូតលាស់បន្ថែមទៀតនៅក្នុងរបរអាជីវកម្មរបស់ខ្លួន។ ទេវតានឹងនាំមកនូវកម្លាំងពលំដល់ប្រជាជនកម្ពុជា”។
នៅតូបក្បែរខាងនោះដែរ អ្នកស្រី ឈិត មុំ អាយុ៥១ឆ្នាំ ដែលអះអាងថា បានព្យាករពីការផ្អើលរត់ជាន់គ្នានៅស្ពានកោះពេជ្រដែលបានសម្លាប់មនុស្ស៣៥៣នាក់កាលពីឆ្នាំ២០១០នោះ បាននិយាយថា ព្រលឹងបានចូលសណ្ឋិតក្នុងខ្លួនរបស់អ្នកស្រី ហើយបាននិយាយមកកាន់អ្នកស្រីអំពីអនាគតនឹងកើតឡើង។
អ្នកស្រី មុំ បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ឲ្យប្រុងប្រយ័ត្នបន្ថែមទៀតនៅឆ្នាំនេះ ពីព្រោះទេវតាព្រះនាម រាគ្យសទេវី នឹងមិនការពារយើងពីការស្លាប់ឡើយ។
អ្នកស្រីបានបន្ថែមថា ” មនុស្សជាច្រើននឹងស្លាប់ ហើយទេវតាមិនអាចការពារពួកយើងបានទេ ពីព្រោះទេវតាសោយលោហិត។ មនុស្សទាំងអស់ត្រូវរួសរាយរាក់ទាក់ដាក់គ្នាឲ្យបានច្រើន ហើយដោះស្រាយបញ្ហាដោយការពិភាក្សាគ្នា ពីព្រោះទេវតាមិនមើលថែយើងគ្រប់ពេលវេលានោះឡើយ”៕ សារុន