34 C
Phnom Penh

និស្សិត​ខ្មែរ​អុីស្លាម​នឹង​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ បន្ទាប់ពី​ភៀស​ខ្លួន​ពី​ប្រទេស​យេម៉ែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ជម្លៀស​ខ្លួន​​​និស្សិត​ខ្មែរ​ចំនួន​១៦​នាក់​ដែល​​​បាន​​​ទៅ​​​​សិក្សា​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​​​កំពុង​​​​ហែក​ហួរ​ទៅ​ដោយ​សង្គ្រាម​​​នោះ​​​​ជិត​​ឈាន​ដល់​​ការ​សម្រេច​ហើយ។

បន្ទាប់ពី​ក្រុម​សកម្មយុទ្ធ​ Houthis បាន​ចាប់​ផ្ដើម​​បើក​ការ​វាយ​ប្រហារ​លើ​កង​​​កម្លាំង​រដ្ឋាភិបាល​នៅ​​ភាគ​ខាង​ត្បូង​ក្រុង​កំពង់ផែ​អាដេន កាលពី​ចុង​ខែ​មុន កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​លើ​ទីតាំង​របស់​ក្រុម ​​Houthis នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​រដ្ឋ​ធានី​សា​​​ណា​ផង​​​ដែរ​​​។

ខណៈ​ការ​ទម្លាក់​គ្រាប់​​បាន​ចាប់​ផ្ដើម​ និស្សិត​​​ឈ្មោះ​​​ តត ឌីអ៊ែល អាយុ​២៣​ឆ្នាំ​ មកពី​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា ខ្លួន​​​បាន​ជាប់​នៅ​ក្នុង​រដ្ឋធានី​សា​​​ណា​ ហើយ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​​​​​មិន​ហ៊ាន​​​ប្រថុយ​​​​ចាក​ចេញពី​រដ្ឋធានី​នេះ​ឡើយ​​​​។​​​

និស្សិត​​​រូប​នេះ​​បាន​និយាយ​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ពី​ប្រទេស​អូម៉ង់ ជាទី​ដែល​ខ្លួន​ត្រូវ​បាន​ជម្លៀស​​ពី​​​ប្រទេស​យេម៉ែន​​​​​មក​កាលពី​ចុង​សប្ដាហ៍​ថា ” ខ្ញុំ​មិន​​អាច​សូម្បី​តែ​ចេញ​​ទៅ​អើត​មើល​នៅ​​​ខាង​ក្រៅ​ ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​។ ខ្ញុំ​ឮ​សំឡេង​​បាញ់​គ្នា​ ហើយ​ខ្ញុំ​មានអារម្មណ៍​ខ្លាច​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​មិន​ដែល​ជួប​ស្ថានភាព​បែប​នេះ​ទេ​ពីមុន​មក​”។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃ​ពុធ អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា មនុស្ស​ជិត​៥៥០​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ប្រទេស​យេម៉ែន​កាលពី​២​សប្ដាហ៍​មុន ក្នុង​នោះ​រួម​មាន​កុមារចំនួន​៧៤​នាក់​ផងដែរ។ ពេល​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ក្នុង​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃ​សុក្រ លោក Johannes van der Klaauw អ្នក​សម្រប​សម្រួល​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​យេម៉ែន​បាន​មាន​ប្រសាសន៍​ថា​ ” ស្ថាន​ភាព​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​យេម៉ែន​ គឺ​កាន់​តែ​អាក្រក់ទៅៗ​ពី​មួយ​ម៉ោងៗ​”។

និស្សិត​ ឌីអ៊ែល ដែល​លើក​ឡើង​ថា ខ្លួន​បាន​សិក្សា​នៅ​ក្នុង​ប្រទេស​យេម៉ែន​អស់​រយៈ​ពេល​ប្រហែល​១ឆ្នាំ​នោះ គឺ​ជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ខ្មែរ​អុីស្លាម​យ៉ាង​តិច​២០​នាក់ ដែល​បាន​​​ទៅ​​​​សិក្សា​សាសនា​អុីស្លាម និង​ភាសា​អារ៉ាប់​នៅ​ក្នុង​ប្រទេស​យេម៉ែន​នេះ​។

កាលពី​សប្ដាហ៍​មុន ក្រសួង​ការ​បរទេស​បាន​លើក​ឡើង​ថា ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​យេម៉ែន​​កំពុង​មើល​ថែទាំ​​និស្សិត​ដែល​រង់ចាំ​គេ​ទៅ​ជម្លៀស​។

លោក​ អូស្មាន់ ហាសាន់ រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ​ និង​ជា​​ប្រធាន​សមាគម​ខ្មែរ​អុីស្លាម​នៅ​កម្ពុជា បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា​ មាន​តែ​និស្សិត​ចំនួន​១៦​នាក់​ប៉ុណ្ណោះ​ដែល​បាន​សម្រេច​ចិត្ត​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​អូម៉ង់។

លោក​បាន​មាន​ប្រសាសន៍​ថា ” និស្សិត​ចំនួន​បួន​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ប្រឡង​ ហើយ​នៅ​ពេល​ពួកគេ​ប្រឡង​ចប់ ពួកគេ​នឹង​ធ្វើ​ដំណើរ​មក​ស្រុក​​កំណើត​វិញ”។ លោក​បាន​បន្ថែម​ថា សាលា​ដែល​ពួកគេ​រៀន​​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​យេម៉ែន។

លោក​​ អូស្មាន់ ហាសាន់ បាន​លើក​ឡើង​ទៀត​ថា និស្សិត​ដែល​សម្រេច​ឆ្លង​ព្រំដែន​ទាំង​១៦​នាក់​នេះ​ គ្រោង​ធ្វើ​ដំណើរ​ចាក​ចេញពី​រដ្ឋធានី​​ម៉ាស្កាត​របស់​ប្រទេស​អូម៉ង់ នៅ​យប់​មិញ ហើយ​គេ​រំពឹង​ថា នឹង​មក​ដល់​រាជធានី​​ភ្នំពេញ​នៅ​ម៉ោង​​៣រសៀល​ថ្ងៃ​នេះ​។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​សិង្ហបុរី​កាលពី​ម្សិល​មិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ រដ្ឋាភិបាល​សិង្ហបុរី​បាន​រៀបចំ​រថយន្ត​មួយ​គ្រឿង​កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ទៅ​ដឹក​ពល​រដ្ឋ​សិង្ហបុរី​ចំនួន​ប្រាំបី​នាក់​ និង​ពលរដ្ឋ​នៃ​ប្រទេស​ចំនួន​ប្រាំមួយ​ផ្សេងទៀត ដែល​​រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផងនោះ ពី​ក្រុង​តារីម ប្រទេស​យេម៉ែន​ទៅ​កាន់​ក្រុង​សាឡាឡាហ្វ ប្រទេស​អូម៉ង់។

ក្រសួង​ការ​បរទេស​សិង្ហបុរី​បាន​លើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយថា និស្សិត​ខ្មែរ​អុីស្លាម​ត្រូវ​បាន​បញ្ជូន​ឆ្លង​កាត់​ព្រំដែន​ដោយ​សុវត្ថិភាព។

ក្រសួង​នេះ​បាន​​និយាយ​ដូច្នេះ​ថា ” ស្ថានទូត​ម៉ាឡេស៊ី​បាន​ទៅទទួល​ពួកគេ​ ហើយ​បន្ទាប់​មក​ប្រគល់​ពួកគេ​ទៅ​ឲ្យ​លោក Mahmood [Alshahwarzi]”។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ លោក Alshahwarzi បាន​លើក​ឡើង​ថា ខ្លួន​គឺ​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុន Al Serkal។

លោក​បាន​​មាន​ប្រសាសន៍​ដោយ​បដិសេធ​មិន​រៀបរាប់​ច្រើន​ថា ” យើង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពល​រដ្ឋ​ខ្មែរ​អុីស្លាម និង​ទំនាក់​ទំនង​ជាមួយ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​”។

កាលពី​ខែ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​សម្ពោធ​ព្រះវិហារ​មូស្លីម​ដែល​សាង​សង់​អស់​ទឹក​ប្រាក់​២,៩​លាន​ដុល្លារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​ផ្ដល់​មូលនិធិ​ដោយ​លោក Eisa bin Nasser Alserkal ជា​ប្រធាន​ក្រុម​ហ៊ុន Alserkal មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឌុយបៃ។

លោក​ Alshahwarzi បាន​លើក​ឡើង​ទៀត​ថា និស្សិត​ខ្មែរ​អុីស្លាម​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​សាឡាឡាហ្វ​ទៅ​រដ្ឋធានី​ម៉ាស្កាត​កាលពី​ម្សិលមិញ ជា​ទី​ដែល​ពួកគេ​នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កំណើត​វិញ​នៅ​ម៉ោង​១១និង​៣០​នាទី​យប់​តាម​រយៈ​​ក្រុម​ហ៊ុន​អាកាសចរណ៍ Qatar Airways។

នៅ​ក្នុង​កិច្ច​សម្ភាស​កាលពី​ម្សិលមិញ និស្សិត​ខ្មែរ​អុីស្លាម​ទាំង​នេះ​និយាយ​ថា ខ្លួន​មាន​​អាយុ​ចន្លោះ​ពី​២៣​ឆ្នាំ​ដល់​៣០​ឆ្នាំ ហើយ​បាន​ទៅ​ប្រទេស​យេម៉ែន​ដើម្បី​​​ស្វែង​យល់​ឲ្យ​កាន់​​តែ​ច្បាស់​អំពី​សាសនា​អុីស្លាម​ និង​ភាសា​អារ៉ាប់​។

លោក Alberto Perez Pereiro អ្នក​ជំនាញ​ខាង​សាសនា​អុីស្លាម​នៅ​​កម្ពុជា​បាន​លើក​ឡើង​ថា ប្រទេស​យេម៉ែន​គឺ​ជា​ជម្រើស​មួយ​ដ៏ពេញ​និយម​សម្រាប់​និស្សិត​ដែល​ចង់​រៀន​​ភាសា​អារ៉ាប់ ព្រោះ​ថា ការ​ចំណាយ​លើ​ការ​រស់​នៅ​ និង​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​នេះ​អស់​តិច​ជាង​នៅ​ក្នុង​​ប្រទេស​ផ្សេង​​​​ៗ​​​ដែល​នៅ​ក្បែរ​​ប្រទេស​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ភាសា​អារ៉ាប់​នៅ​ទីនោះ​ គឺ​មាន​ភាព​ច្បាស់​លាស់​”។ លោក​បាន​ពន្យល់​ថា ទម្រង់​ភាសា​នៅ​​ក្នុង​ប្រទេស​យេម៉ែន​គឺស្រដៀង​ទៅ​នឹង​ភាសា​អារ៉ាប់​ជំនាន់​ដើម។

ទោះបី​ជា​និស្សិត​ខ្មែរ​អុីស្លាម​ទាំង​នេះ​និយាយ​ថា ខ្លួន​សប្បាយ​ចិត្ត​ដែល​ទីបំផុត​​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ក៏ដោយ តែ​និស្សិត​ខ្មែរ​អុីស្លាម​មក​ពី​ខេត្ត​កំពង់ឆ្នាំង​​បាន​លើក​ឡើង​ថា ពួកគេ​ក៏​មាន​ការ​សោក​ស្ដាយ​ផង​​​ដែរ​ដែល​ចាក​ចោល​ការ​សិក្សា​របស់​ខ្លួន។

និស្សិត​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​បាន​និយាយ​ថា ” យើង​ក៏មាន​ការ​ខក​ចិត្ត​ដែរ​ ព្រោះ​យើង​នឹង​ខក​ខាន​ក្នុង​ការ​សិក្សា​នៅ​ទីនោះ”៕ ស៊ុយឈាង​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស