28 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​នឹង​បន្ត​សាក​សួរ​អតីតប្រធាន​សាលាដំបូង​​រាជធានី​ បន្ទាប់​ពី​បុណ្យ​ចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​​បានមាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា លោក​មាន​គម្រោង​បន្ត​សាកសួរ​​លោក អាំង​ មាលតី ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែលត្រូវ​បាន​បណ្តេញ​ចេញ​​បន្ទាប់ពី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ដែលបាន​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក អាំង​ មាលតី ត្រូវបាន​សាក​សួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​កាលពី​ថ្ងៃ​អង្គារ​ និង​ថ្ងៃ​ពុធ​​​សប្តាហ៍មុន​​​បន្ទាប់ពី​លោក​ត្រូវបាន​ដក​ចេញ​កាលពី​ខែកុម្ភៈ តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​បន្ទាប់ពី​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​​បាន​លើកឡើង​នៅក្នុង​សុន្ទរកថាមួយ​ថា មន្ត្រី​តុលាការ​បានទទួល​សំណូក​រាប់លាន​ដុល្លារ​ក្នុងការ​ដោះលែង​​ឪពុកម្តាយឧត្តម​សេនីយ៍ ថោង សារ៉ាត់ ដែលកំពុង​រត់​គេច​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​ដែល​អ្នក​ទាំង​ពីរ​ជាប់ពន្ធនាគារ​តាម​ការ​ចោទប្រកាន់​ពី​បទ​លាក់ទុក​​អាវុធ​។

​ទូរទស្សន៍BTV ដែល​គ្រប់គ្រង​ដោយ​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​របស់លោក​ ហ៊ុន សែន បាន​រាយការណ៍កាលពី​ថ្ងៃពុធ​ថា ករណី​របស់លោក អាំង​ មាលតី​ នឹងត្រូវ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញនៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិន​បាន​កើតឡើង​ទេ។

នៅពេល​ត្រូវ​បាន​សួរ​ថា តើ​ការ​សាកសួរ​លោក អាំង​ មាលតី​ ធ្វើ​ឡើង​នៅពេល​ណានោះ លោក ឱម យ៉ិនទៀង បានមាន​ប្រសាសន៍នៅក្នុង​សារ​ជា​អក្សរ​ថា “មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​​ក្នុងរយៈពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំខ្មែររួច”។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូបនេះ​​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរបន្ថែម​ឡើយ​។ លោក អាំង​ មាលតី ​ក៏ត្រូវ​បានសាកសួរ​ជុំវិញ​ការ​ប្រើ​រថយន្ត​​ Range Rover របស់​កូន​ប្រុស​លោក​ដែល​ត្រូវបាន​ដក​ហូត​ពី​បុរស​ម្នាក់​​ជាប់ចោទ​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀនផងដែរ។

ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​អតីត​ចៅ​ក្រម​រូបនេះ​កាលពី​ថ្ងៃទី​៦ ខែ​មេសាហើយ​ ប៉ុន្តែ​​បាន​បដិសេធ​​មិន​បង្ហាញ​លទ្ធផល​ឡើយ៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស