26 C
Phnom Penh

នំអន្សម​​​យក្ស​​​កម្ពុជា​​​ឈ្នះ​​​ក្នុង​​​កំណត់​​​ត្រា​​​ថ្មី​​​​​​​​​ជា​​​នំ​​​អន្សម​​​ធំ​​​​​​ជាង​គេ​​​លើ​​​ពិភពលោក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​​​សៀម​​​រាប-ចៅ​​​ក្រម​​​របស់​​​សៀវភៅ​​​​​​កំណត់​​​ត្រា​​​​វត្ថុ​​​ប្លែកៗ​​​លើ​​​​​ពិភព​​​លោក​​​ (Guinness World Records) បាន​​​ចាប់​​​​​​ផ្តើម​​​​​​​​​​​​​​ព្រឹត្តិការណ៍​​​អង្គរ​​​សង្ក្រាន្ត​​​ឆ្នាំ​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដោយ​​​ប្រកាស​​​ជា​​​ផ្លូវ​​​ការ​​​ថា នំ​​​អន្សម​​​ទម្ងន់​​​៤តោន​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​សម្រាប់​​​ការ​​​ប្រារព្ធ​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ប្រពៃ​​​ណី​​​ខ្មែរ គឺជា​​​នំ​​​អន្សម​​​ដែល​​​​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​និង​​​ធំ​​​ជាង​​​គេ​​​លើ​​​ពិភព​​​លោក​​​។

នៅ​​​ក្នុង​​​ពិធី​​​ដ៏​​​ពិសេស​​​មួយ​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​មុខ​​​ទី​​​លាន​​​ជល់​​​ដំរីនា​​​ពេល​​​ល្ងាច​​​មុន​​​ពិធី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ប្រពៃណី​​​ខ្មែរ ដែល​​​នឹង​​​ប្រព្រឹត្តទៅ​​​នៅ​​​ថ្ងៃ​​​នេះ ​​​លោក​​​ស្រី សីដា ស៊ូបាស៊ី ជេមីគី (Seyda Subasi Gemici) ជា​​​​​​ចៅ​​​ក្រម​​​របស់​​​​​​សៀវភៅ​​​កំណត់​​​ត្រា​​​ពិភព​​​លោក​​​ មក​​​ពី​​​ប្រទេស​​​អាល្លឺ​​​ម៉ង់​​​បា​​​ន​​​លើក​​​ឡើង​​​ថា នំអន្សម​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​ត្រូវ​​​តាម​​​លក្ខន្តិកៈ​​​ផ្លូវ​​​ការ​​​របស់សៀវភៅ​​​​​​​​​កំណត់​​​ត្រា​​​ពិភព​​​លោក​​​។

លោក​​​ស្រី ជេមីគី​​​ បាន​​​ប្រាប់​​​មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ខាង​​​មុខ​​​នំ​​​អន្សម​​​យក្ស​​​ថា “ដើម្បី​​​ឲ្យ​​​មាន​​​លក្ខណៈ​​​សម្បត្តិ​​​គ្រប់គ្រាន់​​​​​​​​​ក្នុង​​​ការ​​​ឈ្នះ​​​​​​កំណត់​​​ត្រា​​​ពិភព​​​លោក​​​ គោល​​​ការណ៍​​​ណែនំា​​​​​​អន្តរជាតិ​​​របស់​​​សៀវភៅ​​​​​​​​​កំណត់​​​ត្រា​​​ពិភព​​​លោក​ត្រូវ​​​តែ​​​អនុវត្ត​​​តាម​​​”។

លោកស្រី​​​បាន​​​ពន្យល់​​​ថា “គោល​​​ការណ៍​​​ណែនាំ​​​​​​​​​នេះចែង​​​ថា នំអន្សម​​​ត្រូវ​​​តែ​​​មាន​​​ទម្ងន់​​​យ៉ាង​​​តិច​​​៣,២៥០​​​គីឡូក្រាម​​​ ហើយ​​​យ៉ាង​​​ហោច​​​ណាស់​​​​​​​​​​​​ត្រូវ​​​តែ​​​មាន​​​អង្ករ​​​ដំណើប​​​ សណ្ដែក​​​បាយ​​​ ខ្ទិះ​​​ដូង​​​ និង​​​ស្លឹក​​​ចេក​​​ រួច​​​យក​​​ចំណង​​​មក​​​ចង​​​រុំ​​​ជុំ​​​វិញ​​​នំ”។

ដោយ​​​ថ្លឹង​​​ឃើញ​​​ថា មាន​​​ទម្ងន់​​​៤តោន​​​ ហើយ​​​ធ្វើ​​​ឡើង​​​ពី​​​​​​គ្រឿង​​​ផ្សំ​​​ដូច​​​ជា​​​អង្ករ​​​ដំណើប​​​ទម្ងន់​​​១​​​តោន​​​ ខ្ទិះ​​​ដូង​​​៥០០គីឡូក្រាម អំបិល​​​១៥​​​គីឡូក្រាម​​​ សណ្តែក​​​បាយ​​​៥០០គីឡូក្រាម សាច់​​​ជ្រូក​​​បី​​​ជាន់​​​៥០០គីឡូក្រាម និង​​​ស្លឹក​​​ចេក​​​៣៣៣គីឡូក្រាមនោះ​​​​​​ នំអន្សម​​​នេះ ត្រូវ​​​តាម​​​​​​អ្វី​​​ដែល​​​គេ​​​បានកំណត់​​​។

លោក​​​ស្រី​​​ ជេមីគី​​​ បាន​​​មាន​​​ប្រសាសន៍​​​ពេល​​​បើក​​​ស្រោម​​​សំបុត្រ​​​មុន​​​ពេល​​​ប្រកាស​​​លទ្ធផល​​​ថា  ” ​​​​​​​​​​​​​​សូម​​​ពេល​​​មួយ​​​ភ្លែត”។ លោកស្រី បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា​​​ “ខ្ញុំ​​​មាន​​​ក្តី​​​សោមនស្ស​​​រីករាយ​​​យ៉ាង​​​ខ្លាំង​​​ជា​​​ពន់​​​​​​ពេក​​​ក្នុង​​​ការ​​​​​​​​ប្រកាស​​​​​​​​​ពី​​​ការ​​​ឈ្នះ​​​​​​​​​ក្នុង​​​កំណត់​​​ត្រា​​​ថ្មី​​​របស់​​​សៀវ​​​ភៅ​​​កំណត់​​​ត្រា​​​ពិភព​​​លោក​​​​​​​​​សម្រាប់​​​នំអន្សម​​​​​​ធំជាង​​​គេ​​​លើពិភព​​​លោក ដែល​​​មាន​​​ទម្ងន់​​​៤,០៤០​​​គីឡូក្រាម​​​”។

លោក​​​ស្រី​​​បាន​​​ប្រសាសន៍​​​បន្ថែម​​​ដោយ​​​បង្ហាញ​​​ពី​​​វិញ្ញាបនបត្រ​​​របស់​​​សៀវភៅ​​​កំណត់​​​ត្រា​​​ពិភព​​​លោក​​​​​ថា “សូម​​​អប​​​អរ​​​សាទរ ​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​​​​ត្រូវ​​​បាន​​​គេ​​​ទទួល​​​ស្គាល់​​​​​​​​​ជា​​​ផ្លូវ​​​ការ​​​ហើយ​​​​​​”។

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​ដឹក​​​នាំ​​​សហភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា​​​ ដែល​​​រៀប​​​ចំ​​​ព្រិត្តិការណ៍​​​អង្គរ​​​សង្ក្រាន្ត​​​ប្រចាំ​​​ឆ្នាំ​​​បាន​​លើក​​​ឡើង​​​ថា ការ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​អន្តរ​​​ជាតិ​​​ទទួល​​​ស្គាល់​​​ និង​​​គោរព​​​កម្ពុជា​​​។

លោក​​​ ហ៊ុន​​​ ម៉ានី ដែល​​​ក៏​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដែរ​​​នោះ​​​បាន​​​ប្រាប់​​​ទស្សនិកជន​​​ថា “ខ្ញុំ​​​មាន​​​មោទនភាព​​​ជា​​​ខ្លាំង​​​ដែល​​​បាន​​​កើត​​​មក​​​ជា​​​កូន​​​ខ្មែរ​​​ ហើយ​​​នៅ​​​ថ្ងៃ​​​នេះ​​​យើង​​​ក្លាយ​​​ជា​​​អ្នក​​​ដែល​​​មាន​​​នំអន្សម​​​យក្ស ហើយ​​​ពិភព​​​លោក​​​នឹង​​​ទទួល​​​ស្គាល់​​​[ការ​​​ពិត​​​នេះ​]​​​​​ចាប់​​​ពី​​​ពេល​​​​​នេះ​​​ទៅ”។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ការ​​​ខិត​​​ខំ​​​របស់​​​យើង​​​គឺ​​​កើត​​​ចេញ​​​ពី​​​ស្មារតី​​​ និង​​​គោល​​​ដៅ​​​តែ​​​មួយ​​​ក្នុង​​​ការ​​​ធ្វើ​​​នំអន្សម​​​យក្ស ដើម្បី​​​ធ្វើ​​​ឲ្យ​​​គេ​​​ឯង​​​ និង​​​ឆាក​​​អន្តរ​​​ជាតិ​​​ដឹង​​​ថា អ្វី​​​ទៅ​​​គឺ​​​ជា​​​កម្ពុជា​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ និង​​​អ្វី​​​ដែល​​​កើត​​​ចេញ​​​ពី​​​ការ​​​រួប​​​រួម​​​គ្នា​​​របស់​​​យើង​​​”។

លោក ហ៊ុន សែន និង​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​នឹង​​​បើក​​​​​​ព្រិត្តិការណ៍​​​អង្គរ​​​សង្ក្រាន្ត​​​នៅ​​​​​ក្នុង​​​ថ្ងៃ​​​នេះ ដោយ​​​មាន​​​អ្នក​​​ចូល​​​​​​រួម​​​គ្រោង​​​មក​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ញាំ​​​នំអន្សម​​​​​​នៅ​​​ព្រឹក​​​នេះ ៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស